ប្រទេសថៃ និងឥណ្ឌូណេស៊ី គ្រោងនឹងស្វាគមន៍ភ្ញៀវទេសចរបរទេស

AKP ភ្នំពេញ ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០​ — យោងតាមផែនការអនុវត្តដែលនឹងត្រូវដាក់ជូនសម្រាប់ការអនុម័តពីមជ្ឈមណ្ឌលគ្រប់គ្រងស្ថានភាពជំងឺកូវីដ-១៩ របស់ប្រទេសថៃ (CCSA) បានឱ្យដឹងថា ភ្ញៀវទេសចរបរទេសប្រមាណ ១.០០០នាក់ត្រូវបានគេរំពឹងថា នឹងត្រូវបានអនុញ្ញាតឱ្យចូលក្នុងប្រទេសថៃក្នុងមួយថ្ងៃ ហើយច្បាប់នៃការដាក់ឱ្យនៅដាច់ដោយឡែកសម្រាប់ រយៈពេល ១៤ថ្ងៃនឹងត្រូវបានលើកលែង។

កាលពីថ្ងៃទី១៤ ខែមិថុនា អ្នកនាំពាក្យរងរបស់រដ្ឋាភិបាលថៃ លោកស្រី Traisuree Taisaranakul បាននិយាយថា ជនបរទេសទាំងនេះដែលភាគច្រើនជាអ្នកជំនួញ និងអ្នកជំងឺ ដែលកំពុងស្វែងរកការព្យាបាលនៅក្នុងប្រទេសថៃ ត្រូវតែជាផ្នែកមួយនៃកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យទេសចរណ៍ រវាងប្រទេស និងប្រទេសដែលបានជ្រើសរើសដើម្បីគ្រប់គ្រងការ​រាតត្បាតជា​សកល។

លោកស្រីបាននិយាយថា អ្នកទេសចរទូទៅនឹងត្រូវបានអនុញ្ញាតឱ្យចូលប្រទេសថៃប្រសិនបើកម្មវិធីលើកកម្ពស់វិស័យទេសចរណ៍បង្ហាញថា ទទួលបានជោគជ័យទាក់ទងនឹងការគ្រប់គ្រងការឆ្លងរាតត្បាត។ លោកស្រីបាននិយាយបន្ថែមថា ការធ្វើតេស្តត្រួតពិនិត្យជំងឺកូវីដ-១៩ នឹងត្រូវបានទាមទារទាំងមុនពេលអ្នកទេសចរចាកចេញពីប្រទេសរបស់ពួកគេ និងទាំងពេលមកដល់ប្រទេសថៃ។

មន្រ្តីរូបនេះបានកត់សម្គាល់ថា ទោះជាយ៉ាងណា នេះមិនមែនមានន័យថា ភ្ញៀវទេសចរនឹងអាចធ្វើដំណើរដោយសេរីក្នុងប្រទេសថៃបាននោះទេ ព្រោះពួកគេនៅតែត្រូវបានហាមឃាត់មិនឱ្យទៅទស្សនាផ្នែកខ្លះនៃប្រទេសនេះ ហើយនឹងត្រូវបានតាមដានតាមរយៈកម្មវិធីទូរស័ព្ទដៃ។

ព័ត៌មានលម្អិតចុងក្រោយនៃកម្មវិធីនេះកំពុងត្រូវបានពិភាក្សាដោយក្រសួងទេសចរណ៍ និងកីឡា ក្រសួងសុខាភិបាល ក្រសួងមហាផ្ទៃ និងក្រសួងការបរទេសនៃប្រទេសថៃ។

ប្រទេសអាស៊ីអាគ្នេយ៍មួយទៀត គឺឥណ្ឌូណេស៊ីក៏កំពុងមានផែនការបើកវិស័យទេសចរណ៍របស់ខ្លួនឡើងវិញដែរ ដែលកំពុងត្រូវបានរងគ្រោះដោយសារជំងឺនេះ។

អ្នកនាំពាក្យរបស់ក្រុមការងារជំងឺកូវីដ-១៩ នៃក្រសួងទេសចរណ៍ និងច្នៃប្រឌិតរបស់ឥណ្ឌូណេស៊ី លោក Ari Juliano បាននិយាយកាលពីដើមខែមិថុនាថា វិធានការត្រួតពិនិត្យសុខភាពយ៉ាងតឹងរឹងនឹងត្រូវបានអនុវត្តដើម្បីការពារភ្ញៀវទេសចរ និងរារាំងពួកគេពីការនាំវីរុសចូលទៅក្នុងប្រទេសឥណ្ឌូណេស៊ី។

ប្រទេសនេះគ្រោងនឹងបើកវិស័យទេសចរណ៍របស់ខ្លួនឡើងវិញ ដែលជាដំបូង គឺសម្រាប់ប្រទេសចិន សាធារណរដ្ឋកូរ៉េ ជប៉ុន និងអូស្ត្រាលី ដែលជាប្រទេសមានវិនិយោគិនច្រើនជាងគេរបស់ប្រទេសមួយនេះ៕

(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)