អគ្គលេខាធិការនៃអង្គការសុខភាពពិភពលោក ប្រគល់ពានពិសេសជូនដល់លោកវេជ្ជបណ្ឌិត មុំ គង់ នាយកអង្គការចលនាដើម្បីសុខភាពកម្ពុជា

AKP ភ្នំពេញ ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២០–

លោកវេជ្ជបណ្ឌិត មុំ គង់ នាយកប្រតិបត្តិអង្គការចលនាដើម្បីសុខភាពកម្ពុជា ទទួលបានពានពិសេសពីអគ្គលេ​ខាធិការអង្គការសុខភាពពិភពលោក (WHO) ចំពោះកិច្ចខិតខំប្រឹងប្រែង និងសមិទ្ធផលក្នុងការត្រួតពិនិត្យផលិតផលថ្នាំជក់នៅកម្ពុជា ដែលពានរង្វាន់ពិសេសនេះត្រូវបានប្រគល់ជូនកាលពីថ្ងៃអង្គារ ១១រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០ នៅទីស្នាក់ការអង្គការសុខភាពពិភពលោក ប្រចាំនៅកម្ពុជា។

សេចក្តីជូនដំណឹងរបស់អង្គការចលនា ដើម្បីសុខភាពកម្ពុជាបានលើកឡើងថា រយៈកាលជាង ២០ឆ្នាំ ក្នុងការប្រ​យុ​ទ្ធ​ប្រឆាំងនឹងថ្នាំជក់នៅកម្ពុជា លោកវេជ្ជបណ្ឌិតបានធ្វើការតស៊ូមតិ និងបានធ្វើយុទ្ធនាការជាច្រើនជាមួយស្ថាប័នពាក់ព័ន្ធ ប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន យុវជន ស្រ្តី គ្រូបង្រៀន ព្រះសង្ឃ និងជនរងគ្រោះដោយសារថ្នាំជក់ ក្នុងការជំរុញឱ្យមាន​ច្បា​ប់ស្ដីពីការត្រួតពិនិត្យផលិតផលថ្នាំជក់នៅកម្ពុជា ដែលច្បាប់នោះត្រូវបានអនុម័តនៅឆ្នាំ២០១៥។ ដូចដែលយើងបានដឹងហើយថា ឧបសគ្គចម្បងមួយក្នុងការបង្កើត និងអនុវត្តន៍ច្បាប់ស្តីពីការត្រួតពិនិត្យផលិតផលថ្នាំជក់​ គឺ​ការជ្រៀតជ្រែករបស់ឧស្សាហកម្មថ្នាំជក់។

ឆ្លើយតបនឹងបញ្ហានេះ យុទ្ធនាការ “ ដល់ពេលហើយ! ឈប់ចាញ់បោកក្រុមហ៊ុនថ្នាំជក់” ត្រូវបានបង្កើតឡើង ដើម្បីបំផុសឱ្យយុវជនចូលរួមក្នុងការទប់ស្កាត់ឧបា​យ​កលរបស់ឧស្សាហកម្មថ្នាំជក់។ នាពេលបច្ចុប្បន្នលោកវេជ្ជបណ្ឌិត មុំ គង់ បាននិងកំពុងដឹកនាំអង្គការចលនាដើម្បីសុខភាពកម្ពុជា ដើម្បីបន្តឆន្ទៈក្នុងការការពារ ត្រួតពិនិត្យផលិតផលថ្នាំជក់នៅកម្ពុជា ដើម្បីឈានទៅកាត់បន្ថយគ្រោះថ្នាក់ដល់អាយុជីវិត និងសេដ្ឋកិច្ចរបស់ពលរដ្ឋខ្មែរ ដែលបណ្ដាលមកពីការប្រើប្រា​ស់​ថ្នាំ ជក់។ លោកវេជ្ជបណ្ឌិត បានធ្វើការតាមដាននិងត្រួតពិនិត្យការអនុវត្តច្បាប់ស្តីពីការត្រួតពិនិត្យថ្នាំជក់ ជាទៀងទាត់ និងធ្វើរបាយការណ៍ជូនស្ថាប័នមានសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋាន ដើម្បីចាត់វិធានការ។

គួរបញ្ជាក់ថា តាមរយៈលទ្ធផល នៃការសិក្សាស្រាវជ្រាវ ពីការវិនិយោគលើការត្រួតពិនិត្យថ្នាំជក់នៅកម្ពុជាឆ្នាំ២០១៩ របស់កម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ អង្គការសុខភាពពិភពលោក និងលេខាធិការដ្ឋាន នៃអនុសញ្ញាស្ដីពី ការត្រួតពិនិត្យផលិតផលថ្នាំជក់ បានឱ្យដឹងថា ការប្រើប្រាស់ផលិត​ផ​ល​ថ្នាំជក់ធ្វើឱ្យប្រជាជនកម្ពុជាចំនួន ១៥.០០០នាក់ស្លាប់ជា​រៀងរាល់ឆ្នាំ ដែល៣៣ភាគរយ នៃអ្នកស្លាប់ទាំងអស់ កើតឡើងចំពោះប្រជាពលរដ្ឋដែលមានប្រាក់ចំណូលទាបបំផុត។ មិនតែប៉ុណ្ណោះ ការប្រើប្រាស់ថ្នាំជក់ បណ្តាលឱ្យខាតបង់ទឹកប្រាក់ចំនួន ៦៤៩លានដុល្លារអាម៉េរិក ដែលស្មើនឹង ៣ភាគរយ នៃផលិតផលក្នុងស្រុកសរុប (GDP) របស់កម្ពុជា។

