វិនិយោគិនចិនគ្រោងបង្កើតរោងចក្រកែច្នៃអំបិលនៅខេត្តកំពត-កែប

វិទ្យុជាតិកម្ពុជា៖ លោកស្រី ប៉ុង សុភាវី ១៦ មិថុនា ២០២០ ៖

វិនិយោគិនចិនគ្រោងបង្កើតរោងចក្រកែច្នៃអំបិលនៅខេត្តកំពត-កែប ដើម្បីបំពេញតម្រូវការទំាងទីផ្សារអំបិលក្នុងស្រុក និងការនាំចេញ។ អ្នកយកព័ត៌មានយើងធ្វើសេចក្តីរាយការណ៍…….
លោក ប៊ុន បារាំង ប្រធានសហគមផលិតអំបិលខេត្តកំពត បានមានប្រសាសន៍ប្រាប់វិទ្យុជាតិកម្ពុជាឲ្យដឹងថា ក្រុមហ៊ុនរបស់ប្រទេសចិនបានត្រៀមចុះសិក្សាពីគម្រោងបង្កើតរោងចក្រនេះហើយ ប៉ុន្តែមិនទាន់ ប្រកាសជាសាធារណៈនៅឡើយទេ ដោយរងចាំស្ថានភាពជម្ងឺកូវីដ ១៩ ស្ងប់ស្ងាត់សិន។
លោកប្រធានសមាគមបានបញ្ជាក់ថា គម្រោងបង្កើតរោងចក្រកែច្នៃអំបិលមានសារៈសំខាន់ ណាស់ដើម្បីជំរុញការផលិតអំបិលនៅកម្ពុជាឲ្យកាន់តែមានគុណភាព ឆ្លើយតបបានតម្រូវការទីផ្សារ ខណៈបច្ចុប្បន្នរោងចក្រផលិតអំបិលនៅខេត្តកំពតមានសភាពចាស់ទ្រុឌទ្រោមផលិតមិនតាមតម្រូវការ។
លោក សង្ឃឹមនិងជឿជាក់ថា ក្រោយបញ្ចប់កូវីដ១៩ រោងចក្រមួយនេះអាចនឹងមានវត្តមាននៅលើទឹកដីកម្ពុជា។
សំឡេង៖ «ខ្ញុំសព្វថ្ងៃនេះកំពុងតែទាក់ទងអ្នកវិនិយោគិនចិន ប៉ុន្តែគេរៀបមកសិក្សាប៉ុន្តែដោយសារជំងឺកូវីដ-១៩គេផ្អាកសិន។ បើសិនណាមិនមានជំងឺកូវីដហ្នឹង ប្រហែលជាគេសិក្សា ហើយដំឡើងរោងចក្រមួយរោងចក្រ។ រោងចក្រដែល វិនិយោគិនចិនមកសហការ វាជួយការបំលែងអំបិលពីគ្រួស ឲ្យទៅជាម៉ត់ដែលអាចប្រើសម្រាប់ហូបបាន។ ដោយសារអំបិលពេលយកពីស្រែមកជាអំបិលគ្រួស យើងយកមកកែច្នៃអោយជាអំបិលម៉ត់ដាក់ជាកញ្ចប់ៗ។ យើងសព្វថ្ងៃនេះយើងកំពុងខ្វះខាតរោងចក្រកែច្នៃអំបិលគ្រួសមកជាអំបិលម៉ត់ ទើបយើងកំពុងទំនាក់ទំនងខាងចិនឲ្យគាត់ជួយ»។
លោកបញ្ជាក់ថា ការផលិតអំបិលក្នុងឆ្នាំ២០២០នេះ រំពឹងថា នឹងប្រមូលបានប្រមាណ៨ម៉ឺនតោន លើផ្ទៃដីជាង៤០០០ហិចតា។
សូមបញ្ជាក់ថា បច្ចុប្បន្នក្រុមផលិតអំបិលមានចំនួន២០០ក្រុមសាមគ្គីហើយចែកចេញជា៧មណ្ឌល គឺមាន នៅក្នុងស្រុកទឹកឈូ ក្រុងកំពត សេះស ស្រុកកំពុងត្រាច និងកែប។ ក្នុងមួយឆ្នាំកម្ពុជាត្រូវការអំបិលប្រមាណ១០ម៉ឺនតោនសម្រាប់ប្រើប្រាស់ក្នុងស្រុក។