អភិបាលខេត្តនាំយកបច្ច័យ និងទេយ្យទានរបស់សាខាកាកបាទក្រហមកម្ពុជាខេត្ត ប្រគេនព្រះសង្ឃ ដើម្បីថ្វាយព្រះរាជកុសលសម្តេចព្រះមហាក្សត្រី ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម

AKP មណ្ឌលគិរី ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២០–

នៅវត្តសែនមនោរម្យ ស្ថិតនៅក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ព្រឹកថ្ងៃអង្គារ ១១រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តមណ្ឌលគិរី និងលោកជំទាវ សមាជិក សមាជិក សាខា រួមទាំងមន្ត្រីរាជការ មន្ទីរ អង្គភាពជុំវិញខេត្ត បានរៀបចំពិធីប្រគេនចង្ហាន់ និងទេយ្យ ទានដល់ព្រះសង្ឃចំនួន ១៥អង្គ ក្នុងឱកាសនៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ គម្រប់ ៨៤យាងចូល ៨៥ព្រះវស្សា ។

ឯកឧត្តម ស្វាយ សំអ៊ាង បានសម្តែងនូវក្តីអំណរសាទររីករាយឥតឧបមាប្រកបដោយទឹកចិត្តកតញ្ញូតាធម៌ ដ៏ជ្រាលជ្រៅថ្វាយចំពោះសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេក្តីថ្លៃថ្នូរ និងសុភមង្គល ដែលព្រះអង្គបានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយពល ព្រះបញ្ញាញាណដ៏ឈ្លាសវៃ និងព្រះរាជទ្រព្យផ្ទាល់ខ្លួន ក្នុងបុព្វហេតុសង្គម និងសាសនា ជាពិសេសព្រះរាជសកម្មភាពក្នុងបុព្វហេតុមនុស្សធម៌ ជួយដល់ប្រជារាស្រ្ត ជាកូន ជាចៅ ចៅទូត ចៅលូតរបស់ព្រះអង្គដែលជួបប្រទះការលំបាក ដោយសារគ្រោះធម្មជាតិ និងគ្រោះមហន្តរាយផ្សេងៗ។

នាឱកាសដ៏ថ្លៃថ្លានេះ ឯកឧត្តម ស្វាយ សំអ៊ាង បានគោរពថ្វាយចំពោះសម្តេចព្រះមហាក្សត្រី នូវព្រះមហាសព្វសាធុការពរ បវរសួស្តី មហាសិរីមង្គល វិបុលសុខ និងសូមបួង សួងដល់គុណព្រះរតនត្រ័យ ទសបារមី ទេវតារក្សាព្រះមហាស្វេតច្ឆត្រ បារមីព្រះវិញ្ញាណក្ខន្ធអតីតព្រះមហាក្សត្រ មហាក្សត្រីយានី ប្រោសព្រំថែរក្សាសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេក្តីថ្លៃថ្នូរ និងសុភមង្គល សូមព្រះអង្គមានព្រះសុខុមាលភាពបរិបូណ៌ ព្រះកាយពលំមាំមួន ព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា និងសូមទ្រង់ប្រកបតែព្រះពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

នៅក្នុងឱកាសដ៏មហានក្ខត្តឫក្សនេះ ប្រធានសាខា និងសមាជិក សមាជិក បាននាំយកចង្ហាន់ និង ទេយ្យទានមាន អង្ករ៣០០គីឡូក្រាម, ទឹកបរិសុទ្ធ៨កេស, ទឹកក្រូច៤កេស, សាដកចំនួន១៥, ប្រគេនព្រះសង្ឃចំនួន ១៥អង្គ ក្នុងមួយអង្គៗថវិកា ៥ម៉ឺនរៀល និងបច្ច័យចំនួន ២លាន១៥ម៉ឺនរៀល ប្រគល់ជូនគណៈកម្មាការវត្តចំនួន ០២ គឺវត្តសែនមនោរម្យ និងវត្តព្រះពុទ្ធមណ្ឌលគិរី ។ ដោយឡែកសម្រាប់យាយជី តាជី ចំនួន ២០នាក់ ក្នុងម្នាក់ៗទទួលបានថវិកា ២ម៉ឺនរៀល, តែ, ទឹកដោះគោ, ស្ករស, ធូប ទៀនផងដែរ៕ ដោយ៖ណយ នឿន (ប្រភពៈមន្ទីរព័ត៌មានខេត្តមណ្ឌលគិរី)