អាស៊ាន និងឥណ្ឌា បើកកិច្ចប្រជុំលើកទី ២០ នៃគណៈកម្មាធិការសហប្រតិបត្តិការរួម

AKP ភ្នំពេញ ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០​ — អាស៊ាន និងឥណ្ឌា បានបញ្ជាក់សារជាថ្មីអំពីការប្តេជ្ញាចិត្តក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរបស់ខ្លួនបន្ថែមទៀត នៅក្នុងកិច្ចប្រជុំលើកទី២០ នៃគណៈកម្មាធិការសហប្រតិបត្តិការរួមរវាងអាស៊ាន – ឥណ្ឌា ដែលធ្វើឡើងតាមរយៈសន្និសីទវីដេអូកាលពីពេលថ្មីៗនេះ។

ទន្ទឹមនឹងការកត់សម្គាល់អំពីវឌ្ឍនភាពនៃការអនុវត្តផែនការអាស៊ាន – ឥណ្ឌាសម្រាប់ឆ្នាំ ២០១៦-២០២០ ភាគីទាំងពីរត្រូវបានលើកទឹកចិត្តឱ្យខិតខំប្រឹងប្រែងឆ្ពោះទៅរកផែនការសកម្មភាពពេញលេញ និងមានប្រសិទ្ធិភាពដល់ផែនការសកម្មភាពរហូតដល់ដំណាច់ឆ្នាំនេះ។

នៅក្នុងសន្និសីទកាលពីថ្ងៃទី១១ ខែមិថុនា ភាគីទាំងពីរក៏បានចែករំលែកនូវការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការបញ្ចប់ការអភិវឌ្ឍផែនការសកម្មភាពថ្មីសម្រាប់ឆ្នាំ ២០២១-២០២៥ ដើម្បីពង្រឹងបន្ថែមទៀតនូវភាពជាដៃគូយុទ្ធសាស្ត្ររបស់ខ្លួនក្នុងរយៈពេល ៥ឆ្នាំខាងមុខ។

អាស៊ាន និងឥណ្ឌា បានផ្លាស់ប្តូរទស្សនៈគ្នាទៅលើមធ្យោបាយ និងវិធីសាស្ត្រដើម្បីពង្រឹងបន្ថែមទៀតនូវការប្រើប្រាស់មូលនិធិអាស៊ាន – ឥណ្ឌា និងមូលនិធិបៃតងអាស៊ាន – ឥណ្ឌា រួមទាំងការធ្វើឱ្យប្រសើរឡើងនូវនីតិវិធីសម្រាប់ការប្រើប្រាស់មូលនិធិនេះក្នុងការផ្តល់ហិរញ្ញប្បទានដល់គម្រោង និងសកម្មភាពរួមគ្នានានា។

ភាគីទាំងពីរបានពិភាក្សាគ្នាអំពីគំនិត ដើម្បីជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសង្គ្រោះបន្ទាន់ផ្នែកវេជ្ជសាស្រ្ត ឧក្រិដ្ឋកម្មឆ្លងដែន ពាណិជ្ជកម្ម និងការវិនិយោគ បរិស្ថាន ការអប់រំ ការអភិវឌ្ឍន៍ និងថាមពលប្រកបដោយចីរភាព រួមជាមួយទីក្រុងឆ្លាត ការផ្លាស់ប្តូររវាងប្រជាជន និងការខិតខំដើម្បីកាត់បន្ថយគម្លាតអភិវឌ្ឍន៍នៅក្នុងអាស៊ាន។ ។

ភាគីទាំងពីរក៏បានគាំទ្រដល់ការប្រើប្រាស់ឥណទានដែលមានថវិកា ១ប៊ីលានដុល្លារអាមេរិកដែល ផ្តល់ដោយរដ្ឋាភិបាលឥណ្ឌា ក្នុងការគាំទ្រដល់ហេដ្ឋារចនាសម្ព័ន្ធ និងគម្រោងតភ្ជាប់ទំនាក់ទំនងឌីជីថលរវាងអាស៊ាននិងឥណ្ឌាផងដែរ៕

(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)