រដ្ឋបាលរាជធានីភ្នំពេញ គ្រោងកសាងស្ពានអាកាសថ្មើរជើងថ្មីប្រមាណ២៥កន្លែងទៀតនៅក្នុងរាជធានីភ្នំពេញ

វិទ្យុជាតិកម្ពុជា ៖​ ដោយ​ លោក​ ហុក​ សុខរិន​

 រដ្ឋបាលរាជធានីភ្នំពេញ គ្រោងកសាងស្ពានអាកាសថ្មើរជើងថ្មីប្រមាណ២៥កន្លែងទៀតនៅក្នុងរាជធានីភ្នំពេញ ដើម្បីសម្រួលដល់ការធ្វើដំណើរឆ្លងកាត់ផ្លូវរបស់ប្រជាពលរដ្ឋប្រកបដោយសុវត្ថិភាព។
អ្នកយកព័ត៌មានយើងធ្វើសេចក្តីរាយការណ៍៖
ក្នុងឱកាសចុះត្រួតពិនិត្យការរដ្ឋានស្ថាបនាស្ពានអាកាសថ្មើរជើងផ្សារដើមគរ នៅពីព្រឹកថ្ងៃទី ១៥ ខែមិថុនាឆ្នាំ២០២០ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានមានប្រសាសន៍ថា ដើម្បីឆ្លើយតបទៅនឹងតម្រូវការអភិវឌ្ឍយ៉ាងឆាប់រហ័សរបស់រាជធានីភ្នំពេញ រដ្ឋបាលរាជធានីភ្នំពេញនឹងកសាងស្ពានអាកាសថ្មើជើងចំនួន២៥ទីតាំងទៀតនៅក្នុងរាជធានីភ្នំពេញ ដើម្បីរំដោះការកកស្ទះនិងកាត់បន្ថយនូវគ្រោះថ្នាក់ចរាចរណ៍ជូនប្រជាពលរដ្ឋ ។
ឯកឧត្តមបានបញ្ជាក់ថា ការពង្រីកគម្រោងស្ថាបនាស្ពានអាកាសថ្មើរជើងនេះ បានធ្វើឡើងដោយ សារតែរាជធានីភ្នំពេញមានកំណើនរបស់ប្រជាពលរដ្ឋកើនឡើងជាលំដាប់ដោយនៅពេលនេះទាំងប្រជាពលរដ្ឋដែលរស់នៅអចិន្ត្រៃយ៍និងប្រជាពលរដ្ឋដែលរស់នៅអាស្រ័យនឹងការរកស៊ី និងធ្វើការផ្សេងទៀត មានសរុបប្រមាណជាជាង៣លាន។
ឯកឧត្តម ឃួង ស្រេងបានមានប្រសាសន៍បញ្ជាក់ថា ដោយមើលឃើញពីកំណើនយានយន្តនិង ប្រជាជននេះហើយ ដែលតម្រូវឲ្យរដ្ឋបាលរាជធានីភ្នំពេញបង្កើនការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ ទាំងការកសាងផ្លូវ លូ ជាមួយនឹងការកសាងស្ពានអាកាស ផ្លូវក្រោមដី លើដីនិងស្ពានអាកាសថ្មើជើងជាដើម ដើម្បីរំដោះចរាចរណ៍ក្នុងរាជធានីភ្នំពេញ ។ ជាក់ស្ដែងសម្រាប់ពេលនេះ រដ្ឋបាលរាជធានីភ្នំពេញបាននិងកំពុងស្ថាបនាស្ពានអាកាសថ្មើរពីរកន្លែងបន្ថែមទៀត នោះគឺស្ពានអាកាសថ្មើរជើងផ្សារដើមគរនិងស្ពានអាកាសថ្មើរជើងនៅស្តុបសន្ធរម៉ុក។
លោកស្រីសៀង អំពៅ ប្រជាពលរដ្ឋនៅសង្កាត់បឹងសាឡាង ខណ្ឌទួលគោករាជធានីភ្នំពេញបានគាំទ្រ ចំពោះគម្រោងសាងសង់ស្ពានអាកាសថ្មើរជើងជាច្រើនកន្លែងក្នុងរាជធានីភ្នំពេញបានផ្តល់អត្ថប្រយោជន៍ដល់ប្រជាពលរដ្ឋ និងសិស្សានុសិស្សក្នុងការឆ្លងផ្លូវមិនប្រឈមនឹងគ្រោះថ្នាក់ចរចរណ៍ ខណៈដែល បច្ចុប្បន្នផ្លូវថ្នល់មានស្ថានភាពមមាញឹកខ្លំាងពិបានធ្វើដំណើរឆ្លងកាត់។
សម្លេង«ចង់អោយមានសង់នៅកន្លែងណាដែលមានឆ្លងកាត់ច្រើន និងស្ទះចរាចរណ៍ ចង់អោយធ្វើស្ពាន អាកាសថ្មើរជើង ដើម្បីងាយស្រួលដល់ប្រជាជនយើងឆ្លងកាត់ ចាស់ជរាសិស្សសាលាចេញពីសាលា គាត់ ងាយស្រួលឆ្លងកាត់ ដែលបញ្ជៀសគ្រោះថ្នាក់ចរាចរណ៍បាន»។
បើតាមការបញ្ជាក់ពីក្រុមហ៊ុនSpace media Co,Ltd ថា គិតមកដល់ពេលនេះ ការស្ថាបនាស្ពានអាកាសថ្មើរជើងនៅផ្សារដើមគរនេះ បានសម្រេចលទ្ធផលប្រមាណជា៩៥ភាគរយហើយ ពោលគឺនៅសល់តែ ការក្រាលកំរាលថ្មើជើង ការសំអាត ការតុបតែង ការតភ្លើង និងការលាបថ្នាំជាដើម ហើយការងារនេះនឹងបញ្ចប់នៅ៣សប្តាហ៍ទៀត។
ចំណែកស្ពានអាកាសថ្មើរជើង នៅត្រង់មុខសាលាបឋមសិក្សាសន្ធរម៉ុក ត្រូវសាង់សង់នៅលើចំណុចផ្លូវប្រសព្វទាំង៤ទិស គឺសាងសង់កាត់ទទឹងផ្លូវម៉ៅសេទុង២ខ្សែ និងកាត់ទទឹងផ្លូវកម្ពុជាក្រោម ២ខ្សែ ដើម្បីបង្កលក្ខណៈងាយស្រួលដល់សិស្សានុសិស្ស បាបានឆ្លងកាត់ស្ពាននេះ ដោយសុវត្ថិភាព ទោះពួកគេមកពីទិសខាងណាក៏ដោយ។
គួរបញ្ជាក់ថា មកដល់ពេលនេះ រាជធានីភ្នំពេញមានស្ពានអាកាសថ្មើរជើង ចំនួន៥កន្លែងហើយ ក្នុងនោះរួមមាន នៅតំបន់ជម្ពូវ័ន្ត ខណ្ឌពោធិ៍សែនជ័យ មានចំនួន២កន្លែង និងនៅតំបន់ភ្លើងស្តុបនាងគង្ហីង មានចំនួន១កន្លែង ខណៈខណៈចំនួន២កន្លែងទៀតដោយមួយនៅមុខផ្សារដើមគរ និងមុខសាលា បឋមសិក្សាសន្ធរម៉ុក នឹងដាក់ឲ្យដំណើរការនៅពេលឆាប់ៗនេះ៕