ប្រទេសថៃគ្រោងនឹងបើកព្រំដែនឡើងវិញសម្រាប់ភ្ញៀវទេសចរ មកពីបណ្តាប្រទេសដែលមានហានិភ័យទាប

AKP ភ្នំពេញ ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០​ — ប្រទេសថៃគ្រោងនឹងបើកព្រំដែនរបស់ខ្លួនឡើងវិញ ចំពោះភ្ញៀវទេសចរមកពីបណ្តាប្រទេសដែលមានការឆ្លងមេរោគកូរ៉ូណាវីរុសទាប នៅពេលដែលខ្លួនកំពុងព្យាយាមធ្វើឱ្យឧស្សាហកម្មទេសចរណ៍ដែលរងគ្រោះថ្នាក់ដោយសារជំងឺរាតត្បាតនេះងើបឡើងវិញ។

ប្រទេសនេះបានបិទព្រំដែនរបស់ខ្លួនកាលពីដើមខែមេសា ដែលនាំឱ្យមានការបាត់បង់ការងាររាប់លាននៅទូទាំងវិស័យនេះ។

បើទោះបីជាមានការចុះបញ្ជីនូវករណីទី១ នៃការឆ្លងជំងឺកូវីដ-១៩ នៅក្រៅប្រទេសចិនកាលពីខែមករាក៏ដោយ ក៏ប្រទេសថៃមានអ្នកឆ្លងជំងឺនេះជាង ៣.១៣០នាក់ និងមានអ្នកស្លាប់ចំនួន ៥៨នាក់រហូតមកដល់ពេលនេះ។

ដោយមើលឃើញពីតួលេខទាបនេះ មន្ត្រីទេសចរណ៍កំពុងសង្ឃឹមថា នឹងទាក់ទាញភ្ញៀវទេសចរមកពីបណ្តាប្រទេសក្នុងតំបន់ដែលជំងឺនេះត្រូវបានគ្រប់គ្រងយ៉ាងល្អ រួមមានប្រទេសចិន វៀតណាម សាធារណរដ្ឋកូរ៉េ អូស្ត្រាលី និង នូវែលហ្សេឡង់។

លោក Taweesin Visanuyothin អ្នកនាំពាក្យមជ្ឈមណ្ឌលគ្រប់គ្រងស្ថានភាពជំងឺកូវីដ-១៩ របស់រដ្ឋា ភិបាលថៃ បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយកាលពីពេលថ្មីៗនេះថា អ្វីដែលហៅថា «ការធ្វើដំណើរបែបពពុះសាប៊ូ» នឹងអនុញ្ញាតឱ្យប្រជាជនមកពីបណ្តាប្រទេស ដែលមានកម្រិតនៃការឆ្លងមេរោគទាបដូចគ្នា ទៅទស្សនាប្រទេសថៃបាន ដោយមិនចាំបាច់មានការធ្វើចត្តាឡីស័ករយៈពេល ១៤ថ្ងៃ។

លោកបាននិយាយថា អ្នកដំណើរនឹងចាំបាច់ត្រូវបំពេញ «បែបបទនៃការត្រួតពិនិត្យសុខភាព» មុន និងក្រោយពេលមកដល់ ក៏ដូចជាការធានារ៉ាប់រងសុខភាពដែលមានសុពលភាពផងដែរ។ ទោះជាយ៉ាងណា លោកមិនបានផ្តល់កាលបរិច្ឆេទសម្រាប់ការបើកច្រកព្រំដែននេះឡើងវិញនៅឡើយទេ ដោយលោកបាននិយាយបន្ថែមថា កិច្ចពិភាក្សាក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខរវាងមន្ត្រីសុខាភិបាល និងមន្រ្តីទេសចរណ៍ នឹងបញ្ជាក់អំពីជំហានបន្ទាប់ទៀត។

លោក Taweesin បានកត់សម្គាល់ថា ប្រទេសរបស់លោកកំពុងផ្តោតទៅលើទេសចរកីឡា ដូចជាអ្នកលេងវាយកូនហ្គោលជាដើម ពីព្រោះពួកគេស្នាក់នៅក្នុងតំបន់ជាក់លាក់ និងមានទំនាក់ទំនងតិចតួចជាមួយអ្នកស្រុក ក៏ដូចជាពាណិជ្ជករ និងទេសចរពេទ្យផងដែរ។

យោងតាមការស្រាវជ្រាវរបស់ HSBC Global កាលពីពេលថ្មីៗនេះបានកត់សម្គាល់ថា វិស័យទេសចរណ៍របស់ថៃដែលមានប្រមាណ ២០ភាគរយនៃផលិតផលក្នុងស្រុកសរុប (GDP) របស់ប្រទេសនេះ ត្រូវបានគេព្យាករណ៍ថា នឹងខាតបង់ប្រាក់ចំណូលរហូតដល់ ៤៧ប៊ីលានដុល្លារអាមេរិកនៅក្នុងឆ្នាំនេះ៕

(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)