ក្រសួងសេដ្ឋកិច្ចដាក់ឲ្យដំណើរការជាផ្លូវការ នូវប្រព័ន្ធចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មាន

 វិទ្យុជាតិកម្ពុជា៖ លោកអាត ចន្ធូ ១៦ ០៦ ២០២០  

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដាក់ឲ្យដំណើរការជាផ្លូវការ នូវប្រព័ន្ធចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មាន ដើម្បីលើកកម្ពស់ភាពប្រកួតប្រជែង និងធ្វើឲ្យប្រសើរឡើងនូវការវិនិយោគនៅព្រះរាជាណាចក្រកម្ពុជា។ 

  យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ស្ដីពីការប្រកាសដាក់ឲ្យដំណើរការជាផ្លូវការ នូវប្រព័ន្ធចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មាន ក្រោមអធិបតីភាព ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ឋ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានឲ្យដឹងថា ចាប់ពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០ តទៅ ធុរជនអាចធ្វើការចុះបញ្ជីអាជីវកម្មថ្មីបាន តាមថ្នាលបច្ចេកវិទ្យាព័ត៌មាន ជាកញ្ចប់ ដែលមានអាស័យដ្ឋាន www.registrationservices.gov.kh ដូចជាការចុះបញ្ជីពាណិជ្ជកម្មនៅក្រសួងពាណិជ្ជកម្ម ការចុះបញ្ជីពន្ធដារ នៅអគ្គនាយកដ្ឋានពន្ធដារ និងការធ្វើសេចក្ដីប្រកាសផ្តល់ដំណឹងបើកសហគ្រាស ជូនទៅក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងពេលតែមួយ និងត្រូវការពេលវេលាយ៉ាងយូរត្រឹម ៨ថ្ងៃនៃថ្ងៃធ្វើការប៉ុណ្ណោះ ជាមួយនឹងការចំណាយជាងមុនរហូតជាងពាក់កណ្តាល។ ទន្ទឹមនឹងនេះ វិនិយោគិនអាចស្នើសុំចុះបញ្ជីគម្រោងវិនិយោគមានលក្ខណៈសម្បតិ្តគ្រប់គ្រាន់ តាមថ្នាលបច្ចេកវិទ្យាព័ត៌មាននេះផងដែរ នៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។ 

  សេចក្ដីប្រកាសបន្ថែមថា ប្រព័ន្ធចុះបញ្ជីអាជីវកម្ម និងយន្តការថ្មីនេះ គឺជាប្រព័ន្ធទីមួយរបស់រាជរដ្ឋាភិបាល ដែលមានការតភ្ជាប់ផ្លាស់ប្ដូរទិន្នន័យ ជាមួយប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានរបសក្រសួង-ស្ថាប័នពាក់ព័ន្ធក្នុងក្របខណ្ឌ ជាប្រព័ន្ធអេកូឡូស៊ី ហើយត្រូវបានដាក់ឲ្យប្រើប្រាស់ជាលក្ខណៈអន្ដរក្រសួង ដោយទិន្នន័យទាំងអស់នឹងត្រូវបានបញ្ជូនចែករំលែកដោយស្វ័យប្រវត្តិ ទៅប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានរបស់ក្រសួង-ស្ថាប័នពាក់ព័ន្ធដើម្បីធ្វើការត្រួតពិនិត្យនិងផ្តល់ការអនុម័ត។ ដំណើរការនៅក្នុងការចុះបញ្ជី ការដាក់ឯកសារយោង ក៏ដូចជាការទទួលបានមកវិញ នូវវិញ្ញាបនត្រចុះបញ្ជីពាណិជ្ជកម្ម វិញ្ញាបនត្រចុះបញ្ជីពន្ធដារ បណ្ណប៉ាតង់ ក៏ដូចជាឯកសារផ្សេងៗទៀតទាំងអស់ នឹងត្រូវផ្តល់ និងទទួលបានជាទម្រង់ឌីជីថល ដែលនឹងត្រូវបានធ្វើឡើងទាំងស្រុងនៅលើថ្នាលបច្ចេកវិទ្យាព័ត៌មាន ហើយមិនមានការប្រើប្រាស់ជាឯកសាររូបី ក្នុងទម្រង់រឹងទៀតទេ។ តាមរយៈថ្នាលបច្ចេកវិទ្យាព័ត៌មាននេះ និតិវិធីស្មុគស្មាញ ការផ្តល់ព័ត៌មានច្រើនដង និងច្រំដែល ពេលវេលា និងការចំណាយ ដែលកើតមាននៅតាមបណ្តាដំណាក់កាលនៃការចុះបញ្ជីអាជីវកម្មនៅក្របខណ្ឌយន្តការចាស់ត្រូវបានកាត់បន្ថយជាអតិបរមា។ 

  លើសពីនេះ ប្រព័ន្ធចុះបញ្ជីរអាជីវកមុ្មថ្មីនេះ នឹងផ្តល់ឱកាសដ៏សំខាន់មួយទៀតផងដែរ ដល់ធុរជនដែលកំពុងស្វែងរកឯកសារគតិយុត្តកំណត់អត្តសញ្ញាណអាជីវកម្មរបស់ខ្លួន ដើម្បីពន្លឿន និងទទួលបានឥណទានពីកម្មវិធីហិរញ្ញប្បទានពិសេសរបស់រាជរដ្ឋាភិបាល ក្នុងវិធានការជួយដល់វិស័យឯកជន ដែលទទួលរងផលប៉ះពាល់បីការរីករាលដាលនៃជំងឺកូវីដ១៩។ 

  សូមបញ្ជាក់ថា ពិធីប្រកាសដាក់ដំណើរការជាផ្លូវការ ប្រព័ន្ធចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មាន នាពេលនេះគ្រាន់តែជាដំណាក់កាលទី១ ដែលផ្តោតសំខាន់លើការចុះបញ្ជីរអាជីវកម្មថ្មីតែប៉ុណ្ណោះ នៅក្នុងដំណាក់កាលបន្ទាប់ រាជរដ្ឋាភិបាលនឹងបន្ដពង្រីកវិសាលភាពនៃប្រព័ន្ធនេះ ឈានទៅគ្របដណ្តប់ដល់គ្រប់ក្រសួង-ស្ថាប័នផ្សេងទៀត ដើម្បីរៀបចំការផ្តល់អាជ្ញាបណ្ណនានាតាមថ្នាលបច្ចេកវិទ្យាព័ត៌មានថែមទៀត។