មនុស្សរាប់រយនាក់នៅទីក្រុងតូក្យូចូលរួមដោយសន្តិភាព ក្នុងក្បូនប្រឆាំងនឹងការប្រកាន់ពូជសាសន៍

AKP ភ្នំពេញ ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០​ — មនុស្សរាប់រយនាក់បានដើរក្បួនដោយសន្តិវិធីនៅទីក្រុងតូក្យូ ដោយស្រែកថា «Black Lives Matter» និងពាក្យស្លោកផ្សេងៗទៀតដែលទាក់ទងនឹងចលនាប្រឆាំងនឹងការរើសអើងជាតិសាសន៍ ដែលបានចាប់ផ្តើមជាមួយនឹងការសម្លាប់លោក George Floyd កាលពីខែមុន។

ការដើរក្បួននេះបានទាក់ទាញឱ្យមានពួកនិរទេសខ្លួនជាច្រើនដែលរស់នៅក្នុងរដ្ឋធានី នៃប្រទេស ជប៉ុនមួយនេះ ក៏ដូចជាជនជាតិជប៉ុនផងដែរ ត្រូវធ្វើដំណើរឆ្លងកាត់សង្កាត់នានា នៅកណ្តាលទីក្រុងក្រោមការដឹកនាំរបស់ប៉ូលិសអមដំណើរ។

ស្ត្រីវ័យក្មេងម្នាក់ដែលចូលរួមក្នុងការដង្ហែក្បួននេះបាននិយាយទៅកាន់ Sputnik ថា «ការប្រកាន់ពូជសាសន៍មិនត្រឹមតែជាបញ្ហារបស់សហរដ្ឋអាមេរិកប៉ុណ្ណោះទេ តែវាក៏ជាបញ្ហាសកលផងដែរ។ នៅក្នុងប្រទេសជប៉ុន បញ្ហានេះប្រហែលមិនមែនជាបញ្ហាធ្ងន់ធ្ងរនោះទេ ប៉ុន្តែវាក៏មានការរើសអើងប្រឆាំងនឹងជនជាតិ Ainu និង Okinawan ផងដែរ។ នៅទីនោះមានការរើសអើងប្រឆាំងនឹងអ្នកដែលមានស្បែកខ្មៅ។ យើងចង់ទាក់ទាញចំណាប់អារម្មណ៍របស់ជនជាតិជប៉ុនចំពោះការពិតដែលថា មានការរើសអើងនៅក្នុងប្រទេសជប៉ុន និងដើម្បីឱ្យជនជាតិជប៉ុនរៀនសូត្របន្ថែមទៀតអំពីចលនា «BLM» ។

នាងបានពន្យល់អំពីអវត្តមាននៃការលើកឡើងរបស់អ្នកស្រុក Ainu  ឬ Okinawa នៅក្នុងពាក្យស្លោកថា វាមានសារៈសំខាន់ណាស់ក្នុងការយកចិត្តទុកដាក់ទៅលើបញ្ហានៃការរើសអើងជាតិសាសន៍ជាទូទៅ ដូច្នេះការហែក្បួនថ្ងៃនេះត្រូវបានធ្វើឡើងក្រោមបាវចនា Black Lives Matter ។

អ្នករស់នៅទីក្រុងតូក្យូវ័យក្មេងម្នាក់ដែលបានដាក់ឈ្មោះខ្លួនឯងថា Sayako បាននិយាយថា «សូមឱ្យនេះជាជំហានដំបូងឆ្ពោះទៅរកការយល់ដឹងថា តើការរើសអើងជាតិសាសន៍ គឺជាអ្វី ហើយអ្វីដែលជាការរើសអើងជាតិសាសន៍នៅក្នុងប្រទេសជប៉ុន។ នៅក្នុងប្រទេសជប៉ុន ពួកគេមិនដឹងថា វាជាអ្វីទេ»។

អ្នកធ្វើដំណើរឆ្លងកាត់បានក្រឡេកមើល និងថតរូបការដើរក្បួននេះ ហើយម្ចាស់ហាងនានាបានចេញមកមើលព្រឹត្តិការណ៍ដ៏កម្រកើតមាននៅទីក្រុងតូក្យូមួយនេះ៕

(ប្រភព Sputnik បកប្រែដោយលោក យា ចិន្តាខន្តី)