យោធិនពិការ៥២០គ្រួសារ នៅមណ្ឌលអភិវឌ្ឍន៍យោធិនពិការ៣១៧ តេជោភ្នំឆ័ត្រ​ បានទទួលអំណោយពីសាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ

AKP បន្ទាយមានជ័យ ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០–

​យោធិនពិការចំនួន៥២០គ្រួសារ នៅក្នុងមណ្ឌលអភិវឌ្ឍន៍យោធិនពិការ៣១៧ តេជោភ្នំ​ឆ័ត្រ ក្នុងខេត្តបន្ទាយមានជ័យ បានទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហម កម្ពុជា​ខេត្ត ដើម្បីជួយទ្រទ្រង់ដល់ជីវភាពរស់នៅប្រចាំថ្ងៃដែលជួបបញ្ហាខ្វះខាត ដោយសារតែ វិបត្តិនៃជំងឺកូវីដ១៩ កំពុងរាតត្បាតនៅលើពិភពលោក ក្នុងនោះក៏មានប្រទេស​កម្ពុជាផងដែរ។

អភិបាលខេត្តបន្ទាយមានជ័យឯកឧត្តម អ៊ុំ រាត្រី ជាប្រធានគណៈកម្មាធិការសាខា កាកបាទក្រហមខេត្តរួមនឹងក្រុមការងារ បាននាំយកនូវអំណោយមនុស្សធម៌នេះ ដែលរួមមាន៖ អង្ករចំនួន៦២៥០ គីឡូក្រាម, ត្រីខកំប៉ុង ចំនួន ២៧៨យួរ, ប្រេងឆា ចំនួន ២៥០ យួរ, ទឹកត្រីដប ចំនួន ៧៥០ យួរ, អាវយឺតរោងចក្រ ចំនួន ៥០០ អាវ ​ទៅផ្តល់ជូនប្រជាពលរដ្ឋ យោធិនពិការចំនួន៥២០គ្រួសារ នៅក្នុងមណ្ឌលអភិវឌ្ឍន៍យោធិនពិការ៣១៧តេជោភ្នំឆ័ត្រ និងបានចូលរួមឧបត្ថម្ភស៊ីម៉ង់ត៍១៥តោន និងថវិកា៥០០ដុល្លារ កសាងព្រះវិហារផងដែរក្នុង ភូមិតេជោភ្នំឆ័ត្រ ឃុំ​ស្វាយចេក ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ កាលពីព្រឹកថ្ងៃអង្គារ ១១រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០នេះ។

ថ្លែងក្នុងឱកាសនោះឯកឧត្តម អ៊ុំ រាត្រី បានពាំនាំយកនូវប្រសាសន៍ផ្តាំផ្ញើ សាកសួរសុខទុក្ខរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល សម្តេចទាំងទ្វេតែង​តែ​យកចិត្តទុកដាក់ដល់ជីវភាពរស់នៅរបស់បងប្អូន យោធិនពិការ រួមទាំងក្រុមគ្រួសារនៅគ្រប់ទី​កន្លែងដោយបានជួយឧបត្ថម្ភគាំទ្រសំដៅធ្វើ យ៉ាងណាឱ្យបងប្អូនមានជីវភាពកាន់តែប្រសើរឡើងនោះ។

ឯកឧត្តម អ៊ុំ រាត្រី បានក្រើនរម្លឹកដល់ប្រជាពលរដ្ឋយោធិនពិការទាំងអស់ កុំធ្វេសប្រហែសមើលស្រាលលើជំងឺកូវីដ១៩ឱ្យសោះ ព្រោះជំងឺនេះនៅតែជាជំងឺឆ្លងរាតត្បាត យ៉ាងកាច​សាហាវបំផុត ដែលគ្មានថ្នាំព្យាបាលនៅឡើយទេមកទល់ថ្ងៃនេះ។ ឯកឧត្តម ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋបន្តប្រើប្រាស់ម៉ាស់ ឧស្សាហ៍ដុសលាងសម្អាតដៃជាមួយសាប៊ូ ទឹកអាល់កុល ឬជែល ហើយកុំទៅទីប្រជុំជន ដែលមានមនុស្សច្រើន បើគ្មានការចាំបាច់អ្វីទេនោះ។ ​

ជាមួយនោះអភិបាលខេត្តបន្ទាយមានជ័យក៏បានជំរុញឱ្យប្រជាពលរដ្ឋយោធិនពិការនៅក្នុងមណ្ឌលអភិវឌ្ឍន៍នេះត្រូវបង្កើនការដាំដុះដំណាំស្រូវដំណាំរួមផ្សំ បន្លែបង្ការឱ្យ ទាន់ពេល​វេលាក្នុងវដូវវស្សានេះរួមទាំងការចិញ្ចឹមសត្វត្រី ឱ្យបានច្រើនដើម្បីបំពេញ តម្រូវការឧបភោគបរិភោគក្នុងពេលប្រទេសជួបនូវវិបត្តិជំងឺកូវីដ១៩នេះ។

ក្នុងនោះឯកឧត្តមក៏បានបញ្ជាទៅអាជ្ញាធរ​​ដែនដី ត្រូវជួយដោះស្រាយបញ្ហាទឹក ស្រោចស្រព និងតម្រូវការនានាជូនប្រជាពលរដ្ឋឱ្យបាន​ដិតដល់ និងទាន់ពេល វេលា៕
ដោយ៖ឈុនសារ៉ាត