កម្ពុជានឹងចូលរួមកិច្ចប្រជុំក្នុងក្របខណ្ឌរដ្ឋមន្ត្រីការបរទេសអាស៊ាន និងរុស្ស៊ី ស្ដីពីជំងឺកូវីដ-១៩

វិទ្យុជាតិកម្ពុជា៖ លោក អាត ចន្ធូ១៥ ០៦ ២០២០៖

កម្ពុជានឹងចូលរួមកិច្ចប្រជុំក្នុងក្របខណ្ឌរដ្ឋមន្ត្រីការបរទេសអាស៊ាន និងរុស្ស៊ី ស្ដីពីជំងឺកូវីដ-១៩ នៅថ្ងៃទី១៧ ខែមិថុនាខាងមុខនេះ តាមរយៈប្រព័ន្ធវីដេអូ (Video-Conference) សំដៅរួមគ្នារកដំណោះស្រាយទប់ស្កាត់ការរាតត្បាតជំងឺដ៏កាចសាហាវនេះ។
សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៅថ្ងៃទី១៥ ខែមិថុនានេះ បានឲ្យដឹងថា ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នឹង ចូលរួមកិច្ចប្រជុំពិសេសនេះ ដើម្បីផ្លាស់ប្តូរទស្សនៈគ្នាទៅវិញទៅមកអំពីឧត្តម្មានុវត្តន៍ និងការរៀនសូត្រ ដែលទទួលបានពីការប្រយុទ្ធប្រឆាំងជំងឺរាតត្បាតជាសកល។
ជាមួយគ្នានេះក៏នឹងពិភាក្សាអំពីវិធីសាស្ត្រនានា ដើម្បីជំរុញកិច្ចសហប្រតិបត្តិការនៅលើគ្រប់វិស័យដែលមានផលប្រយោជន៍រួមគ្នា និងដើម្បីពង្រឹងភាពជាដៃគូយុទ្ធសាស្រ្តរវាងអាស៊ាន និងរុស្ស៊ី ជាពិសេសលើវិស័យសុខភាពសាធារណៈ។
សូមបញ្ជាក់ថា គម្រោងនៃកិច្ចប្រជុំនេះ នឹងទាមទារនូវការរួមគ្នា សាមគ្គីភាពគ្នា ដើម្បីប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ដែលកំពុងក្លាយជាវិបត្តិសកលទាំងផ្នែកសុខភាពសាធារណៈ និងសេដ្ឋកិច្ច៕