សល់តែ១៥ថ្ងៃទៀតប៉ុណ្ណោះ ការផ្ទេរកម្មសិទ្ធិយានយន្តរកម្ចាស់ដើមមិនឃើញនឹងត្រូវបញ្ចប់

វិទ្យុជាតិកម្ពុជា, វ៉ាង ភក្តី ១៥ ០៦ ២០២០

 ក្រសួងសាធារណការ និងដឹកជញ្ជូន កើនរំឭកជាថ្មីម្តងទៀតថា នៅសល់តែ១៥ថ្ងៃទៀតប៉ុណ្ណោះ ការផ្ទេរកម្មសិទ្ធិយានយន្ត ដែលរកម្ចាស់ដើមមិនឃើញ នឹងត្រូវបញ្ចប់ ដែលនេះទាមទារឲ្យប្រជាពលរដ្ឋដែលកំពុងកាន់កាប់យានយន្ត តាមរយៈទិញលក់តៗគ្នាហើយរកម្ចាស់ដើមមិនឃើញ ត្រូវរួសរាន់សុំផ្ទេរកម្មសិទ្ធិយានយន្តឱ្យបានមុនថ្ងៃទី៣០ ខែមិថុនានេះ។
ក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ជាថ្មីថា អ្នកមានបំណងផ្ទេរកម្មសិទ្ធិយានយន្ត ត្រូវដាក់ពាក្យសុំផ្ទេរកម្មសិទ្ធិ ដោយភ្ជាប់នូវសំណុំឯកសារដូចជា៖ ផ្តិតស្នាមមេដៃអ្នកស្នើសុំ និងមានបិតសំណៅលេខកាល់តួ ឬ សាក់ស៊ី ដែលចម្លងជាក់ស្តែងពីយានយន្ត ដោយភ្ជាប់ជាមួយបណ្ណសម្គាល់(ច្បាប់ដើម) និងស្លាកលេខសម្គាល់យានជំនិះ(ករណីផ្ទេរកម្មសិទ្ធិឆ្លងរាជធានី-ខេត្ត) វិញ្ញាបនបត្រត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ អត្តសញ្ញាណអ្នកលក់ និងអ្នកទិញ ដោយក្នុងនោះសម្រាប់ពលរដ្ឋខ្មែរ ត្រូវមានអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ច្បាប់ចម្លងដែលមានបញ្ជាក់ពីអាជ្ញាធរមានសមត្ថកិច្ច និងជនបរទេស ត្រូវមានលិខិតឆ្លងដែន និងទិដ្ឋាការមានសុពលភាព និងលិខិតបញ្ជាក់ទីលំនៅបច្ចុប្បន្ន ចេញដោយអាជ្ញាធរមានសមត្ថកិច្ច។ ជាមួយគ្នានេះ ក៏ត្រូវមានបង្កាន់ដៃពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិយានយន្ត លិខិតលក់ទិញ កិច្ចសន្យាធានាដែលមានបញ្ជាក់ពីប៉ុស្តិ៍នគរបាលរដ្ឋបាល។
ក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ថា សម្រាប់កម្រៃការផ្ទេរកម្មសិទ្ធិរថយន្តធុនតូច ឬធុនស្រាលក្នុងរាជធានី-ខេត្ត គឺមានតម្លៃ៤៨.០០០រៀល និងឆ្លងរាជធានី-ខេត្ត តម្លៃ១០១.០០០រៀល។ ដោយឡែក ចំពោះកម្រៃការផ្ទេរកម្មសិទ្ធិសម្រាប់រថយន្តធុនធំ ឬធុនធ្ងន់ក្នុងរាជធានី-ខេត្ត មានតម្លៃ៦៧.០០០រៀល និងឆ្លងរាជធានី-ខេត្ត តម្លៃ១២៥.០០០រៀល។តម្លៃនេះមិនរួមបញ្ជូលនឹងពន្ធប្រថាប់ត្រា៤ភាគរយ របស់អគ្គនាយកដ្ឋានពន្ធដារនោះឡើយ។
យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក បានឲ្យដឹងថា គិតចាប់ពីខែមករា ដល់ខែឧសភា ឆ្នាំ២០២០ ការផ្ទេរកម្មសិទ្ធិយានយន្តមានចំនួនមានជិត៩ពាន់គ្រឿង ដែលនេះជាតួលេខមួយខ្ពស់ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៩៕