អគ្គនាយកដ្ឋានពន្ធដារពន្យារពេលការដាក់លិខិតប្រកាសពន្ធតាមអនឡាញ

វិទ្យុជាតិកម្ពុជា , វ៉ាង ភក្តី ១៧ ០៦ ២០២០៖

អគ្គនាយកដ្ឋានពន្ធដារ សម្រេចពន្យារកាលបរិច្ឆេទការប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងការដាក់លិខិតប្រកាសពន្ធតាមអនឡាញ ដើម្បីឲ្យអ្នកជាប់ពន្ធទាំងអស់មានលទ្ធភាពបង់ពន្ធគ្រប់ៗគ្នា។
ឯកឧត្តម គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ បានបញ្ជាក់ថា ពន្យារពេលនេះ មានរយៈពេល៣ខែ គិតចាប់ពីខែមិថុនា ដល់ខែសីហា ដើម្បីអ្នកជាប់ពន្ធដូចជាសហគ្រាស បានត្រៀមខ្លួនរួចរាល់សម្រាប់ការប្រើប្រាស់ប្រព័ន្ធនៃការដាក់លិខិតប្រកាសពន្ធតាមអនឡាញនេះ និងសម្រាប់ទុកពេលផ្តល់ការបណ្តុះបណ្តាលដល់បុគ្គលិកដែលជាអ្នកប្រើប្រាស់ប្រព័ន្ធនេះអនុវត្តការងារ ប្រកបដោយប្រសិទ្ធភាព និងភាពងាយស្រួល។
លិខិតជូនដំណឹងរបស់ឯកឧត្តម គង់ វិបុល នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០ បានបញ្ជាក់ថា ការដាក់ឲ្យប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងការដាក់លិខិតប្រកាសពន្ធតាមអនឡាញនេះ នឹងអនុវត្តចាប់ពីខែកញ្ញា ឆ្នាំ២០២០តទៅ ដោយអ្នកជាប់ពន្ធទាំងអស់ អាចជ្រើសរើសការអនុវត្តនៃការបំពេញទិន្នន័យតាមជម្រើសណាមួយ ក្នុងចំណោមជម្រើសទាំង៣ដូចជា៖ ទី១. ប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងការដាក់លិខិតប្រកាសពន្ធតាមប្រព័ន្ធអនឡាញ ស្របតាមរំហួរ និងនីតិវិធីជាធរមាន ដែលមានតាមសេចក្តីណែនាំរបស់ក្រសួងសេដ្ឋ កិច្ចនិងហិរញ្ញវត្ថុ កាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២០។ ទី២. ស្នើសុំទៅអគ្គនាយកដ្ឋានពន្ធដារ ដើម្បីធ្វើការតភ្ជាប់ប្រព័ន្ធ សម្រាប់គ្រឹះស្ថានធនាគារ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ រដ្ឋាករស្វយ័តទឹកភ្នំពេញ អគ្គិសនីកម្ពុជ និងវិស័យឯកជនមួយចំនួន ដែលមានបំណងតភ្ជាប់ប្រព័ន្ធគ្រប់គ្រងទិន្នន័យប្រកាសពន្ធ តាមរយៈបច្ចេកវិទ្យា(API) ជាមួយប្រព័ន្ធគ្រប់គ្រងការដាក់លិខិតប្រកាសពន្ធតាមប្រព័ន្ធអនឡាញ(E-Filing) របស់អគ្គនាយកដ្ឋានពន្ធដារ។ និងទី៣. ធ្វើការទាញយក(Download) កម្មវិធី Desktop Application ពីគេហទំព័ររបស់អគ្គនាយកដ្ឋានពន្ធដារ និងធ្វើការដំឡើង(Install) និងប្រើប្រាស់ កម្មវិធីនេះ ដើម្បីបញ្ចូលទិន្នន័យតាមរយៈទម្រង់ Excel template តែម្តង។ ចំពោះការអនុវត្តតាមជម្រើសនេះ សហគ្រាសត្រូវបង់កម្រៃសេវាប្រើប្រាស់ប្រចាំឆ្នាំ ចំនួន១០០ដុល្លារអាមេរិកក្នុងមួយឆ្នាំ ក្នុងមួយសហគ្រាស។
ឯកឧត្តម គង់ វិបុល បានបញ្ជាក់ថា អ្នកជាប់ពន្ធដែលមិនចង់ធ្វើការបង់កម្រៃក្នុងការប្រើប្រាស់ប្រព័ន្ធនេះ អាចអនុវត្តតាមជម្រើសទី១ ឬទី២ ដោយមិនតម្រូវឲ្យបង់ប្រាក់នោះឡើយ។
អគ្គនាយកដ្ឋានពន្ធដារ បានឲ្យដឹងបន្ថែមថា ក្នុងរយៈពេលនេះ អ្នកជាប់ពន្ធដែលមិនទាន់ ត្រៀមខ្លួនរួចរាល់អាចធ្វើការដាក់លិខិតប្រកាសបង់ប្រាក់ពន្ធប្រចាំខែ សបតាមទម្រង់លិខិតប្រកាសពន្ធប្រចាំខែចាស់ជាបណ្តោះអាសន្ន ហើយបន្តប្រើប្រាស់ប្រព័ន្ធអនឡាញសម្រាប់គ្រប់គ្រងអាករលើតម្លៃបន្ថែមរបស់អគ្គនាយកដ្ឋានពន្ធដារ ស្របតាមសេចក្តីណែនាំ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថ ចុះថ្ងៃទី៩ ខែមករា ឆ្នាំ២០១៩ ។
ដោយឡែក អ្នកជាប់ពន្ធដែលបានចាប់ផ្តើមធ្វើការដាក់លិខិតប្រកាសដោយប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងការដាក់លិខិតប្រកាសពន្ធតាមអនឡាញ អាចបន្តប្រើប្រាស់ប្រព័ន្ធនេះជាធម្មតា៕