ឯកឧត្តមស៊ាន បូរ៉ាត បន្តតំណែងជាប្រធានសហព័ន្ធកីឡាបាល់បោះកម្ពុជាសម្រាប់អណត្តិថ្មីទី៨ ឆ្នាំ២០២០-២០២៣

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ ជៀង​ យ៉ា​រ៉េត​

ឯកឧត្តម ស៊ាន បូរ៉ាត រដ្ឋលេខាធិការនៃក្រសួងអប់រំ យុវជន និងកីឡា បានទទួលការគាំទ្រពីអង្គមហាសន្និបាត ឲ្យធ្វើជាប្រធានសហព័ន្ធកីឡាបាល់បោះកម្ពុជាសម្រាប់អណត្តិថ្មី ទី៨ ឆ្នាំ២០២០-២០២៣បន្តទៀត បន្ទាប់ពីសហព័ន្ធបានធ្វើមហាសន្និបាតបញ្ចប់អណត្តិចាស់(២០១៧-២០២០)របស់ខ្លួននាព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០
នៅសាលប្រជុំនាយកដ្ឋានអប់រំកាយ និងកីឡា ក្នុងពហុកីឡដ្ឋានជាតិ។
សម្រាប់អណត្តិទី៨ ឆ្នាំ២០២០-២០២៣មានសមាជិកចំនួន១៥រូប ចំណែកអគ្គលេខាធិការ និងអគ្គលេខាធិការរងសហព័ន្ធមិនមែនជាសមាជិកឡើយ។ សមាជិកប្រតិបត្តចំនួន១៥រូប រួមមានឯកឧត្តម ស៊ាន បូរ៉ាត រដ្ឋលេខាធិការនៃក្រសួងអប់រំ យុវជន និងកីឡា ជាប្រធានសហព័ន្ធកីឡាបាល់បោះកម្ពុជា, ឯកឧត្តម អ៊ុក សិទ្ធិជាតិ អគ្គនាយកីឡា លោក ឈី សម្បតិ្ត លោក ខេស៊ី បាណេត ជាអនុប្រធាន, លោក សាំ យៀង លោក ជូ សុខារី លោក រ៉ាឌី មុំ លោក សាន់ នី លោក គឹម រ័ត្នណារិន លោក ប៉ុន សុខ លោក ហ៊ុន សាមុត លោក ដួង មាសចំរើន លោក ផ្លុង លីឌៀន អែម ប៊ុន្នី និងលោក អ៊ុំ ចាន់តារាជាសមាជិក ។
បច្ចុប្បន្នសហព័ន្ធមានការខ្វះខាតធនធានមនុស្ស អ្នកឧបត្តម្ភនៅមានកម្រិត និងពុំទាន់មានការចូលរួមពីសំណាក់មហាជនច្រើនកុះករនៅឡើយ ហើយស្មារតីសហការ និងការបំពេញការងារជាក្រុមនៅពុំទាន់មានការស៊ីសង្វាក់គ្នា ចំពោះហេដ្ឋារចនាសម្ព័ន្ធដូចជាទីលានមានតិចតួច និងមិនទាន់សមស្របតាមស្តង់ដាបច្ចេកទេស ព្រមទាំងខ្វះខាតនូវសម្ភារបច្ចេកទេសដែលបំពាក់នៅទីលានប្រកួត និងសមស្របតាមស្តង់ដារប្រកួត។
សូមបញ្ជាក់ថា  ផ្អែកតាមរបាយការណ៍សកម្មភាពរបស់សហព័ន្ធកីឡាបាល់បោះកម្ពុជាមួយអណត្តិទី៧(២០១៧- ២០២០) បានបង្ហាញឲ្យឃើញថា សហព័ន្ធកីឡាបាល់បោះកម្ពុជា បានដំណើរកាលទៅដោយរលូន ទោះបីជាមានចំណុចខ្សោយមួយចំនួនតូចក៍ដោយ។គណៈកម្មាធិការប្រតិបត្តិសហព័ន្ធនិងមន្រ្តីបច្ចេកទេសបានខិតខំប្រឹងប្រែងបំពេញ ភារកិច្ចរបស់ខ្លួនឆ្លើយតបទៅគោលដៅរបស់កីឡាជាតិនិងអន្តរជាតិនឹងសម្រេចផែនការរបស់ខ្លួន។សហព័ន្ធបានពុះពាររាល់ការលំបាកដោយខិតខំបំពេញភារកិច្ចដោះស្រាយចំណុចខ្វះខាតដែលនៅសេសសល់នឹងជំរុញឲ្យការងារសហព័ន្ធឲ្យទទួលបានជោគជ័យនាពេលអនាគត៕