ក្រសួងអប់រំ និងសហព័ន្ធខ្មែរកីឡាហែលទឹកត្រៀមបង្កើតគណៈកម្មការាគ្រប់គ្រងអាងហែលទឹកនៃពហុកីឡដ្ឋានជាតិ

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ ជៀង​  យ៉ា​រ៉េត​

ឯកឧត្តម ស សុខា រដ្ឋលេខាធិការនៃក្រសួងអប់រំ យុវជន និងកីឡា និងឯកឧត្តម ស៊ួង ហេង រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងអនុប្រធានសហព័ន្ធខ្មែរកីឡាហែលទឹកកាលពីល្ងាចថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០ បានអញ្ជើញចូលរួមការប្រជុំពិភាក្សាការងារកិច្ចព្រមព្រៀងគ្រប់គ្រង និងការបង្កើតគណៈកម្មការាគ្រប់គ្រងការប្រើប្រាស់អាងហែលទឹកនៃពហុកីឡដ្ឋានជាតិ។
ឯ.ឧ ស៊ួង ហេង តំណាងឲ្យប្រធានសហព័ន្ធខ្មែរកីឡាហែលទឹក ឯ.ឧស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន បានមានប្រសាសន៍ថា ឯ.ឧប្រធានស្នើសុំឲ្យក្រសួងអប់រំ យុវជន និងកីឡាត្រូវរកដៃគូឯកជនមកគ្រប់គ្រងអាងហែលទឹកនៃពហុកីឡដ្ឋានជាតិ ប៉ុន្តែខាងបច្ចេកទេសត្រូវឲ្យខាងសហព័ន្ធអ្នកទទួលខុសត្រូវ។ ឯ.ឧបន្តថា ចំពោះប្រការទី១០ដែលមានន័យថា “មិនអនុញ្ញាតឲ្យមានការស្នាក់នៅ និងលក់ដូរភាពឯកជន ដូច្នេះឯ.ឧសុំជួបពិភាក្សាឯ.ឧប្រធាន ពីព្រោះកីឡាករ-កីឡាការិនី និងអ្នកហែលទឹកសុខភាពត្រូវការអាហារសម្រន់ គួរតែមានការលក់ដូរចំណីអាហារស្រាល។
ឯកឧត្តម ស សុខា ក៏បានមានប្រសាសន៍ថា ការបង្កើតគណៈកម្មការគ្រប់គ្រងការប្រើប្រាស់អាងហែលទឹកនៃពហុកីឡដ្ឋានជាតិធ្វើឡើងដើម្បីឲ្យមានភាពងាយស្រួលក្នុងការគ្រប់គ្រង ហើយក្រសួងក៏បានធ្វើជាមួយសហព័ន្ធកីឡាជាតិជាច្រើនមកហើយ។ ក្រសួងមិនចង់បានប្រាក់ចំណូលពីអាងហែលទឹកឡើយ តែសុំឲ្យសហព័ន្ធខ្មែរកីឡាហែលទឹកត្រូវធ្វើរបាយការណ៍ឲ្យច្បាស់ពីចំណូល និងចំណាយ៕