អភិបាលរាជធានីភ្នំពេញប្រកាសសាងសង់ស្ពានអាកាសថ្មើរជើងថ្មីរហូតដល់ ២៧កន្លែងបន្ថែមទៀត នៅក្នុងរាជធានីភ្នំពេញ

វិទ្យុជាតិកម្ពុជា៖ លោកស្រី ធីណា ឌីណេ១៦.០៦.២០២០ MC៖

ឯកឧត្តមឃួង ស្រេងអភិបាលរាជធានីភ្នំពេញប្រកាសសាងសង់ស្ពានអាកាសថ្មើរជើងថ្មីរហូតដល់ ២៧កន្លែងបន្ថែមទៀតនៅក្នុងរាជធានីភ្នំពេញដើម្បីសម្រួលដល់ការធ្វើដំណើរឆ្លងកាត់ផ្លូវរបស់ប្រជាពលរដ្ឋប្រកបដោយសុវត្ថិភាព ខណៈដែលបច្នុប្បន្នមានស្ពានអាកាសថ្មើជើងចំនួន៥កន្លែងហើយ។
អ្នកយកព័ត៌មានយើងធ្វើសេចក្តីរាយការណ៍៖
ថ្លែងក្នុងសន្និសីទសារព័ត៌មានស្ដីពី «វឌ្ឍនភាព និងទិសដៅការងារបន្ដរបស់រដ្ឋបាលរាជធានីភ្នំពេញ» នាទីព្រឹក ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០នេះ នៅទីស្ដីការគណៈរដ្ឋមន្ដ្រី ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានមានប្រសាសន៍ថា គម្រោងសាងសង់ស្ពានអាកាសថ្មើរជើងថ្មីនេះនឹងត្រូវធ្វើ ឡើងនៅតំបន់ទីប្រជុំជន មុខសាសារៀន មន្ទីរពេទ្យ ផ្សារ ឬកន្លែងមួយចំនួនទៀតដែលមានចំណុចផ្លូវ ប្រសព្វពិបាកក្នុងការឆ្លងកាត់ថ្នល់។ ឯកឧត្តមអភិបាលរាជធានីភ្នំពេញបានបញ្ជាក់ថា ការសម្រេចបង្កើន ការសាងសង់ស្ពានអាកាសថ្មើរជើងនេះ ដោយសារតែរាជធានីភ្នំពេញមានកំណើនទំាងប្រជាពលរដ្ឋនិងយានយន្ត ដែលតម្រូវឲ្យរដ្ឋបាលរាជធានីភ្នំពេញ បង្កើនការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ ដើម្បីឆ្លើយតបទៅនឹងតម្រូវការអភិវឌ្ឍយ៉ាងឆាប់រហ័ស។ហើយគម្រោងកសាងស្ពានអាកាសថ្មើជើងចំនួន២៧ទីតាំងបន្ថែមទៀតនៅក្នុងរាជធានីភ្នំពេញនិងជួយរំដោះការកកស្ទះ ចរាចរណ៍ និងកាត់បន្ថយនូវគ្រោះថ្នាក់ចរាចរណ៍ជូនប្រជាពលរដ្ឋ ។
«សំឡេង៖ ដោយផ្លូវជាច្រើននឹងត្រូវបានរៀបចំឲ្យមានបត់ឆ្វេងបត់ស្ដាំ ចឹងវានឹងរំខានដល់អ្នកធ្វើដំណើរ អាចនឹងមានគ្រោះថ្នាក់ចរាចរណ៍ប្រសិនបើជាយើងមិនរកវិធីសាស្ត្រ ដើម្បីធ្វើឲ្យប្រជាពលរដ្ឋយើងមានភាពប្រសើរឡើងក្នុងការធ្វើដំណើរឲ្យមានសុវត្ថិភាពនោះទេ។ ដោយយើងប្រមើលមើលនិងមានការចង្អុលបង្ហាញពីសម្ដេចតេជោ នាយករដ្ឋមន្ត្រី ដែលធ្វើឲ្យយើងរៀបចំគម្រោងកសាងស្ពានអាកាសថ្មើរជើងបន្ថែមទៀត ហើយគម្រោងនេះ យើងមិនមែនធ្វើដោយចៃដន្យនោះទេ គឺធ្វើឡើងដោយយើងបានសិក្សាដោយល្អិតល្អន់ជុំវិញបញ្ហាបច្ចេកទេសនិងជុំវិញបញ្ហាធ្វើដំណើររបស់ប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ។»
គួរបញ្ជាក់ថា មកដល់ពេលនេះ រាជធានីភ្នំពេញមានស្ពានអាកាសថ្មើរជើង ចំនួន៥កន្លែងហើយ ក្នុងនោះរួមមាននៅតំបន់ជម្ពូវ័ន្ត ខណ្ឌពោធិ៍សែនជ័យ មានចំនួន២កន្លែង និងនៅតំបន់ភ្លើងស្តុបនាងគង្ហីង មានចំនួន១កន្លែង ដោយឡែកស្ពានអាកាសថ្មើរជើង២កន្លែងទៀត នៅមុខផ្សារដើមគរ និងមុខសាលាបឋមសិក្សាសន្ធរម៉ុក កំពុងសាងសង់ នឹងដាក់ឲ្យដំណើរការប្រើប្រាស់នៅពេលឆាប់ៗនេះ៕