វិទ្យាស្ថានផលិតសូត្រខ្មែរក្នុងស្រុកអង្គរធំពង្រឹងការផលិតឲ្យកាន់តែមានគុណភាពដើម្បីទាក់ទាញទីផ្សារក្នុងស្រុកនិងការនាំចេញ

វិទ្យុជាតិកម្ពុជា អេង យូ ភ្នាក់ងារប្រចាំខេត្តសៀមរាប ថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ២០២០

 វិទ្យាស្ថានផលិតសូត្រខ្មែរក្នុងស្រុកអង្គរធំពង្រឹងការផលិតផលិតផលពីសរសៃសូត្រឲ្យកាន់តែមានគុណភាពដើម្បីទាក់ទាញអតិថិជនជួយបង្កើនឱកាសការងារ និងប្រាក់ចំណូលសម្រាប់ផ្គត់ផ្គង់ជីវភាពក្រុមគ្រួសារ ។
អ្នកយកព័ត៌មានយើងធ្វើសេចក្តីរាយការណ៍៖
លោកមាស ថុល ជាអ្នកចាត់ការទូទៅនៅក្នុងវិទ្យាស្ថានវាយនភ័ណ្ឌប្រពៃណីខ្មែរ (IKTT)ប្រចាំខេត្តសៀមរាបបានប្រាប់វិទ្យុជាតិកម្ពុជាឲ្យដឹងថា សិប្បកម្មសូត្រខ្មែរក្នុងស្រុកអង្គរធំនេះបានផ្តោតសំខាន់លើការផលិតសំពតហូល និងផាមួង ជាលក្ខណៈប្រពៃណីបុរាណខ្មែរ ដើម្បីរក្សាអត្តសញ្ញាណជាតិ ផង និងឆ្លើយតបទៅនឹងតម្រូវការទីផ្សារទំាងក្នុងស្រុក និងការនាំចេញ ។
លោកបញ្ជាក់ថា វិទ្យាស្ថាននេះបានពង្រឹង គុណភាពលើការផលិតហូល ផាមួង អំពីសូត្របែបបុរាណតែមានគុណភាព ដើម្បីទាក់ទាញអតិថិជន ខណៈផលិតផលសិប្បកម្មសូត្រខ្មែរកាន់តែមានការប្រកួតប្រជែង ទំាងតម្លៃ ការរចនាក្រឡាគោម និងគុណភាព ។
សំឡេង៖ ផលិតដែលយើងធ្វើសព្វថ្ងៃនេះយើងធ្វើដោយដៃ ហើយពណ៌ធម្មជាតិសុទ្ធសាធហើយជាសូត្រខ្មែរ ហើយតម្លៃនៅក្នុងស្រុកនិងក្រៅស្រុកវាអាចដូចគ្នា តែយើងលក់ មានការចុះតម្លៃ។ ខ្ញុំសូមឲ្យគាត់ជួយគាំទ្រពីស្នាដៃនិងវប្បធម៌ប្រពៃណីរបស់ខ្មែរ អ្វីដែលខ្មែរយើងមានយើងគួរតែគាំទ្រទាំងអស់ ដូចជាហូល ផាមួង និងជួយផ្សព្វផ្សាយឲ្យបានទូលំទូលាយបង្កើតឲ្យមានទីផ្សារក្នុងស្រុកឲ្យបានច្រើន។
លោកបញ្ជាក់ថា ផលិផផលសម្រេច គឺលក់ទៅតាមប្រភេទក្រឡាគោមរបស់ហូលនីមួយៗ ដោយក្នុងមួយសំពត់តម្លៃចាប់ពី៨០០ដុល្លាទៅ១០០០ដុល្លារ។រីឯសំពត់ផាមួងវិញគឺមានតម្លៃមួយម៉ែត្រចាប់ពី១៥០ដុល្លារឡើងទៅ ។ លោកបន្តថា ការផលិតសសៃសូត្រ មានការលំបាក ឆ្លងកាត់ដំណសក់កាលជាច្រើន ទម្រាំចេញជារូបរាង ដោយប្រើប្រាស់រយៈជិតមួយឆ្នាំទើបទទួលបានផល ព្រោះធ្វើដោយដៃសុទ្ទសាត ។
លោកឡុង រដ្ឋារក្ស អភិបាលនៃគណៈអភិបាលស្រុកអង្គរធំខេត្តសៀមរាបបានឲ្យដឹងថា សិប្បកម្មតម្បាញសូត្រនេះបានចូលរួមលើក កម្ពស់ស្ថានភាពជីវភាពប្រជាពលរដ្ឋនៅក្នុងតំបន់រួមទំាងបាន រួមចំណែកថែរក្សាប្រពៃណីវប្បធម៌ជាតិ ។ លោកបន្តថា អាជ្ញាធរស្រុក ក៏បានជួយផ្សព្វផ្សាយពីផលិតផលសូត្រខ្មែរតាម រយៈវេទិកាឬការប្រជុំផ្សេងៗ ដើម្បីឲ្យប្រជាពលរដ្ឋបានដឹងនិងជួយគាំទ្រផលិតផលសូត្រនេះ។
ចំណែកលោកភឿន គឹមលី ប្រធានមន្ទីរពាជ្ជកម្មខេត្តសៀមរាប បានអោយដឹងដែរថា សូត្រគឺជាផលិតផលដែលមានសក្តានុពលសម្រាប់ខេត្ត សៀមរាបត្រូវបានផ្សព្វផ្សាយបង្ហាញទៅកាន់មហាជនទូទៅតាមរយៈការតាំងបង្ហាញតាមវេទិការឬពិធីតាំងពិព័ណ៍នានាពីថ្នាក់ខេត្តរហូតដល់ថ្នាក់ជាតិ។
សំឡេង៖ ពីដើមមកយើងក៏ធ្លាប់បានសិក្សាពីសក្តានុពលរបស់ខេត្ត យើងក៏បានដាក់វិស័យសូត្រមួយដែរ ហើយក្រោយមកយើងតែងតែធ្វើការផ្សព្វផ្សាយនៅតាមកម្មវិធីពិពណ៌ថ្នាក់ជាតិថ្នាក់ខេត្ត និងក្រៅប្រទេសជាហូរហែរហូតដល់ពីឆ្នាំចុងក្រោយនេះយើងចាប់ផ្តើមមានពិពណ៌សិប្បកម្មសូត្រនេះតែម្តងដោយភ្ជាប់ជាមួយពិពណ៌បន្លែផ្លែឈើ។កន្លងមកនេះយើងមានបញ្ហាប្រឈមដែរលើការផ្គត់ផ្គង់សសៃសូត្រមិនគ្រប់ធ្វើឲ្យសសៃសូត្រឡើងថ្លៃហើយនេះជាផ្នែកមួយធ្វើឲ្យផលិផលរបស់យើងពិបាកក្នុងការប្រកួតប្រជែងលើទីផ្សារ។
សូមបញ្ជាក់ថា វិទ្យាស្ថានផលិតសូត្រខ្មែរក្នុងស្រុកអង្គរធំ (IKTT)បានបង្កើតឡើងដោយមានការគាំទ្រពីប្រទេសជប៉ុន កាលពីឆ្នាំ២០០០ នៅភូមិជប់សោម ឃុំពាក់ស្នែង ស្រុកអង្គរធំ ខេត្តសៀម រាប ហើយក្រៅពីការលក់ចេញក្នុងស្រុក ផលិតផលសូត្រខ្មែរនេះបាននាំចេញទៅក្រៅប្រទេសដូចជា ប្រទេសឥណ្ឌា និងប្រទេសជប៉ុន៕