គ្រោះថ្នាក់ចរាចរណ៍នៅថ្ងៃទី១៣ ខែមិថុនាកើតឡើង៤ករណី ប៉ុន្តែមិនបណ្តាលឲ្យមានមនុស្សស្លាប់ឡើយ

វិទ្យុជាតិកម្ពុជា៖ លោកស្រី ប៉ុង សុភាវី ១៤ មិថុនា ២០២០៖

នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា កាលពីថ្ងៃទី១៣ ខែមិថុនា មានគ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន ៤លើក ក្នុងនោះ មិនបណ្តាលឲ្យមានអ្នកស្លាប់ឡើយ ប៉ុន្តែមានអ្នករងរបួសធ្ងន់ចំនួន ៧នាក់ របួសស្រាលចំនួន ២៨នាក់ មូលហេតុបណ្តាលមកពី បើកបរលើសល្បឿនកំណត់ មិនប្រកាន់ស្ដាំ និងប្រជែង ដែលនាំឲ្យខូចខាតម៉ូតូ ៣គ្រឿង រថយន្តធុនតូច ៣គ្រឿង យានផ្សេងៗ ២នាក់។
ដូច្នេះ ដើម្បីសុវត្ថិភាពខ្លួនឯង និងអ្នកដទៃ នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ បានក្រើនរំលឹកដល់ប្រជាពលរដ្ឋ ត្រូវចូលរួមគោរពច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកទាំងអស់គ្នា តាមរយៈប្រកាន់ភ្ជាប់នូវកុំបើកបរលើស ល្បឿនកំណត់ កុំបើកបរល្មើសនឹងភ្លើងសញ្ញា ត្រូវខ្សែក្រវ៉ាត់សុវត្ថិភាពពេលបើកបររថយន្ត ត្រូវពាក់មួកសុវត្ថិភាពពេលធ្វើដំណើរតាមម៉ូតូ កុំបើកបរបញ្ជ្រាសទិសចរាចរណ៍ កុំបើកបរក្នុងស្ថានភាពស្រវឹង ជាដើម ៕