អាស៊ាន និង ចិន លើកកម្ពស់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចឌីជីថល

AKP ភ្នំពេញ ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០​ — សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) និងចិន នឹងបង្កើនកិច្ចសហប្រតិបត្តិការក្នុងវិស័យសេដ្ឋកិច្ចឌីជីថលនៅក្នុងឆ្នាំនេះ។

ថ្លែងនៅក្នុងពិធីបើកនិម្មិតសម្រាប់ទិវាឆ្នាំនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចឌីជីថលអាស៊ាន – ចិនរដ្ឋ មន្ត្រីក្រសួងឧស្សាហកម្ម និងបច្ចេកវិទ្យានៃប្រទេសចិន លោក Miao Wei បាននិយាយថា ភាគីទាំងពីរនឹងពង្រីកកិច្ចសហប្រតិបត្តិការនៅក្នុងប្រតិបត្តិការ 5G ប្រព័ន្ធអ៊ិនធឺណិត បញ្ញាសិប្បនិម្មិត (AI) អ៊ីនធឺណេតឧស្សាហកម្ម ក៏ដូចជាការបង្ការការរាតត្បាតដោយប្រើប្រព័ន្ធឌីជីថលផងដែរ។

អគ្គលេខាធិការអាស៊ានលោក Lim Jock Hoi បាននិយាយថា នៅក្នុងឆ្នាំ ២០២៥ ខាងមុខ វិស័យសេដ្ឋកិច្ចឌីជីថលរបស់អាស៊ានត្រូវបានគេរំពឹងថា នឹងកើនឡើងពី ១,៣ភាគរយនៃផលិតផលក្នុងស្រុកសរុប (GDP) ក្នុងឆ្នាំ ២០១៥ ដល់ ៨,៥ភាគរយ។

លោកបាននិយាយបន្ថែមថា ប្រទេសចិន គឺជាអ្នកឈានមុខគេក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ឌីជីថល និងជាដៃគូដ៏មានតម្លៃរបស់អាស៊ានក្នុងការជំរុញការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថលនៅក្នុងតំបន់។

យោងតាមទិន្នន័យពីពន្ធគយរបស់ប្រទេសចិនបានបង្ហាញថា ក្នុងអំឡុងខែមករា – ឧសភា អាស៊ាន គឺជាដៃគូពាណិជ្ជកម្មធំបំផុតរបស់ចិន ដោយពាណិជ្ជកម្មបានកើនឡើង ៤,២ភាគរយពីមួយឆ្នាំទៅមួយឆ្នាំដែលមានទឹកប្រាក់ប្រមាណ ២៤១ប៊ីលានដុល្លារអាម៉េរិក ដែលស្មើនឹង ១៤,៧ភាគរយនៃពាណិជ្ជកម្មបរទេសសរុបរបស់ចិន។

ដោយត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៦៧ អាស៊ានរួមមានប្រទេសព្រុយណេ កម្ពុជា ឥណ្ឌូណេស៊ី ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន សិង្ហបុរី ថៃ និង វៀតណាម៕

(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)