ឯកឧត្ដម ឃួង ស្រេង៖ បច្ចុប្បន្នកំណើនប្រជាជនរស់នៅ និងស្នាក់នៅបម្រើការងារ ក្នុងរាជធានីភ្នំពេញមានប្រមាណជាង៣លាននាក់

AKP ភ្នំពេញ ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០

ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុងសន្និសីទសារព័ត៌មានស្ដីពី វឌ្ឍនភាព និងទិសដៅការងារបន្ដរបស់រដ្ឋបាលរាជធានីភ្នំពេញ នាថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០ បានមានប្រសាសន៍ថា កំណើនប្រជាពលរដ្ឋរស់នៅរាជធានីភ្នំពេញ និងស្នាក់ នៅបម្រើការងារបច្ចុប្បន្នមានប្រមាណជាង ០៣លាននាក់។

ឯកឧត្ដម ឃួង ស្រេង បានឱ្យដឹងទៀតថា ចំណែកឯស្ថិតិយានយន្តគ្រប់ប្រភេទ ដែល បានចុះបញ្ជីនៅសាលារាជធានីភ្នំពេញ គឺមានរថយន្តចំនួន ៥៣ម៉ឺនគ្រឿង ទោចក្រយានយន្ត និងត្រីចក្រ យានយន្តមានចំនួន ១,៦ លានគ្រឿង រួមនឹងយានយន្តឆ្លងកាត់ សរុបមានចំនួន ប្រមាណ០៣ លានគ្រឿង។

ឯកឧត្ដម ឃួង ស្រេង បានបញ្ជាក់ថា រដ្ឋបាលរាជធានីភ្នំពេញ បានយកចិត្ត ទុកដាក់អនុវត្តគោលនយោបាយភូមិ-សង្កាត់ មានសុវត្ថិភាព ដោយរក្សាបាន សន្ដិសុខ-សណ្ដាប់ធ្នាប់សាធារណៈល្អជូនប្រជាពលរដ្ឋ និងសង្គមជាតិ ដោយចំនួនបទល្មើសព្រហ្មទណ្ឌ កើតមាន៨៣៨ / ១,០៤៦លើក  ថយចុះ ២០៨លើក ស្មើនឹង២០ភាគ។  ក្នុងនោះ គណៈបញ្ជា ការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ បានម្ចាស់ការបង្រ្កាបបទល្មើសទាំងនេះ សរុបចំនួន ៧៤៩ករណី ស្មើនឹង៨៩,៣៧ភាគរយ នៃចំនួនបទល្មើសរួម ដែលនេះបង្ហាញឱ្យ ឃើញពីសញ្ញាណវិជ្ជមាន នៃការថយចុះនូវចំនួនបទល្មើសព្រហ្មទណ្ឌ, សុខសុវត្ថិភាព និងកិច្ចសហប្រតិបត្តិការ បង្រ្កាបបទល្មើស កាន់តែមានប្រសិទ្ធភាព។

រដ្ឋបាលរាជធានីភ្នំពេញ បានអនុវត្តន៍គម្រោងស្ដារឡើងវិញ ប្រឡាយមេនាំទឹកស្ទឹងមានជ័យ និងគោលការណ៍ ប្រទានកម្មរបស់ សម្ដេចតេជោ ហ៊ុន សែន សម្រាប់ដោះស្រាយបញ្ហាសំណង់ មិនរៀបរយលើផ្ទៃប្រឡាយ និងអភិវឌ្ឍន៍លំនៅឋាន នៅនឹងកន្លែងជូនប្រជាពលរដ្ឋក្រីក្រក្នុង សហគមន៍ស្ទឹងមានជ័យ។

ឯកឧត្ដម ឃួង ស្រេង បានបញ្ជាក់ថា ផ្អែកតាមគោលនយោបាយប្រទានកម្មរបស់ សម្ដេចតេជោនាយករដ្ឋមន្ត្រី ចំនួនសហគមន៍ក្រីក្រ ក្នុងរាជធានីភ្នំពេញបានថយចុះពី ៣៣៥សហគមន៍ ក្នុងឆ្នាំ២០០៣ មកត្រឹមតែ ១៥១សហគមន៍ ក្នុងឆ្នាំ២០២០ ដែលមានមូលដ្ឋានក្នុងសង្កាត់ចំនួន៤៥ នៃខណ្ឌចំនួន១៣ (លើកលែងខណ្ឌ៧មករា ដែល សហគមន៍បុរីកីឡា ត្រូវបានលុបចេញពីបញ្ជីសហគមន៍ក្រីក្រ ក្នុងឆ្នាំ២០១៤) សរុបមានខ្នងផ្ទះចំនួន ១២,៨៧៦ ខ្នង ស្មើនឹង១៣,៩៦ ៣គ្រួសារ និងមានប្រជាពលរដ្ឋសរុប ៦១,៧១៥នាក់ តែប៉ុណ្ណោះ។

មកទល់ពេលនេះ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈរដ្ឋបាល រាជធានីភ្នំពេញ បានធ្វើប្រទានកម្មសរុបបានចំនួន២៩ទីតាំង លើផ្ទៃដីទំហំ ៨២ហិកតា ដោយបាន ប្រគល់ដីធ្លីជូនប្រជា ពលរដ្ឋប្រមាណ១៨,០០០គ្រួសារ និងបានបិទបញ្ចប់ទាំង ស្រុងសំណុំរឿងទំនាស់ដីធ្លីរ៉ាំរ៉ៃអូសបន្លាយ រយៈពេលជាច្រើនឆ្នាំក្នុងតំបន់អភិវឌ្ឍន៍បឹងកក់ និងសហគមន៍បុរីកីឡា ដោយបានប្រកាន់ខ្ជាប់នូវគោលការណ៍ច្បាប់ សិទ្ធិលំនៅឋាន និងគោលការណ៍មនុស្សធម៌ ព្រមទាំងកំពុងឈានទៅបន្តដោះ ស្រាយបញ្ចប់ បញ្ហា តំបន់អភិវឌ្ឍន៍ឫស្សីកែវ,តំបន់អភិវឌ្ឍន៍បឹងទំពន់-ជើងឯក, តំបន់អតីតផ្លូវដែក, តំបន់ស្ថានីយ បូមទឹកទួលគោក, តំបន់ស្ថានីយស្ដុកទឹកបឹងត្របែក និងពិនិត្យរៀបចំតំបន់ មិនរៀបរយ មួយចំនួនទៀត។

បន្ថែមពីនេះ រដ្ឋបាលរាជធានីភ្នំពេញ បានពង្រឹង សមត្ថភាពផ្ដល់សេវារបស់រដ្ឋាករ ស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង ដោយបានរៀបចំកែសម្រួលខ្សែរត់ពី០៣ខ្សែ រហូតដល់ចំនួន១៣ខ្សែ ដោយប្រើប្រាស់រថយន្តក្រុងចំនួន២៣៥គ្រឿង ហើយជាបណ្ដើរៗ បងប្អូនប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានកាន់តែមានការគាំទ្រ និងនិយមប្រើប្រាស់សេវានេះ ក្នុងនោះ ជាមធ្យមមានប្រជាពលរដ្ឋ ៣ម៉ឺននាក់ បានប្រើប្រាស់សេវារថយន្តក្រុង ជារៀងរាល់ថ្ងៃ ប៉ុន្តែសេវានេះបានផ្អាកដំណើរការ ជាបណ្ដោះអាសន្ន កាលពីចុងខែមីនា ឆ្នាំ២០២០ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩៕

ដោយ សួស សំរិត