ការសម្លាប់ជនជាតិអាម៉េរិកកំណើតដើមអាហ្រ្វិក ដោយប៉ូលិសបានបង្កឱ្យមានការតវ៉ានៅអាត្លង់តា

AKP ភ្នំពេញ ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០​ — ទូរទស្សន៍ CNN បានរាយការណ៍ថា ការធ្វើបាតុកម្មជុំវិញការស្លាប់របស់ជនជាតិអាហ្រ្វិកអាម៉េរិកម្នាក់បានចាប់ផ្តើមនៅទីក្រុងអាត្លង់តា រដ្ឋ Georgia ។យោងតាមការរាយការណ៍នេះបានឱ្យដឹងថា ក្រុមអ្នកតវ៉ាមួយក្រុមបានប្រមូលផ្តុំគ្នានៅកណ្តាលទីក្រុងអាត្លង់តា។ ការផ្សាយតាមទូរទស្សន៍ CNN បានបង្ហាញថា យ៉ាងហោចណាស់មានមនុស្សរាប់សិបនាក់បានទាមទារឱ្យអាជ្ញាធរបង្ក្រាបការរំលោភអំណាចរបស់ប៉ូលិស និងធានាសិទ្ធិរបស់ប្រជាជនស្បែកខ្មៅ។ អង្គការសិទ្ធិមនុស្សក្នុងស្រុកបានទាមទារឱ្យប្រធានប៉ូលិសនៅទីក្រុងនេះលាលែងពីតំណែង។

នៅពេលមុននេះ ការិយាល័យស៊ើបអង្កេតនៃរដ្ឋ Georgia បានរាយការណ៍នូវការស៊ើបអង្កេតអំពីគ្រោះថ្នាក់នេះ។ យោងតាមភ្នាក់ងារនេះបានឱ្យដឹងថា មន្រ្តីប៉ូលិសត្រូវបានបញ្ជូនកាលពីយប់ថ្ងៃសុក្រទៅកាន់ភោជនីយដ្ឋានអាហាររហ័ស។ បុរសស្បែកខ្មៅម្នាក់ដែលក្រោយមកត្រូវបានគេស្គាល់ថា ឈ្មោះ Raychard Brooks បានដេកលក់នៅក្នុងឡានរបស់គាត់ ដោយរារាំងផ្លូវឆ្លងកាត់របស់រថយន្តផ្សេងៗទៀត។

មន្រ្តីប៉ូលិសបានកំណត់ថា លោក Brooks ស្ថិតក្នុងស្ថានភាពស្រវឹង។ នៅពេលពួកគេប៉ុនប៉ងចាប់បុរសនោះ គាត់បានបដិសេធដោយចាប់យកឧបករណ៍ Taser ពីមន្រ្តីប៉ូលិសម្នាក់។ ក្នុងកំឡុងពេលមានជម្លោះនោះ មន្រ្តីប៉ូលិសម្នាក់បានបាញ់ទៅលើលោក Brooks ។ គាត់ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ប៉ុន្តែគាត់បានស្លាប់នៅក្នុងមន្ទីរពេទ្យនោះ។ មន្ត្រីប៉ូលិសម្នាក់បានរងរបួសក្នុងហេតុការណ៍នោះ។

ការតវ៉ា និងកុបកម្មទ្រង់ទ្រាយធំនៅសហរដ្ឋអាមេរិកបានផ្ទុះឡើងនៅក្នុងរដ្ឋជាច្រើន បន្ទាប់ពីមរណភាពរបស់លោក George Floyd ដែលជាជនជាតិអាហ្រ្វិកអាម៉េរិក។ គាត់បានស្លាប់នៅក្នុងមន្ទីរពេទ្យបន្ទាប់ពីមន្រ្តីប៉ូលិសម្នាក់បានសង្កត់ករបស់គាត់ក្នុងកំឡុងពេលចាប់ខ្លួនកាលពីថ្ងៃទី២៥ ឧសភា។ ឆ្មាំការពារជាតិអាម៉េរិកត្រូវបានគេបញ្ជូនទៅប្រយុទ្ធប្រឆាំងនឹងកុបកម្មទ្រង់ទ្រាយធំទាំងនោះ៕

(ប្រភព TASS បកប្រែដោយលោក យា ចិន្តាខន្តី)