នៅក្នុងសន្ទរកថារបស់លោកស្រីវេជ្ជបណ្ឌិត Li Ailan តំណាងអង្គការសុខភាពពិភពលោក ( WHO ) ប្រចាំប្រទេសកម្ពុជា ក្នុងពិធីប្រគល់ពានទិវាពិភពលោកគ្មានថ្នាំជក់ ២០២០ នៅការិ​យាល័យ​អង្គការសុខភាពពិភពលោកប្រចាំកម្ពុជា កាលពី​ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០ បានថ្លែងសរសើរថា វាជាកិត្តិយសក្រៃលែងចំពោះតំណាងអង្គការសុខភាពពិ​ភ​ព​លោកប្រចាំប្រទេសកម្ពុជា ក្នុងការរៀបចំពិធីប្រគល់ពានដ៏សំ​ខាន់មួ​យនេះ ដែលជាការប្រារព្ធទិវាពិភពលោកគ្មានថ្នាំជក់ ២០២០ ស្របពេលដែលអង្គការសុខភាពពិភពលោកទទួលស្គាល់បុគ្គល ឬស្ថាប័ន ចំពោះស្នាដៃឆ្នើម និងសមិទ្ធផលក្នុងវិស័យត្រួតពិនិត្យផលិតផលថ្នាំជក់ ដែលទទួលស្គាល់ដោយការិយាល័យទាំង ៦ប្រចាំតំបន់របស់ខ្លួន។

យើងពិតជាមានមោទនភាពណាស់ដែល “ពានពិសេសរបស់អគ្គលេ​ខាធិការនៃអង្គការសុខភាពពិភពលោក “ ត្រូវបានផ្ដល់ជូនដៃគូកម្មវិធីត្រួតពិនិត្យផលិតផលថ្នាំជក់របស់យើង គឺលោកវេជ្ជបណ្ឌិត មុំ គង់ នាយកប្រតិបត្តិអង្គការចលនាដើម្បីសុខភាពកម្ពុជា។ កម្មវិធីនេះគឺជាដំណើរការប្រកាសជាផ្លូវការបន្ទាប់ពីការជ្រើសរើស ដោយអង្គការសុខភាពពិភពលោកប្រចាំប្រទេសកម្ពុជា គាំទ្រដោយប្រធានការិយាល័យអង្គការសុខភាពពិភពលោកប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក មុនពេលអនុម័តចុងក្រោយដោយអគ្គលេខាធិការនៃអង្គការសុខភាពពិភពលោក។​

សុន្ទរកថាបានបញ្ជាក់ថា អ្នកជក់បារីងាយនឹងឆ្លងជំងឺកូវីដ-១៩ ដូចជា សកម្មភាពជក់បារី ដោយយកម្រាមដៃប៉ះមាត់ អាចចម្លងវីរុសពីដៃចូលទៅក្នុងមាត់។ អ្នកជក់បារីប្រហែលជាមានជំងឺសួត ឬសមត្ថភាពសួតចុះអន់ថយ ដែលវាអាចកើនឡើងហានិភ័យខ្ពស់នៃការកើតជំងឺធ្ងន់ធ្ងរ។ ឧបករណ៍ជក់ដូចជា បំពង់ជក់តែងតែបឺតរួមគ្នា និងទុយោដែលអាចចម្លងជំងឺកូវីដ-១៩ តាមរយៈការប្រើប្រាស់រួមគ្នាគ្នាដោយគ្មានរក្សាគម្លាតសង្គម។ យើងត្រូវតែបន្តតាមដានឱ្យទាន់នៅនឹងការវិវឌ្ឍយ៉ាងឆាប់រហ័សរបស់ឧស្សាហកម្មថ្នាំជក់ និងការរីកចម្រើនផលិតផលថ្នាំជក់ថ្មី ដើម្បីការពារយុវជនពីកលល្បិចអាក្រក់របស់ឧស្សាហកម្មថ្នាំជក់ និងឧស្សាហកម្មពាក់ព័ន្ធផ្សេងៗទៀត។ ប៉ុន្តែការប្រឹងប្រែងរបស់យើង មិនត្រូវធ្វើតែឯកឯងទេ ក្នុងនាមជាជើងឯកសុខភាពសាធារណៈ។ យើងត្រូវការជំរុញភាពក្លាហានយុវជនឱ្យក្រោកឈរតតាំងនឹងឧស្សា ហកម្មថ្នាំជក់ធំៗ ។​ យើងត្រូវអប់រំយុវជនឱ្យចេះទប់ទល់នឹងការស្វែងរកទីផ្សាររបស់ឧស្សាហកម្មថ្នាំជក់ បដិសេធគ្រប់ផលិតផលថ្នាំជក់ សារធាតុនីកូទីន និងផ្សព្វផ្សាយចំណេះដឹងទៅដល់យុវជនដទៃទៀត។ ទាំងអស់គ្នាយើងអាចសម្រេចបានជំនាន់គ្មានថ្នាំជក់៕ ដោយ៖ប៉ាល់ សុង