គ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួត នៅតែជាបញ្ហាប្រឈមសំខាន់សម្រាប់តំបន់ទន្លេមេគង្គ

AKP ភ្នំពេញ ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២០​ — របាយការណ៍ថ្មីមួយរបស់គណៈកម្មាធិការទន្លេមេគង្គ (MRC) បាននិយាយថា ទឹកទន្លេទាបខ្លាំង និងការជន់លិចសហគមន៍ផ្សេងគ្នានៅតាមដងទន្លេមេគង្គកាលពីឆ្នាំមុន និងការកើនឡើងនូវភាពរាំងស្ងួតដែលបានកើតឡើងនៅតំបន់ជាច្រើននៃតំបន់នេះនៅក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ស្ថិតក្នុងចំណោមសញ្ញានានាដែលបង្ហាញថា តំបន់ទន្លេមេគង្គកំពុងប្រឈមមុខនឹងហានិភ័យកើនឡើងពីព្រឹត្តិការណ៍អាកាសធាតុធ្ងន់ធ្ងរ និងការអភិវឌ្ឍ។

យោងតាមរបាយការណ៍ប្រចាំឆ្នាំរបស់ MRC ដែលចេញផ្សាយកាលពីថ្ងៃទី ១៦ ខែមិថុនា បានឱ្យដឹងថា ការជំរុញកិច្ចខិតខំប្រឹងប្រែងក្នុងតំបន់ដើម្បីផ្តល់ការព្យាករណ៍លឿន និងត្រឹមត្រូវជាងមុន ស្តីពីទឹកជំនន់និងគ្រោះរាំងស្ងួត ព្រមទាំងការពង្រីកបណ្តាញត្រួតពិនិត្យឧតុនិយមដើម្បីប្រមូលទិន្នន័យនៅក្នុងអាង គឺមានសារៈសំខាន់ក្នុងការដោះស្រាយបញ្ហាទាំងនេះ។

លោក An Pich Hatda ប្រធានប្រតិបត្ដិនៃលេខាធិការដ្ឋាន MRC បាននិយាយថា «គ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួត បានជះឥទ្ធិពលមកលើតំបន់របស់យើងនាពេលថ្មីៗនេះ ហើយយើងត្រូវការកិច្ចសហការគ្នាក្នុងតំបន់កាន់តែខ្លាំងឡើង»។

លោកបាននិយាយថា «បណ្តាប្រទេសនៅតាមដងទន្លេមេគង្គក្រោមត្រូវបង្កើនកិច្ចខិតខំប្រឹងប្រែងរួមគ្នាដើម្បីដោះស្រាយបញ្ហាដែលពួកគេកំពុងប្រឈមនាពេលបច្ចុប្បន្ន និងទៅអនាគត ឧទាហរណ៍ដោយធានានូវតម្លាភាព គុណភាព និងពេលវេលាក្នុងការចែករំលែកទិន្នន័យទឹក»។

លោកបាននិយាយបន្ថែមថា «ការធ្វើទំនើបកម្មប្រព័ន្ធទិន្នន័យដែលមានស្រាប់ដោយប្រើបច្ចេកវិទ្យាជឿនលឿន គឺជាការចាំបាច់»។

របាយការណ៍ ១០០ទំព័រដែលផ្តោតទៅលើការរីកចម្រើន និងសមិទ្ធិផលសំខាន់ៗដែលគណៈកម្មការទន្លេមេគង្គបានរកឃើញកាលពីឆ្នាំមុននិយាយថា «គ្រោះរាំងស្ងួតធ្ងន់ធ្ងរនៅក្នុងអាងទន្លេមេគង្គក្រោម (LMB) បានបង្កការខាតបង់សេដ្ឋកិច្ចយ៉ាងខ្លាំង ដោយសារតែការខូចខាតដំណាំកសិកម្ម ផលប៉ះពាល់អវិជ្ជមានដល់បរិស្ថាន និងផលប៉ះពាល់អវិជ្ជមានដល់ជីវភាពរស់នៅរបស់ប្រជាជន»។

យោងតាម MRC ដែលបានកត់សម្គាល់ថា ជាឧទាហរណ៍នៃភាពរាំងស្ងួតក្នុងឆ្នាំ ២០១៦ បាននាំមកនូវការខាតបង់សេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរដល់ប្រទេសថៃដែលបានប៉ាន់ប្រមាណថា មានចំនួន ១,៧ប៊ីលានដុល្លារអាមេរិក ហើយ LMB ទំនងជានឹងជួបគ្រោះរាំងស្ងួតធ្ងន់ធ្ងរជាងនេះក្នុងរយៈពេល ៣០ឆ្នាំ ទៅ ៩០ឆ្នាំខាងមុខ៕

(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)