សម្តេចតេជោអំពាវនាវប្អូនប្រជាពលរដ្ឋទូទាំងប្រទេសបន្តចូលរួមទប់ស្កាត់ការឆ្លងរាលដាលជំងឺឆ្លងរលាកផ្លូវដង្ហើមកូវីដ១៩

វិទ្យុជាតិកម្ពុជា ៖

សម្តេចតេជោហ៊ុនសែននាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានអំពាវនាវប្អូនប្រជាពលរដ្ឋទូទាំងប្រទេសបន្តចូលរួមទប់ស្កាត់ការឆ្លងរាលដាលជំងឺឆ្លងរលាកផ្លូវដង្ហើមកូវីដ១៩ព្រោះជំងឺនេះគឺនៅតែជាជំងឺឆ្លងរាតត្បាតដ៏កាចសហាវបំផុតដែលគ្មានថ្នាំព្យាបាលនៅឡើយទេមកទល់ថ្ងៃនេះ។
តាមហ្វេកប៊ុកផ្លូវការរបស់សម្តេចនៅថ្ងៃទី១៥ ខែមិថុនានេះបានរសរសេរថា ពេលនេះកម្ពុជាយើងក៏មានអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ២នាក់ថ្មីទៀតដែលបានធ្វើដំណើរមកពីប្រទេសឥណ្ឌូនេស៊ី ហើយពេលនេះកំពុងព្យាបាលនឹងរស់នៅដាច់ដោយឡែកក្នុងមណ្ឌលព្យាបាលកូវីដ១៩។ដូច្នេះបងប្អូនប្រជាពលរដ្ឋកុំធ្វេសប្រហែសមើលស្រាលលើជំងឺកូវីដ១៩ អោយសោះ។
តាមការបញ្ជាក់របស់អង្គការសុខភាពពិភពលោក (WHO) នៅលើពិភពលោកពេលនេះចំនួនអ្នកឆ្លងរោគកូវីដ១៩ គឺបានកើនឡើង 7,410,510នាក់ហើយចំនួនអ្នកស្លាប់គឺបានកើនដល់ 418,294 នាក់។ នៅសហរដ្ឋអាមេរិកគឺចំនួនអ្នកឆ្លងរោគកូវីដ១៩ និងស្លាប់ច្រើនជាងគេ។ រីឯនៅទីក្រុងប៉េកាំងប្រទេសចិនចំនួនអ្នកឆ្លងកូវីដ១៩ ថ្មីក្នុងប៉ុន្មានថ្ងៃកន្លងមកនេះគឺមាន ៥៩នាក់ ដែលកម្ពុជាសូមចូលរួមក្នុងក្តីព្រួយបារម្ភនេះ ព្រោះសុខទុក្ខរបស់ប្រទេសចិនក៏ជាសុខទុក្ខរបស់កម្ពុជាផងដែរ។
សម្តេចបន្តការណែនាំដល់បងប្អូនប្រជាពលរដ្ឋត្រូវបន្តប្រើប្រាស់ម៉ាស ឧស្សាហ៍ដុសលាងសម្អាតដៃជាមួយសាប៊ូ ទឹកអាល់កុល ឬចឹល ហើយកុំទៅទីប្រជុំជនដែលមានមនុស្សច្រើនបើគ្មានការចាំបាច់អ្វីទេនោះ។ ទីកន្លែងសំខាន់ៗមួយចំនួនដូចជាការិយាល័យធ្វើការ ហាងកាហ្វេ ភោគជនីយដ្ឋាន ផ្សារទំនើប ជាពិសេសក្លីនិកព្យាបាល និងមន្ទីពេទ្យនានាត្រូវមានទឹកអាល់កុល ចឹល នឹងម៉ាសសម្រាប់ពាក់ការពារទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩ពីម្នាក់ទៅម្នាក់។
ប្រសិនបើមានការសង្ស័យពីអាការៈរោគឆ្លងកូវីដ១៩ សូមខលទៅលេខ ១១៥ ហើយសូមសហការនិងស្តាប់តាមការណែនាំរបស់ក្រសួងសុខាភិបាល៕