ប្រទេសលុចសំបួស្នើឱ្យសហភាពអឺរ៉ុបទទួលស្គាល់រដ្ឋប៉ាឡេស្ទីន ជាការឆ្លើយតបទៅនឹងការបញ្ចូលបន្ថែមរបស់អ៊ីស្រាអែល

AKP ភ្នំពេញ ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០​ — ក្នុងរយៈពេលតែជាងពីរសប្តាហ៍ប៉ុណ្ណោះ ទីក្រុងTel Aviv ដោយមានការសម្របសម្រួលជាមួយសហរដ្ឋអាមេរិក នឹងអាចចាត់វិធានការជាផ្លូវការដើម្បីនាំយកការតាំងទីលំនៅរបស់ជនជាតិជ្វីហ្វ និងជ្រលងភ្នំហ្ស៊កដានី ឱ្យស្ថិតនៅក្រោមការគ្រប់គ្រងរបស់អ៊ីស្រាអែល។

រដ្ឋមន្ត្រីការបរទេសនៃប្រទេសលុចសំបួ បានស្នើថា សហភាពអឺរ៉ុបគួរតែទទួលស្គាល់ភាពជារដ្ឋរបស់ប៉ាឡេស្ទីនក្នុងការឆ្លើយតបទៅនឹងការបញ្ចូលតំបន់វេសប៊ែងដែលបានគ្រោងទុករបស់អ៊ីស្រាអែល។

ថ្លែងទៅកាន់ទីសារព័ត៌មាន Der Spiegel លោក Jean Asselborn បានហៅផែនការនេះថា ជា «ការរំលោភបំពានច្បាប់អន្តរជាតិ» ដោយស្នើថា សហភាពអឺរ៉ុបគួរតែពិចារណាទៅលើសកម្មភាពតឹងរឹងជាជាងការគ្រាន់តែសរសេរ «លិខិតស្តីបន្ទោស»។

អ្នកការទូតរូបនេះបានកត់សម្គាល់ថា វាឆាប់ពេកហើយក្នុងការនិយាយអំពីការដាក់ទណ្ឌកម្មសងសឹកទៅលើអ៊ីស្រាអែល ដោយសារតែប្លុកនេះនៅតែព្យាយាមផ្លាស់ប្តូរគំនិតរបស់អ៊ីស្រាអែល។ សហភាពអឺរ៉ុបទាមទារការយល់ព្រមជាឯកច្ឆន្ទមុនពេលដាក់ទណ្ឌកម្ម ហើយប្រទេសអាល្លឺម៉ង់បានបង្ហាញថា ខ្លួនមិនមានការសាទរចំពោះចំណាត់ការបែបនេះទេ ដែលនេះជាការបង្កើនលទ្ធភាពនៃសិទ្ធិវេតូ។

ផ្ទុយទៅវិញ លោក Asselborn បាននិយាយថា ទីក្រុងព្រុចសែលអាចទទួលស្គាល់រដ្ឋប៉ាឡេស្ទីនដែលជាដំណើរការមួយដែលមិនត្រូវការ ការឯកភាពគ្នាទេ។ សមាជិកសហភាពអឺរ៉ុបចំនួនប្រាំបួន រួមមាន      ប៊ុលហ្គារី សាយព្រុស សាធារណរដ្ឋឆែក ហុងគ្រី ម៉ាល់តា ប៉ូឡូញ រ៉ូម៉ានី ស្លូវ៉ាគី និងស៊ុយអ៊ែត បានធ្វើរួចហើយ ហើយប្រទេសមួយចំនួនក្នុងចំណោមបញ្ជីនេះ «ទំនងនឹងផ្តល់ការទទួលស្គាល់ច្រើនជាងការដាក់ទណ្ឌកម្មសេដ្ឋកិច្ច»។

ចាប់តាំងពីបានមកដល់អត្ថិភាពរបស់ខ្លួន អ៊ីស្រាអែលមានជម្លោះជាមួយប៉ាឡេស្ទីនដែលស្វែងរករដ្ឋឯករាជ្យមួយនៅលើទឹកដីនៃតំបន់ West Bank និងតំបន់ហ្គាហ្សាស្ទ្រីប។ ភាពតានតឹងរវាងភាគីប៉ាឡេស្ទីនធំៗពីរគឺFatah នៅតំបន់វេសប៊ែង និង Hamas នៅហ្គាហ្សា និងការខ្វែងគំនិតគ្នារវាងប៉ាឡេស្ទីន និងអ៊ីស្រាអែល ចំពោះការរៀបចំរដ្ឋពីរនាពេលអនាគតដែលបាននាំឱ្យមានភាពជាប់គាំង៕

(ប្រភព Sputnik បកប្រែដោយលោក យា ចិន្តាខន្តី)