ខេត្តកំពង់ស្ពឺមានសន្ទុះភ្ញៀវទេសចរកើនឡើងវិញ បន្ទាប់ពីជំងឺកូវីដ-១៩ថយចុះ

វិទ្យុជាតិកម្ពុជា៖ ហាន់ ស្រីណា ១៦. ០៦ .២០


មន្ទីរទេសចរណ៍ខេត្តកំពង់ស្ពឺបានឲ្យដឹងថា ភ្ញៀវទេសចរមានសន្ទុះកើនឡើងក្នុងការទៅលេងកម្សាន្តនៅតំបន់ទេសចរណ៍នានាក្នុងខេត្ត បន្ទាប់ពីជំងឺកូវីដ-១៩ថយចុះដែលជួយស្តារសេដ្ឋកិច្ចរបស់ប្រជាសហគមន៍។
អ្នកយកព័ត៌មានយើងធ្វើសេចក្តីរាយការណ៍………
លោក សៅ សារ៉ន ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ស្ពឺបានប្រាប់វិទ្យុជាតិកម្ពុជាឲ្យដឹងថា មានភ្ញៀវទេសចរជាច្រើននាក់បានដើរលេងកម្សាន្តនៅតាមតំបន់រមណីយដ្ឋាននានានៅទូទាំងខេត្តកំពង់ស្ពឺជារៀងរាល់ថ្ងៃ រួមមានតំបន់រមណីដ្ឋានគិរីរម្យ ខ្នងភ្នំឪរ៉ាល់ ខ្នងភ្នំផ្សារ តំបន់ទឹកធ្លាក់និង តំបន់អេកូទេសចរណ៍ជាច្រើនទៀត ។
លោកបន្តថា ការមានសន្ទុះភ្ញៀវទេសចរកើនឡើងវិញនេះដោយសាតែខេត្តកំពង់ស្ពឺមានសក្តានុពលទេសចរណ៍លក្ខណះពិសេសខុសពីបណ្តាលខេត្តនានា គឺភាពអំណោយផលពីធម្មជាតិ ទឹកដីសម្បូរដោយសម្បត្តិធម្មជាតិ សម្បូរទៅព្រៃឈើក្រាស់ ជ្រលងភ្នំខ្ពស់ៗ វាលស្រល់ដ៏ស្រស់ស្អាត និងសម្បូរទៅដោយសត្វព្រៃកម្រជាច្រើនប្រភេទ ពិសេសនៅមិនឆ្ងាយពីរាជធានីភ្នំពេញ ។
សំឡេង៖ កន្លែងគោលដៅនៅក្នុងទីរួមខេត្តនេះមានភ្ញៀវទេសចរសៅរ៍អាទិត្យក៏មិនតិចដែរ។ខ្ញុំគិតថាហើយពីកូវីដនេះទៅភ្ញៀវទេសចរ ប្រហែលជាមិនចាញ់បណ្តាឆ្នាំមុនៗប៉ុន្មានទេ ក្រោយពីកូវីដនេះតែបន្តិចគ្រាន់តែប្រកាសបើកខេត្តឃើញថាមនុស្សពេញលើភ្នំ គឺភ្ញៀវទេសចរឡើងវិញលើភ្នំតែម្តង។
សូមបញ្ជាក់ថា មន្ទីរទេសចរណ៍ខេត្តកំពង់ស្ពឺបានពង្រឹងការផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍
រួមជាមួយនឹងពង្រឹងកិច្ចការអភិរក្សតំបន់ព្រៃឈើនិងតំបន់សហគមន៍ដែលនៅឆ្ងាយឆ្ងាយពិសេសគឺការរក្សាមុខម្ហូបប្រពៃណីរបស់ខេត្តឲ្យនៅតែទទួលបានឱជារសឈ្ងុយឆ្ងាញ់សម្រាប់បម្រើដល់ភ្ញៀវទេសចរអោយមកលេងម្តងហើយចង់មកម្តងទៀត៕