កំណត់ត្រាខ្ពស់បំផុតនៃអត្រាគ្មានការងារធ្វើនៅក្នុងប្រទេសម៉ាឡេស៊ីក្នុងរយៈពេល ៣០ឆ្នាំ

AKP ភ្នំពេញ ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២០​ — អត្រាគ្មានការងារធ្វើរបស់ប្រទេសម៉ាឡេស៊ីក្នុងខែមេសា បានកើនឡើងដល់៥ភាគរយ ដែលជាកម្រិតខ្ពស់បំផុតចាប់តាំងពីឆ្នាំ ១៩៩០ មក ចំពេលដែលមានបទបញ្ជាគ្រប់គ្រងចលនា (MCO) បានអនុវត្តដើម្បីការពារការរីករាលដាលនៃជំងឺរាតត្បាតកូវីដ-១៩។

ការបិទប្រតិបត្តិការសម្រាប់អាជីវកម្មភាគច្រើនក្នុងអំឡុងពេល MCO បានបណ្តាលឱ្យបាត់បង់ការងារ ហើយអ្នកស្វែងរកការងារស្ទើរតែមិនអាចរកការងារធ្វើបាន។

យោងតាមនាយកដ្ឋានស្ថិតិរបស់ប្រទេសនេះបានឱ្យដឹងថា ចំនួនប្រជាជនដែលបាត់បង់ការងារបានកើនឡើងដល់ ៧៧៨.៨០០នាក់ ដែលកើនឡើង ៤៨,៨ភាគរយបើប្រៀបធៀបទៅនឹងឆ្នាំមុន។

ចំនួនប្រជាជនធ្វើការបានថយចុះ ១៥៦.៤០០នាក់ ឬ ១ភាគរយពីមួយឆ្នាំទៅមួយឆ្នាំមកនៅត្រឹម ១៤,៩៣លាននាក់។

នាយកដ្ឋាននេះបាននិយាយថា អ្នកដែលទទួលរងផលប៉ះពាល់ខ្លាំងជាងគេ គឺនៅក្នុងវិស័យផលិតកម្មនិងសេវាកម្ម ដូចជាកន្លែងស្នាក់នៅ ម្ហូបអាហារ និងភេសជ្ជៈ សិល្បៈការកម្សាន្ត ព្រមទាំងសេវាកម្សាន្ត និងសេវាកម្មផ្សេងៗទៀតដូចជាមជ្ឈមណ្ឌលថែរក្សាសម្ផស្ស និងហាងអ៊ុតសក់ជាដើម៕

(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)