ទុរេននៅក្នុងស្រុកស្ទឹងត្រង់មានរសជាតិឆ្ងាញ់មិនចាញ់ទុរេននៅខេត្តកំពតឡើយ

វិទ្យុជាតិកម្ពុជា៖ ដោយ កញ្ញា អុី កនិកា ១៥.៦.២០២០

ទុរេននៅក្នុងស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាមមានរសជាតិឆ្ងាញ់ មិនចាញ់ទុរេននៅខេត្តកំពតឡើយ ខណៈដែរអ្នកចូលចិត្តបរិភោគទុរេនតែងតែនាំគ្នាទិញបរិភោគជារៀងរាល់ថ្ងៃ។
អ្នកយកព័ត៌មានយើងធ្វើសេចក្តីរាយការណ៍បន្ថែម……………………….
លោក សរ ស្រ៊ី ម្ចាស់ចម្ការទុរេននៅក្នុងស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម បានប្រាប់វិទ្យុជាតិកម្ពុជាថា ទុរេន នៅក្នុងស្រុកស្ទឹងត្រង់នេះ មានសាច់លឿងរសជាតិផ្អែមឆ្ងាញ់ជក់មាត់ មិនចាញ់រសជាតិទុរេនកំពតឡើយ។ម្ចាស់ចំការរូបនេះបញ្ជាក់ថា ដោយសាររសជាតិផ្អែមឆ្ងាញ់និងមិនប្រើជាតិគីមីផងនោះ បានធ្វើអោយ
អតិថិជន ក៏ដូចជាម៉ូយតែងតែមកទទួលទិញ ដល់ទីតាំងចំការ ក្នុងមួយថ្ងៃៗជាងមួយរយគីឡូក្រាម ដោយក្នុង១គីឡូក្រាម តម្លៃចន្លោះពី១៨០០០ទៅ២៥០០០ រៀល។
សំឡេង៖« អ្នកដែលទទួលទិញទៅលក់មានខេត្តដូចជា ខេត្ត សៀមរាប .កំពត . រតនៈគិរី.មណ្ឌលគិរី.កំពង់ធំ.ជាពិសេសនៅរាជធានីភ្នំពេញ។ ដោយសារវាមានរដូវមុនក្រោយគ្នា ទុរេននៅស្រុកនេះគេពេញនិយមរសជាតិទឹកដោះគោ ផ្អែមឈ្ងុយឆ្ងាញ់ ។ប្រជាពលរដ្ឋនៅខេត្តផ្សេងៗពួកគាត់ថាទុរេននៅទីនេះមានរសជាតិឆ្ងាញ់ »។
លោក បាន ស្រេង អភិបាលរងស្រុកស្ទឹងត្រង់ បានមានប្រសាសន៍ថា មូលហេតុដែលធ្វើអោយទុរេននៅតំបន់នេះមានរសជាតិឆ្ងាញ់គឺដោយសារកត្តារួមផ្សំពីធម្មជាតិ ទង្វើរបស់អ្នកដាំដុះផ្ទាល់ ពិសេសទីតាំងភូមិសាស្ត្រ និងអាកាសធាតុអំណោយផល ព្រមទាំងស្ថានភាពដីមានជីជាតិល្អសម្រាប់ដំណាំទុរេន។
សំឡេង៖ « ឥលូវនេះប្រជាពលរដ្ឋមានការបំផុសច្រើនក្នុងការដាំទុរេនច្រើន ធ្វើឲ្យប្រជាពលរដ្ឋនៅស្រុកទទួលបានប្រាក់ចំណូលច្រើនជាងមុន ។នៅក្នុងស្រុកស្ទឹងត្រង់យើងនេះដំណាំទុរេនទទួលបានតម្លៃខ្ពស់ ។បើនិយាយទុរេននៅក្នុងស្រុកស្ទឹងត្រង់មានទីផ្សារល្អ និយាយទៅមានហាងឆេងខ្ពស់» ។
សូមបញ្ជាក់ថា បច្ចុប្បន្នកសិករនៅឃុំសសរជ្រៃ ឃុំអរក្សត្នោត ឃុំខ្នងក្តារអូម្លូ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម មានជាង៥០គ្រួសារបានប្រកបអាជីវកម្មដាំដុះដំណាំទុរេនលើផ្ទៃដីប្រមាណជាង៣០០ហិកតា មាន ពូជ ឳខាក់ និងម៉ានថង ៕