ព្រឹទ្ធសភា កំណត់យកថ្ងៃទី១៦ស្អែកនេះ ពិនិត្យ និងឱ្យយោបល់លើសេចក្ដីព្រាងច្បាប់ចំនួន៤

វិទ្យុជាតិកម្ពុជា៖លោកជួន បូណា៖

ព្រឹទ្ធសភា បានកំណត់យកថ្ងៃទី១៦ ខែមិថុនាស្អែកនេះ ដើម្បីពិនិត្យ និងឱ្យយោបល់លើសេចក្ដីព្រាងច្បាប់ចំនួន៤ សំដៅបើកផ្លូវឱ្យរាជរដ្ឋាភិបាលយកច្បាប់នេះទៅអនុវត្ដប្រកបដោយប្រសិទ្ធភាពខ្ពស់។អ្នកព័ត៌មានយើងធ្វើសេចក្ដីរាយការណ៍……………….
ឯកឧត្ដម ម៉ម ប៊ុននាង សមាជិក និងជាអ្នកនាំពាក្រព្រឹទ្ធសភា មានប្រសាសន៍ថា សេចក្ដីព្រាងច្បាប់ទាំង៤ ដែលគណៈកម្មាធិការអចិន្ដ្រៃយ៍ព្រឹទ្ធសភា នឹងលើកយកមកពិនិត្យ និងឱ្យយោបល់នៅថ្ងៃស្អែកនេះ មាន៖ ១-សេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ ២-សេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម ៣-សេចក្តីព្រាងច្បាប់ស្តីពីការជួយគ្នាទៅវិញទៅមកផ្នែកច្បាប់ក្នុងវិស័យព្រហ្មទណ្ឌ និង៤-សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមឱ្យព្រះរាជាណាចក្រកម្ពុជា ចូលជាភាគីនៃអនុសញ្ញាទីក្រុងប៊ែនស្តីពីកិច្ចការពារស្នាដៃអក្សរសាស្ត្រ និងសិល្បៈឆ្នាំ១៨៨៦ និងវិសោធនកម្មឆ្នាំ១៩៧៩។
ឯកឧត្ដមបន្តថា សេចក្ដីព្រាងច្បាប់ទាំង៤នេះ មានសារៈសំខាន់ដល់រាជរដ្ឋាភិបាលអភិវឌ្ឍន៍ប្រទេសជាតិ និងបម្រើផលប្រយោជន៍ប្រជាពលរដ្ឋ។
សូមបញ្ជាក់ថា សេចក្ដីព្រាងច្បាប់ចំនួន៤នេះ ត្រូវបានរដ្ឋសភាអនុម័តគាំទ្រទាំងស្រុងនៅដើមខែមិថុនានេះ៕