រដ្ឋបាលរាជធានីភ្នំពេញអំពាវនាវឲ្យប្រជាពលរដ្ឋទុកដាក់សំរាមឲ្យមានសណ្តាប់ធ្នាប់

វិទ្យុជាតិកម្ពុជា៖ ស្រីផល 16,06,2020MC៖

រដ្ឋបាលរាជធានីភ្នំពេញ អំពាវនាវឲ្យប្រជាពលរដ្ឋទុកដាក់សំរាមឲ្យមានសណ្តាប់ធ្នាប់ និងប្រកបដោយអនាម័យល្អ ដើម្បីចូលរួមលើកកម្ពស់សោភ័ណភាពបរិស្ថាន។ អ្នកយកព័ត៌មានយើងធ្វើសេចក្តីរាយការណ៍បន្ថែម……………….
ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានមានប្រសាសន៍ថា ប្រជាពលរដ្ឋគ្រប់រូប ត្រូវចេះទុកដាក់សំរាមឲ្យមានសណ្តាប់ធ្នាប់ ដើម្បីចូលរួមលើកកម្ពស់សោភ័ណភាពបរិស្ថាន ព្រមទាំងបង្កភាពងាយស្រួលដល់អ្នកប្រមូលសំរាមផង និងមិនធ្វើឲ្យសំរាមនៅពាសវាលពាសកាល ដែលធ្វើឲ្យខូចសោភ័ណ្ឌភាពទីក្រុងផង។
ថ្លែងក្នុងសន្និសីទសារព័ត៌មានស្ដីពី «វឌ្ឍនភាព និងទិសដៅការងារបន្ដរបស់រដ្ឋបាលរាជធានីភ្នំពេញ» នាទីព្រឹក ថ្ងៃទី១៦ ខែមិថុនា នៅទីស្ដីការគណៈរដ្ឋមន្ដ្រី ឯកឧត្តមបានបញ្ជាក់ថា ការផ្តល់សេវាប្រមូលសំណល់រឹង និងសំរាមនៅក្នុងរាជធានីភ្នំពេញ នឹងមានភាពល្អប្រសើរ ក្នុងពេលឆាប់ៗខាងមុខនេះ ដោយសាររដ្ឋបាលរាជធានីភ្នំពេញបានជ្រើសរើសក្រុមហ៊ុនចំនួន៣ ដែលមានបទពិសោធន៍ ក្នុងការប្រមួលសំរាម ដើម្បីធ្វើប្រតិបត្តិការក្នុងរាជធានីភ្នំពេញ ដោយក្នុងមួយក្រុមហ៊ុន អាចមានលទ្ធភាពប្រមូលសំរាមបាន១ពាន់តោន ក្នុង១ថ្ងៃ។
ឯកឧត្តមបានបន្តថា នាពេលខាងមុខ នឹងមានការរៀបចំពេលវេលាជាក់លាក់ ក្នុងការប្រមូលសំរាម ប៉ុន្តែប្រជាពលរដ្ឋទាំងអស់ក៏ត្រូវចេះភ្ញាក់រលឹកក្នុងការបង់សេវា ឲ្យបានទាន់ពេលវេលាផងដែរ។
សំឡេង៖ «ឆ្លៀតក្នុងឱកាសនេះ អំពាវនាវដល់ប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញ មេត្តាយោគយល់ និងទុកដាក់សំរាមនៅក្នុងអន្តរកាលនេះឱ្យល្អប្រសើរ មិនមែនតែនៅក្នុងអន្តរកាល ទេ ការទុកដាក់សំរាម ការបញ្ចេញសំរាមនេះ ទោះបីជាថ្ងៃអនាគតមានក្រុមហ៊ុនពូកែប្រមូលសំរាមក៏ដោយ ក៏ត្រូវតែប្រជាពលរដ្ឋមានការសហការឲ្យបានពេញលេញ ជុំវិញបញ្ហាការបញ្ចេញសំរាមនៅតាមផ្ទះ មិនមែនចេះតែនឹកឃើញបញ្ចេញទៅតាមតែយើងថា ធ្វើបាយពេលណា ចប់ធ្វើបាយបញ្ចេញសម្រាមមកភ្លាម អញ្ចឹងគ្មានអ្នកណាមួយប្រមូលទាន់ទេ។ចឹង ចំណុចនេះសូមឱ្យមានការសហការ ហើយយើងនឹងរៀបថា នៅផ្លូវណានៅថ្ងៃអនាគត នៅផ្លូវ ដែលឡានត្រូវយកម៉ោងណាម៉ោងណា ឱ្យចេញទៅតាមហ្នឹង យើងនឹងទទួលបាននៅទីក្រុងរបស់យើងស្អាតទាំងអស់គ្នា នេះជាចំនុចសំខាន់ណាស់ ដែលសុំឲ្យមានការសហការពីប្រជាពលរដ្ឋ។
សូមបញ្ជាក់ថា ក្នុងមួយថ្ងៃៗ នៅរាជធានីភ្នំពេញ មានសំរាមពី២៨០០តោន ទៅ៣០០០តោន ត្រូវបានប្រមូលទៅទីលានចាក់សំរាម៕