អង្គការសុខភាពពិភពលោកប្រគល់ពានពិសេសជូនដល់លោកវេជ្ជបណ្ឌិត មុំ គង់នាយកប្រតិបត្តិអង្គការចលនាដើម្បីសុខភាពកម្ពុជា

វិទ្យុជាតិកម្ពុជា៖ លោកចេម ហួត

ភ្នំពេញ៖ អង្គការសុខភាពពិភពលោកបានប្រគល់ពានពិសេសជូនដល់លោកវេជ្ជបណ្ឌិត មុំ គង់នាយកប្រតិបត្តិអង្គការចលនាដើម្បីសុខភាពកម្ពុជាចំពោះកិច្ចខិតខំប្រឹងប្រែងនិងសមិទ្ធិផលក្នុងការត្រួតពិនិត្យផលិតផលថ្នាំជក់នៅកម្ពុជា។

ពិធីប្រគល់ពានដ៏សំខាន់មួយនេះធ្វើឡើងក្នុងទិវាពិភពលោកគ្មានថ្នាំជក់២០២០ស្របពេលដែលអង្គការសុខភាពពិភពលោកទទួលស្គាល់បុគ្គល ឬស្ថាប័ន ចំពោះស្នាដៃឆ្នើមនិងសមិទ្ធិផលក្នុងវិស័យត្រួតពិនិត្យផលិតផលថ្នាំជក់ ដែលទទួលស្គាល់ដោយការិយាល័យទាំង៦ប្រចាំតំបន់របស់ខ្លួន។

លោកស្រីវេជ្ជបណ្ឌិត Li Ailanតំណាងអង្គការសុខភាពពិភពលោកប្រចាំប្រទេសកម្ពុជាចាត់ទុកថា លោកវេជ្ជបណ្ឌិត មុំ គង់ គឺជាបុគ្គលទី១នៅកម្ពុជាដែលទទួលបានពានពិសេសនេះ ព្រោះលោកបានជំរុញឱ្យមានការអនុម័តច្បាប់ស្ដីពីការត្រួតពិនិត្យផលិតផលថ្នាំជក់នៅឆ្នាំ២០១៥ ការដកការផ្សាយពាណិជ្ជកម្មថ្នាំជក់នៅហាងមិនជាប់ពន្ធនៅអាកាសយានដ្ឋាន ការប្រឆាំងនិងទប់ស្កាត់ការជ្រៀតជ្រែតរបស់ឧស្សាហកម្មថ្នាំជក់ទៅលើការត្រួតពិនិត្យផលិតផលថ្នាំជក់នៅកម្ពុជា។  អស់រយៈកាលជាង២០ឆ្នាំក្នុងការប្រយុទ្ធប្រឆាំងនិងថ្នាំជក់នៅកម្ពុជាលោកវេជ្ជបណ្ឌិតបានធ្វើការតស៊ូមតិ និងបានធ្វើយុទ្ធនាការជាច្រើន ជាមួយស្ថាប័នពាក់ព័ន្ធ ប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន យុវជន ស្រ្តី គ្រូបង្រៀន ព្រះសង្ឃ និងជនរងគ្រោះដោយសារថ្នាំជក់ ក្នុងការជំរុញអោយមាន​ច្បាប់ស្ដីពីការត្រួតពិនិត្យផលិត​​ផលថ្នាំជ​ក់នៅកម្ពុជាដែលច្បាប់នោះត្រូវបានអនុម័តនៅឆ្នាំ២០១៥។

លោកវេជ្ជបណ្ឌិត មុំ គង់ បានតាមដាន និងត្រួតពិនិត្យការអនុវត្តច្បាប់ស្តីពីការត្រួតពិនិត្យថ្នាំជក់ជាទៀងទាត់ និងធ្វើរបាយការណ៍ជូនស្ថាប័នមានសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋាន ដើម្បីចាត់វិធានការ។

លោកក៏បានបង្កើតកិច្ចសហប្រតិបត្តិការជាមួយដៃគូនៅក្នុងជួររដ្ឋាភិបាលក្រុមសង្គមស៊ីវិលនិងប្រព័ន្ធផ្សព្វផ្សាយ​​ក្នុងការជម្រុញការត្រួតពិនិត្យផលិតផលថ្នាំជក់ដោយលោកបានជំរុញឱ្យមានការចូលរួមពីយុវជនកម្ពុជានៅក្នុងការខិតខំប្រឹងប្រែងក្នុងវិស័យត្រួតពិនិត្យផលិតផលថ្នាំជក់៕