អភិបាលខេត្ត នាំអំណោយសាខាកាកបាទក្រហមកម្ពុជាខេត្ត ចែកជូនពលរដ្ឋងាយរងគ្រោះជនចាស់ជរា ជនពិការ នៅស្រុកលំផាត់

AKP រតនគិរី ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០–

នៅព្រឹកថ្ងៃចន្ទ ១០រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៥​ ខែមិថុនា ឆ្នាំ២០២០ ឯកឧត្តម ថង សាវុន អភិបាលខេត្ត និង ជា ប្រធានសាខាកាកបាទក្រហមកម្ពុជាខេត្តរតនគិរី រួមទាំង ឯកឧត្តម លោកជំទាវ អនុប្រធានសមាជិក សមាជិកា អនុសាខាស្រុក និងសហការី បានអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ផ្តល់ជូនជនងាយរងគ្រោះ​ ចាស់ជរា ជនពិការ និងគ្រួសារក្រីក្រចំនួន ៥១គ្រួសារ​នៅ ស្រុកលំផាត់ ។

មានប្រសាសន៍សំណេះសំណាលជាមួយប្រជាពលរដ្ឋដែលមកទទួលអំណោយនៅទីតាំង ៣កន្លែង ឯកឧត្តម ថង សាវុន បាននាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្ដេចតែងតែយកចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប ដោយមិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ។

ឯកឧត្តមបន្តថា អំណោយមនុស្សធម៌ដែលបាននាំយកមកចែកជូនបងប្អូននាពេលនេះ ដើម្បីជួយសម្រាលទុក្ខលំបាករបស់បងប្អូនបានមួយកម្រិត ហើយក៏ជាការបង្ហាញនូវការយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋគ្រប់រូប ពីសំណាក់ថ្នាក់ដឹកនាំ ពិសេសគឺកាកបាទក្រហមកម្ពុជា ដែលមានសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធានដូចដែលបានលើកឡើងថា «កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា មិនទុកនរណាម្នាក់ចោល ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា»។

ឆ្លៀតឱកាសនេះ ឯកឧត្តម​ ថង​ សាវុន បានផ្សព្វផ្សាយដល់ប្រជាពលរដ្ឋទាំងអស់ ឱ្យមានការចូលរួមអនុវត្តន៍វិធានការការពារ និងកាត់បន្ថយហានិភ័យពីការឆ្លងជំងឺកូវីដ-១៩ ដោយអនុវត្តន៍ឱ្យបានត្រឹមត្រូវ តាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីរួមគ្នាប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ត្រូវថែរក្សាសុខភាពឱ្យបានល្អ តាមរយៈរស់នៅស្អាត ហូបស្អាត និងផឹកស្អាត ហើយក៏ត្រូវខិតខំចិញ្ចឹមសត្វ និងបង្កបង្កើនផល ដាំដំណាំរួមផ្សំផ្សេងៗ ដើម្បីឱ្យជីវភាពមានលក្ខណៈសមរម្យ និងត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា។

អំណោយរបស់សាខាកាកបាទក្រហមកម្ពុជាខេត្តរតនគិរី ផ្តល់ជូនជនងាយរងគ្រោះជាជនចាស់ជរា ជនពិការ គ្រួសារក្រីក្រទាំង ៥១គ្រួសារ នាពេលនេះក្នុងមួយគ្រួសារៗទទួលបានអង្ករ ២៥គីឡូក្រាម, ត្រីខ១យួរ, ទឹកស៊ីអ៊ីវ១យួរ, ខោអាវ១កញ្ចប់, និងថវិកាមួយចំនួន ៕ ដោយ៖ណយ នឿន (ប្រភពៈមន្ទីរព័ត៌មានខេត្តរតនគិរី)