រាជធានីភ្នំពេញបានកែលម្អប្រព័ន្ធប្រឡាយលូតូចធំជាច្រើនដើម្បីរំដោះជំនន់ទឹកភ្លៀងនារដូវវស្សានេះ

វិទ្យុជាតិកម្ពុជា ៖ យី វិច្ឆិកា ១៦ ០៦ ២០២០MC៖

រាជធានីភ្នំពេញបានកែលម្អប្រព័ន្ធប្រឡាយលូតូចធំជាច្រើនដើម្បីរំដោះជំនន់ទឹកភ្លៀងនារដូវវស្សានេះ ដែលធានាបានការកាត់បន្ថយផលប៉ៈពាល់នានារបស់ប្រជាពលរដ្ឋ។
អភិបាលរាជធានីភ្នំពេញបានបញ្ជាក់ថា ទោះបីបច្ចុប្បនរាជធានីភ្នំពេញទទួលរងឥទ្ធិពលភ្លៀងធ្លាក់ ខ្លំាងធ្វើឲ្យលិចលង់តំបន់មួយចំនួនក្នុងទីក្រុងក៏ដោយ ប៉ុន្តែការលិចនេះគឺមិនយូរទេ គឺឈប់ភ្លៀតទឹកនឹង ហូរទៅអស់ ដែលមិនរំខានដល់ការធ្វើចរាចរណ៍និងខូចខាតទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ។
ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញបានអះអាងថា រដ្ឋបាល រាជធានីភ្នំពេញកែលម្អប្រព័ន្ធលូប្រលាយនៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ដូចជាតំបន់ស្ទឹងមានជ័យ ប្រឡាយដើមស្លែង ប្រព័ន្ធប្រឡាយខាងជើងនិងខាងកើតព្រលានយន្តអន្តរជាតិភ្នំពេញ និងអភិវឌ្ឍនប្រព័ន្ធលូមេធំៗជាច្រើនទៀតនៅកណ្តាល ដែលជួយរំដោះទឹកហូរចេញទៅក្រៅក្រុងបានលឿន មិនប្រឈមការជន់លិចដូចមុនឡើយ។ឯកឧត្តមបន្ថែមថា គម្រោងការពារទឹកជំនន់ និងកែលម្អប្រព័ន្ធប្រឡាយ ក្នុងរាជធានីភ្នំពេញ ដែលគាំទ្រដោយរដ្ឋាភិបាលជប៉ុននោះ គឺកំពុងប្រតិបត្តិបានល្អប្រសើរ ដូចជា ស្ថានីយ៍បូមទឹក ប្រព័ន្ធលូ និងប្រឡាយរំដោះទឹកបានលឿនជាងមុន ហើយពេលនេះកំពុងអនុវត្តគម្រោងទី៤បន្ត ។
សំឡេង«ជាមោទនភាពយើងបានរៀបចំជាផ្លូវបេតុងផ្លូវកៅស៊ូ ហើយលូប្រឡាយរបស់យើងក៏បានធ្វើការកែសម្រួល ។ ជាការពិតសូមឲ្យសិក្សាឲ្យបានច្បាស់ថា លូ ប្រឡាយនៅក្នុងទីក្រុងនិមួយៗអាចទប់បានទឹកភ្លៀងនៅក្រោម ៥០មីលីម៉ែត្រក្នុងមួយវិនាទីទេ នេះចំណុចសំខាន់ណាស់សូមឲ្យអ្នកសារព័ត៌មានដូចជាបងប្អូនប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញយើងស្វែងយល់ចំណុចនេះឲ្យបានច្បាស់ ក្រោម៥០មីលីម៉ែត្រទឹកយើងធានាបាន តែលើស៥០មីលីម៉ែត្រហើយយើងធានាអត់កើត សូម្បីតែបាងកកក៏លិច ប្រទេសផ្សេងៗទៀតក៏លិចដែរឲ្យតែភ្ឡៀងធំ ប៉ុន្តែចំណុចមួយដែលរដ្ឋបាលរាជធានីភ្នំពេញមានមោទនភាពសំខាន់បំផុតគឺទឹកលិចលង់អត់ដល់មួយថ្ងៃទេ នេះជាចំណុចសំខាន់ដែលបងប្អូនមានការជ្រួតជ្រៀបនិងយល់ដឹងពីបញ្ហានេះ។ពីដើមខ្ញុំជាអភិបាលរងខណ្ឌទួលគោកទឹកពីសប្តាហ៍មិនទាន់ហូរចេញទេនៅផ្លូវ ២៣០កែងនិងផ្លូវម៉ៅសេទុង ទឹកនិងឡើងមានដង្កូវ ។ ប៉ុន្តែឥលូវពុំមានទិដ្ឋភាពនេះមិនកើតមានឡើងចំពោះប្រជាពលរដ្ឋក្នុងរាជធានីទៀតទេ។ នេះជាវឌ្ឍនភាពមួយគួរឲ្យកត់សម្គាល់ក្នុងរដ្ឋបាលរាជធានីភ្នំពេញរបស់យើង ហើយក៏ជាលទ្ធផលដល់ធំធេងសម្រាប់ប្រជាពលរដ្ឋនៅក្នុងរាជធានី » ។
ឯកឧត្តម ឃួង ស្រេង បន្តអំពាវនាវដល់ប្រជាពលរដ្ឋសូមកុំរំលោភលើលូប្រឡាយ ឬការបោះចោលសំរាមទៅក្នុងលូរឺប្រឡាយបង្ហូរទឹកដែលជាហេតុធ្វើឲ្យកកស្ទះចរន្តទឹកហូរ។
យោងតាមរបាយការណ៍រដ្ឋបាលសាលារាជធានីភ្នំពេញឲ្យដឹងថា អាជ្ញាធរបានអភិវឌ្ឍស្ថានីយ៍បូមទឹកថ្មីចំនួន៨កន្លែង ប្រឡាយបេតុង៨ខ្សែ បណ្តាញលូប្រវែង៩០០គីឡូម៉ែត្រ និងអណ្តូងលូគ្រប់ប្រភេទចំនួនជាង ៥ម៉ឺនអណ្តូងលូ ដើម្បីបញ្ចៀសការលិចលង់ក្នុងរាជធានីភ្នំពេញ៕