កម្ពុជា-ចិនឯកភាពគ្នាបង្កើតគណៈកម្មការរួមមួយដើម្បីជួយស្តារសេដ្ឋកិច្ចកម្ពុជា ក្រោយជួបវិបត្តិកូវីដ-១៩

វិទ្យុជាតិកម្ពុជា ៖ ស៊ឹង សុផារី ១៦.០៦.២០២០
MC:

កម្ពុជា-ចិនឯកភាពគ្នាបង្កើតគណៈកម្មការរួមមួយដើម្បីជួយស្តារសេដ្ឋកិច្ចកម្ពុជា ក្រោយជួបវិបត្តិកូវីដ-១៩ ដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជាឲ្យកាន់តែមានកំណើន។
អ្នកយកព័ត៌មានយើងធ្វើសេចក្តីរាយការណ៍…………………………
មន្រ្តីជាន់ខ្ពស់កម្ពុជាបានអៈអាងថា កម្ពុជានិងចិនបានឯកភាពគ្នាបង្កើនការទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ បានឈានដល់សករាជថ្មីមួយ ដើម្បីបង្កើតសហគមន៍វាសនារួមកម្ពុជា-ចិន ក្នុងគោលបំណងជួយជំរុញរាល់ការអភិវឌ្ឍកម្ពុជាឲ្យកាន់តែរីកចំរើនទំាងសេដ្ឋកិច្ច និងប្រព័ន្ធហេដ្ឋារចនា សម្ព័ន្ធនៅទូទមាងប្រទេស។
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង មានប្រសាសន៍បែបនេះនៅក្នុងកិច្ចប្រជុំលើកទី៥ របស់គណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាល តាមរយៈវីដេអូ Video Conference ជាមួយលោក Wang Yi ទីប្រឹក្សារដ្ឋនិងជារដ្ឋមន្រ្តីការបរទេសចិន សហប្រធានខាងភាគីចិន នៅព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០នេះ នៅវិមានសន្តិភាព ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា ដើម្បីជំរុញការអភិវឌ្ឍកម្ពុជា រដ្ឋាភិបាលនៃប្រទេស ទំាង២ បានសម្រេចចិត្តនឹងបញ្ជូនមន្ត្រីជំនាញបន្ទាន់គឺពី ចិនមកកម្ពុជា ឬពីកម្ពុជាទៅចិនវិញ ដើម្បីអនុវត្តគម្រោងជាចាំបាច់នានា ហើយសំខាន់ ភាគីទំាង២មិនគ្រាន់តែនិយាយតែមាត់ទេ។
សំឡេង ៖ ការសហការយើងទៅថ្ងៃមុខនេះ ពិតមែនតែឆ្នាំ២០១៩កន្លងទៅ យើងបានចាត់ទុកឆ្នាំ២០១៩ ជាឆ្នាំអនុវត្តច្បាប់ ប៉ុន្តែទោះជាឆ្នាំនេះមិនមានការកំណត់ក៏ដោយ ក៏យើងត្រូវអនុវត្តបន្តទៅទៀត ដើម្បីប្រឆាំងនឹងភេរវកម្ម ដើម្បីប្រឆាំងនឹងការលាងលុយ ប្រឆាំងនឹងការជួញដូរមនុស្ស ហើយទៅសម្រេចអនុវត្តយ៉ាងម៉េចធ្វើឲ្យការអនុវត្តខ្សែក្រវ៉ាត់និងផ្លូវនេះ មានការរីកចម្រើនធំធេងថែមទៀតលើសពីកន្លងមកទៀត ដើម្បីធ្វើឲ្យទីក្រុងព្រះសីហនុជានិមិត្តរូបជាទីក្រុងគំរូ នៃការអនុវត្តខ្សែក្រវ៉ាត់និងផ្លូវ ។
ឯកឧត្តមឧបនាយករដ្ឋមន្រ្តីបានបញ្ជាក់ថា ភាគីកម្ពុជា បានវាយតម្លៃខ្ពស់ និងថ្លែងអំណរគុណដល់ភាគីចិន ដែលបានបញ្ជូនក្រុមគ្រូពេទ្យជំនាញមកកម្ពុជា, ផ្តល់នូវសម្ភារក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ និងជួយសម្រាលបញ្ហាកង្វះ វត្ថុធាតុដើមសម្រាប់ផលិតកម្មនៅកម្ពុជា។ ភាគីចិននឹងបន្តផ្តល់ជំនួយ និងការគាំទ្រនានាជូនកម្ពុជាតាមលទ្ធភាព។កម្ពុជា ចិនបានឯកភាពគ្នាតម្លើងកម្រិត ភារកិច្ចនៃគណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិន ដើម្បីលើកកម្ពស់ សមត្ថកិច្ចរបស់គណៈកម្មាធិការនេះមួយកម្រិតទៀត។ បន្ទាប់ពីការរីករាលដាលនៃជំងឺកូវីដ១៩ ត្រូវបានបញ្ចប់ និងស្ថានភាពត្រឡប់ មកជាធម្មតាវិញ កិច្ចសហប្រតិបត្តិការជាក់ស្តែងក្នុងវិស័យនានា នឹងត្រូវបានជំរុញបន្ថែមទៀត រួមទាំងការអនុវត្តតាមផែនការសកម្មភាព ដើម្បីកសាងសហគមន៍វាសនារួម ដែលជាគោលការណ៍ចំបង៕
សូមបញ្ជាក់ថា ក្នុងកិច្ចអភិវឌ្ឍប្រទេសកម្ពុជាកន្លងមកនេះ ភាគីចិនបានផ្តល់ជំនួយឧបត្ថម្ភជាច្រើន ដែលមានដូចជា ជំនួយឥតសំណង កម្ចីឥតការប្រាក់ កម្ចីមានការប្រាក់ទាប ព្រមទាំងជំនួយបច្ចេកទេសនានាដែលបានជួយកម្ពុជាឲ្យមានការអភិវឌ្ឍសេដ្ឋកិច្ចគួរឲ្យកត់សម្គាល់ ៕