ប្រទេសថៃអនុម័តកញ្ចប់ថវិកាជំរុញវិស័យទេសចរណ៍ ក្នុងស្រុកចំនួន ៧២០លានដុល្លារអាមេរិក

AKP ភ្នំពេញ ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២០​ — កាលពីថ្ងៃទី១៦ ខែមិថុនា គណៈរដ្ឋមន្រ្តីថៃបានអនុម័តកញ្ចប់វិកាជំរុញទេសចរណ៍ក្នុងស្រុកមួយដែលមានតម្លៃ ២២,៤ប៊ីលានបាត (៧២០លានដុល្លារអាម៉េរិក) ដើម្បីធ្វើឱ្យប្រសើរឡើងវិញនូវវិស័យសំខាន់មួយនេះដែលរងគ្រោះដោយជំងឺរាតត្បាតកូវីដ-១៩ ។

អ្នកនាំពាក្យរងរដ្ឋាភិបាលលោកស្រី Traisuree Taisaranakul បានថ្លែងថា សកម្មភាពជំរុញដែលស្នើឡើងដោយក្រសួងទេសចរណ៍ និងកីឡា និងក្រសួងហិរញ្ញវត្ថុនេះនឹងដំណើរការចាប់ពីខែកក្កដា ដល់ខែតុលា។

កញ្ចប់ថវិកាដំបូងចំនួន ១៨ប៊ីលានបាត នឹងផ្តល់ប្រាក់ឧបត្ថម្ភសម្រាប់ការស្នាក់នៅ អាហារ និងសេវាកម្មផ្សេងៗទៀតដែលបានផ្តល់ជូននៅគោលដៅទេសចរណ៍។

ថវិកាចំនួន ២,៤ប៊ីលានបាត នឹងផ្តល់សម្រាប់ការធ្វើដំណើរវិស្សមកាលសម្រាប់អ្នកស្ម័គ្រចិត្តសុខាភិបាល និងមន្រ្តីនៅមន្ទីរពេទ្យនៃអនុស្រុកចំនួន ១,២លាននាក់ ដែលនឹងប្រើប្រាស់សេវាកម្មរបស់ក្រុមហ៊ុនទេសចរណ៍។

ថវិកានៅសល់ ២ប៊ីលានបាត នឹងត្រូវឧបត្ថម្ភធនថ្លៃហោះហើរក្នុងស្រុកសម្រាប់ការធ្វើដំណើរសរុបចំនួន ២លានដង។

វិស័យទេសចរណ៍ដែលមានចំនួនប្រមាណ ២០ភាគរយនៃផលិតផលក្នុងស្រុកសរុប (GDP) របស់ថៃស្ថិតក្នុងចំណោមវិស័យដំបូងដែលរងផលប៉ះពាល់ដោយជំងឺកូវីដ-១៩។

ប្រទេសថៃបានឃើញការធ្លាក់ចុះយ៉ាងខ្លាំងចំនួន ៥៨,២ភាគរយក្នុងដំណើរកម្សាន្តក្នុងស្រុកក្នុងរយៈពេល ៥ខែដំបូងនៃឆ្នាំ ២០២០ ដែលជាលទ្ធផលធ្វើឱ្យខាតបង់ប្រាក់ចំណូលចំនួន ៥៧,៩ភាគរយ។

ទិន្នន័យរបស់អាជ្ញាធរទេសចរណ៍ថៃបានបង្ហាញថា ចំនួនភ្ញៀវទេសចរបរទេសបានធ្លាក់ចុះ ៦០ភាគរយនៅក្នុងខែមករា ដល់ខែឧសភា មកនៅត្រឹមចំនួន ៦,៦៩លាននាក់។ ការចំណាយពីភ្ញៀវទេសចរបរទេសបានធ្លាក់ចុះ ៥៩,៦ភាគរយ ស្មើនឹង ៣៣២ប៊ីលានបាត៕

(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)