លោក មូន ជំរុញឱ្យប្រទេសកូរ៉េខាងជើងកុំធ្វើឱ្យមានភាពថយក្រោយ ចំពោះកិច្ចខិតខំប្រឹងប្រែងសន្តិភាពដែលបានព្រមព្រៀងគ្នា

AKP ភ្នំពេញ ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០​ — កាលពីថ្ងៃចន្ទ ប្រធានាធិបតីកូរ៉េខាងត្បូង លោក Moon Jae-in បានអំពាវនាវឱ្យប្រទេសកូរ៉េខាងជើងចាកចេញពីទ្វារសម្រាប់ការសន្ទនាគ្នាដោយបើកចំហ ដោយសង្កត់ធ្ងន់ទៅលើតម្រូវការសម្រាប់ប្រទេសកូរ៉េទាំងពីរដើម្បីកសាងជំនឿទុកចិត្តគ្នាទៅវិញទៅមក ដោយផ្អែកទៅលើស្មារតីនៃកិច្ចព្រមព្រៀងកំពូលជាប្រវត្តិសាស្ត្រឆ្នាំ ២០០០ ។

លោកបាននិយាយនៅក្នុងសារជាវីដេអូសម្រាប់ព្រឹត្តិការណ៍ផ្លូវការណ៍មួយ ដើម្បីរំលឹកដល់កិច្ចប្រជុំកំពូលលើកដំបូងរវាងមេដឹកនាំកូរ៉េទាំងពីរថា «ចំពោះប្រទេសកូរ៉េខាងជើង ខ្ញុំស្នើមិនឱ្យបិទទ្វារនៃការសន្ទនានោះទេ» ។

នៅក្នុងសកម្មភាពជានិមិត្តរូប លោក មូន បានបង្ហាញខ្លួននៅក្នុងវីដេអូដោយបានពាក់ក្រវ៉ាត់កពណ៌ខៀវដែលអតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក គីម ដេជុង បានពាក់វាកាលពីពីរទសវត្សរ៍មុននៅពេលដែលលោក ចុះហត្ថលេខាលើសេចក្តីប្រកាសរួមថ្ងៃទី១៥ ខែមិថុនា ជាមួយមេដឹកនាំកូរ៉េខាងជើង លោកគីម ជុងអ៊ីល ដែលត្រូវជាឪពុកមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន នាពេលបច្ចុប្បន្ននេះ បន្ទាប់ពីកិច្ចពិភាក្សាកំពូលរបស់ពួកគេនៅទីក្រុងព្យុងយ៉ាង។

យោងតាម Cheong Wa Dae បានឱ្យដឹងថា លោក Kim Hong-gul ដែលត្រូវជាកូនប្រុសរបស់លោក គីម ដេជុង បានប្រគល់ក្រវ៉ាត់កនេះទៅឱ្យលោក មូន ។

លោក មូន បានបញ្ជាក់ម្តងទៀតនូវការអំពាវនាវឱ្យកូរ៉េទាំងពីរដោះស្រាយបញ្ហាដែលមិនទាន់សម្រេចបានតាមរយៈ «ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ»។

លោកបាននិយាយបន្ថែមថា «អ្វីដែលសំខាន់បំផុតនោះ គឺការទុកចិត្តគ្នារវាងកូរ៉េខាងត្បូង និងកូរ៉េខាងជើង។ យើងត្រូវតែអភិវឌ្ឍនូវការជឿទុកចិត្តគ្នារវាងភាគីទាំងពីរតាមរយៈការសន្ទនាគ្នាជាប្រចាំ»។

ថ្លែងនៅក្នុងកិច្ចប្រជុំប្រចាំសប្តាហ៍មួយជាមួយជំនួយការជាន់ខ្ពស់របស់ Cheong Wa Dae កាលពីព្រឹកម្សិលមិញនេះ លោកប្រធានាធិបតីបាននិយាយថា លោកបានធ្វើពិធីរំលឹកខួបអនុស្សាវរីយ៍ដោយ «បេះដូង» ជាក់ស្តែងសំដៅទៅលើទំនាក់ទំនងអន្តរកូរ៉េដ៏ត្រជាក់ ដែលបានគូសបញ្ជាក់ដោយការសម្រេចចិត្តរបស់ទីក្រុងព្យុងយ៉ាងក្នុងការកាត់ផ្តាច់រាល់បណ្តាញទំនាក់ទំនងជាមួយទីក្រុងសេអ៊ូល ហើយថែមទាំងបានគំរាមដល់ការប្រើសកម្មភាពយោធាទៀតផង៕

(ប្រភព Yonhab បកប្រែដោយលោក យា ចិន្តាខន្តី)