រដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូងពិភាក្សាអំពីកិច្ចសហប្រតិបត្តិ សម្រាប់មេរោគកូរ៉ូណាវីរុសជាមួយប្រធានអាស៊ាន

AKP ភ្នំពេញ ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០​ — ការិយាល័យរបស់រដ្ឋមន្រ្តីការបរទេសកូរ៉េខាងត្បូង លោកស្រី Kang Kyung-wha បាននិយាយថា លោកស្រីបានសន្ទានតាមទូរស័ព្ទជាមួយប្រធានអាស៊ានដែលមានសមាជិក ១០ប្រទេសកាលពីថ្ងៃច័ន្ទ និងបានពិភាក្សាអំពីមធ្យោបាយនានា សម្រាប់កិច្ចសហប្រតិបត្តិការកាន់តែខ្លាំងឡើងនៅពេលមានការរីករាលដាលនៃមេរោគកូរ៉ូណាវីរុស។

ក្នុងអំឡុងពេលនៃការសន្ទានតាមទូរស័ព្ទជាមួយអគ្គលេខាធិការអាស៊ាន លោក Lim Jock Hoi លោកស្រី Kang បាននិយាយថា ប្រទេសកូរ៉េខាងត្បូងកំពុងស្វែងរកវិធានការដែលនឹងអនុញ្ញាតឱ្យមានការចូលទៅក្នុងប្រទសជាពិសេសរបស់អ្នកជំនួញមកពីរដ្ឋជាសមាជិកអាស៊ាន ដែលជាការលើកលែងចំពោះការរឹតត្បិតការចូលនាពេលបច្ចុប្បន្ននេះដោយសារការរីករាលដាលនៃជំងឺកូវីដ-១៩ និងដើម្បីជាការបើកសកម្មភាពសេដ្ឋកិច្ចសំខាន់ៗឡើងវិញផងដែរ។

ដោយពន្យល់អំពីស្ថានភាពនៃការផ្ទុះឡើងនៃវីរុសនេះនៅក្នុងប្រទេសកូរ៉េខាងត្បូង និងកិច្ចខិតខំប្រឹងប្រែងនៃការដាក់ឱ្យនៅដាច់ដោយឡែករបស់ខ្លួន លោកស្រីបានអំពាវនាវឱ្យលេខាធិការដ្ឋានអាស៊ានមាន      តួនាទីយ៉ាងសកម្មក្នុងការបង្រួបបង្រួមឆន្ទៈ និងសមត្ថភាពរបស់បណ្តាប្រទេសនៅអាស៊ានដើម្បីជៀសផុតពីជំងឺរាតត្បាតនេះ។

លោកស្រីបាននិយាយបន្ថែមថា ការពង្រីកកិច្ចសហប្រតិបត្តិការជាមួយអាស៊ានក្នុងវិស័យដែលទាក់ទងសុខភាពនឹងក្លាយជាប្រធានបទដ៏សំខាន់សម្រាប់កូរ៉េខាងត្បូង ស្របតាមគោលនយោបាយថ្មីភាគខាងត្បូងដែលជាគំនិតផ្តួចផ្តើមដែលត្រូវបានជំរុញដោយរដ្ឋាភិបាលលោក មូន ជេអ៊ីន ដើម្បីធ្វើឱ្យស៊ីជម្រៅនូវទំនាក់ទំនងជាមួយដៃគូតំបន់អាស៊ីអាគ្នេយ៍។

ជាការឆ្លើយតប លោក Lim បានឯកភាពថា អាស៊ាន និងកូរ៉េខាងត្បូងគួរតែបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយគ្នាដើម្បីជួយជំរុញសេដ្ឋកិច្ចដែលរងគ្រោះដោយសារការឆ្លងមេរោគនេះ។

លោកក៏បានថ្លែងអំណរគុណចំពោះការផ្តល់ថវិកាចំនួន ៥លានដុល្លារអាមេរិករបស់កូរ៉េខាងត្បូងដល់បណ្តាប្រទេសនៅអាស៊ានតាមរយៈមូលនិធិសហប្រតិបត្តិការ ដើម្បីផ្តល់នូវឧបករណ៍ធ្វើតេស្តមេរោគ និងឧបករណ៍ការពារមេរោគកូរ៉ូណាវីរុស៕

(ប្រភព Yonhab បកប្រែដោយលោក យា ចិន្តាខន្តី)