កូរ៉េខាងត្បូងនិយាយថា ទីក្រុងសេអ៊ូល និងទីក្រុងព្យុងយ៉ាង គួរតែគោរពកិច្ចព្រមព្រៀងនានា

AKP ភ្នំពេញ ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០​ — ភាពតានតឹងបានកើនឡើងរវាងប្រទេសកូរ៉េខាងត្បូង និងកូរ៉េខាងជើងកាលពីពេលថ្មីៗនេះ នៅពេលដែលកូរ៉េខាងជើងបានសម្រេចចិត្តកាត់ផ្តាច់រាល់បណ្តាញទំនាក់ទំនងជាមួយប្រទេសជិតខាង នៅភាគខាងត្បូងរបស់ខ្លួនមួយនេះ ដោយសារភាពស្រងាកចិត្តទៅនឹងអសមត្ថភាពរបស់កូរ៉េខាងត្បូងក្នុងការបញ្ឈប់យុទ្ធនាការរបស់អ្នករត់ចោលជួរកូរ៉េខាងជើងក្នុងការបញ្ជូនខិត្តប័ណ្ណប្រឆាំងនឹងទីក្រុងព្យុងយ៉ាង។

ក្រសួងបង្រួបបង្រួមកូរ៉េខាងត្បូងបាននិយាយកាលពីថ្ងៃអាទិត្យថា ទាំងទីក្រុងសេអ៊ូល និងទីក្រុង ព្យុងយ៉ាង គួរតែព្យាយាមគោរពកិច្ចព្រមព្រៀងនានា ដែលសម្រេចបានរវាងប្រទេសទាំងពីរ។

ក្រសួងនេះបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «កូរ៉េខាងត្បូង និងកូរ៉េខាងជើង គួរតែព្យាយាមគោរពរាល់កិច្ចព្រមព្រៀងអន្តរកូរ៉េដែលសម្រេចបាន»។

កូរ៉េខាងជើងខឹងនឹងការស្ទាក់ស្ទើររបស់ទីក្រុងសេអ៊ូល ក្នុងការបញ្ឈប់យុទ្ធនាការខិត្តប័ណ្ណដោយជនរត់ចោលជួរនៅកូរ៉េខាងត្បូង ដែលបានផ្ញើតាមប៉េងប៉ោងដឹកកូនសៀវភៅតូចៗ ដែលរិះគន់ទីក្រុងព្យុងយ៉ាងឆ្លងកាត់ព្រំដែន ហើយបានធ្វើសេចក្តីសម្រេចនៅឯកិច្ចប្រជុំគណៈកម្មាធិការកណ្តាលដើម្បីចាប់ផ្តើមចាត់ទុកទីក្រុងសេអ៊ូលថាជា «សត្រូវ»។

ទីក្រុងព្យុងយ៉ាងក៏បានកាត់ផ្តាច់រាល់បណ្តាញទំនាក់ទំនង រួមទាំងបណ្តាញទូរស័ព្ទបន្ទាន់យោធាជាមួយកូរ៉េខាងត្បូង ដោយបាននិយាយថា ខ្លួនគ្មានអ្វីត្រូវពិភាក្សាជាមួយទីក្រុងសេអ៊ូលទៀតទេ។ កាលពីថ្ងៃចន្ទ មិនមានការឆ្លើយតបតាមទូរស័ព្ទទំនាក់ទំនងធម្មតាពីកូរ៉េខាងត្បូងជាលើកដំបូង ចាប់តាំងពីប្រទេសកូរ៉េទាំងពីរបានបង្កើតការិយាល័យទំនាក់ទំនងរួមគ្នា បន្ទាប់ពីកិច្ចប្រជុំកំពូលជាប្រវត្តិសាស្ត្ររបស់ពួកគេកាលពីខែកញ្ញា ឆ្នាំ ២០១៨ មក៕

(ប្រភព Sputnik បកប្រែដោយលោក យា ចិន្តាខន្តី)