ឯកអគ្គរាជទូតជប៉ុនវាយតម្លៃខ្ពស់ចំពោះកម្ពុជាលើការងារគ្រប់គ្រងជំងឺកូវីដ-១៩ប្រកបដោយប្រសិទ្ធភាព

វិទ្យុជាតិកម្ពុជា៖ វ៉ែន សុវុទ្ធី

ឯកអគ្គរាឆជទូតជប៉ុនប្រចាំប្រទេសកម្ពុជាបានសាទរចំពោះរាជរដ្ឋាភិបាលកម្ពុជាក្នុងការគ្រប់គ្រងជំងឺកូវីដ-១៩នៅកម្ពុជាប្រកបដោយប្រសិទ្ធភាព ។
ឯកឧត្តម MIKAMI Masahiro ឯកអគ្គរាជទូតវិសាមញ្ញនិងពេញសមត្ថភាពជប៉ុនប្រចាំនៅកម្ពុជាបានកោតសរសើចំពោះសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជណាចក្រកម្ពុជា ដែលដាក់ចេញវិធានការគ្រប់គ្រងការរីករាលដាល ការឆ្លងជំងឺ កូវីដ-១៩ នៅកម្ពុជាប្រកបដោយប្រសិទ្ធភាព។
គួរម្លឹកថារហូតដល់ពេលនេះ ចំនួនអ្នកឆ្លងជំងឺ កូវីដ-១៩ នៅកម្ពុជា សរុបចំនួន១២៨នាក់ ហើយអ្នកសម្រាកព្យាបាលជំងឺ ចំនួន៣នាក់ និងអ្នកជាសះស្បើយ ចំនួន១២៥ហើយមិនមិនមានអ្នកស្លាប់ដោយសារជំងឺ កូវីដ-១៩ ឡើយ។
នៅក្នុងឱកាសដែលឯកឧត្តម ចូលជួបសម្តែងការគួរសមនិងពិភាក្សាការងារជាមួយឯកឧត្តម ជា ចាន់តូ ទេសាភិបាល ធនាគារជាតិនៃកម្ពុជា នៅធនាគារជាតិកម្ពុជា កាលពីព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០ឯកឧត្តម ឯកអគ្គរដ្ឋទូតបញ្ជាក់ថា រដ្ឋាភិបាលជប៉ុន នៅតែបន្តគាំទ្រដល់ប្រទេសកម្ពុជា លើការងារមួយចំនួន រួមមាន ៖ ការទប់ស្កាត់ការរីករាលដាលនៃជំងឺ កូវីដ-១៩ បន្តផ្តល់ជំនួយ នឹងជំរុញអ្នកវិនិយោគជប៉ុនឱ្យមកបណ្តាក់ទុននៅកម្ពុជាកាន់តែច្រើនជាពិសេស រួមចំណែកជាភាគទុនិក នៅក្នុងគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុមួយចំនួននៅកម្ពុជា។ បន្ថែមពីនេះ ឯកឧត្តម ក៏បានពាំនាំនូវការពេញចិត្តរបស់វិនិយោគិនជប៉ុន ចំពោះ វិធានការរបស់រាជរដ្ឋាភិបាលកម្ពុជា និងធនាគារជាតិនៃកម្ពុជា ដែលបានអនុវត្តកន្លងមក សំដៅរក្សាជំនឿទុកចិត្តដល់វិនិយោគិន និងអនុគ្រោះដល់អាជីវកម្មដែលរងផលប៉ះពាល់។
ឯកឧត្តម ជា ចាន់តូ បានអគុណចំពោះស្ថានទូត និងរដ្ឋាភិបាលជប៉ុន ដែលតែងតែជួយគាំទ្រកម្ពុជាជារៀងមក។ ជាមួយនោះ ឯកឧត្តម ក៏បានជម្រាបជូនពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា ដែលទទួលរងផល ប៉ះពាល់ពីការរីករាលដាលការឆ្លងជំងឺ កូវីដ-១៩ និងពីវិធានការដែលរាជរដ្ឋាភិបាល និងធនាគារជាតិនៃកម្ពុជា បានដាក់ចេញ ដើម្បីកាត់បន្ថយផលប៉ះពាល់មកលើវិស័យនានា និងប្រជាជនដែលងាយរងគ្រោះ៕