សម្តេចតេជោហ៊ុនសែនអបអរសាទរ ខួប៥៨ឆ្នាំ ដែលតុលាការយុត្តិធម៌អន្តរជាតិក្រុងឡាអេ សម្រេចឱ្យកម្ពុជាជាម្ចាស់កម្មសិទ្ធិ លើប្រាសាទព្រះវិហារ

វិទ្យុជាតិកម្ពុជា ៖

សម្តេចតេជោហ៊ុនសែនអបអរសាទរ ខួប៥៨ឆ្នាំ ដែលតុលាការយុត្តិធម៌អន្តរជាតិក្រុងឡាអេ សម្រេចឱ្យកម្ពុជាជាម្ចាស់កម្មសិទ្ធិ លើប្រាសាទព្រះវិហារ ខណៈដែរប្រាសាទនេះជាកេរ្ត៍មរតកដ៏មានតម្លៃ មិនអាចកាត់ថ្លៃបានរបស់បុព្វបុរសខ្មែរ។
យោងតាមហ្វេសប៊ុករបស់ម្តេចតេជោ ហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានឲ្យ ដឹងថាថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០នេះ ជាខួប៥៨ឆ្នាំ ដែលតុលាការយុត្តិធម៌អន្តរជាតិ (ICJ) នាទីក្រុងឡាអេ ប្រទេសហុឡង់ បានសម្រេចឱ្យកម្ពុជាឈ្នះក្តីជាមួយប្រទេសថៃ ក្នុងសំណុំរឿងប្រាសាទព្រះវិហារ ដែលតុលាការយុត្តិធម៌អន្តរជាតិ សម្រេចឱ្យកម្ពុជាជាម្ចាស់កម្មសិទ្ធិលើប្រាសាទព្រះវិហារ។
សម្តេចតេជោបញ្ជាក់ថា សម្តេចព្រះមហាវីរក្សត្រខ្មែរ ព្រះបរមរតនកោដ្ឋ ព្រះករុណា ព្រះបាទ សម្តេចព្រះ នរោត្តម សីហនុ បានបំពេញព្រះរាជបូជនីយកិច្ចយ៉ាងស្វិតស្វាញបំផុត ដើម្បីទាមទារប្រាសាទព្រះវិហារ រហូតដល់យើងបានចុះបញ្ជីប្រាសាទព្រះវិហារ ជាសម្បត្តិបេតិកភណ្ឌពិភពលោក ថ្ងៃ ៧កក្កដា ឆ្នាំ២០០៨។
សូមបញ្ជាក់ថា ប្រាសាទព្រះវិហារ (Prasat Preah Vihear)គឺស្ថិតនៅភាគខាងជើងនៃប្រទេសកម្ពុជាក្នុងភូមិសាស្ត្រ ភូមិធម្មជាតិ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ប្រាសាទព្រះវិហារជាប្រាសាទភ្នំដែលកសាងនៅលើកំពូលភ្នំព្រះវិហារនៃជួរភ្នំដងរែក ដែលមានកម្ពស់ ៦២៥ម៉ែត្រ ធៀបទៅនិងទឹកសមុទ្រ។
ក្រុមអ្នកបុរាណវិទ្យាតែងបានគិតថាសំណង់ប្រាសាទព្រះវិហារត្រូវបានចាប់ផ្តើមកសាងឡើងដំបូងនៅដើមសតវត្សទី៩ក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី២ (៨០២-៨៥០)ដើម្បីឧទ្ទិសចំពោះព្រះឥសូរ ក្នុងសាសនាព្រាហ្មណ៍៕