សម្ដេចតេជោ ហ៊ុន សែន ស្នើឱ្យប្រជាពលរដ្ឋកុំគិតខ្លី ធ្វេសប្រហែស ឬប្រថុយខ្លួននឹង​ជំងឺឆ្លងរាតត្បាតកូវីដ-១៩ ឱ្យសោះ

AKP ភ្នំពេញ ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២០

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ស្នើឱ្យបងប្អូន​ប្រជាពលរដ្ឋកុំគិតខ្លី ធ្វេសប្រហែស ឬប្រថុយខ្លួននឹងជំងឺឆ្លងរាតត្បាតកូវីដ-១៩ឱ្យសោះ បើ​ទោះ​បីជារស់នៅទីក្រុង ឬនៅតាមជនបទ ស្រុកស្រែចម្ការ គឺត្រូវតែប្រុងប្រយ័ត្នទាំងអស់​គ្នាជាប់ជានិច្ច បើទោះជាចំនួនអ្នកឆ្លងក្នុងប្រទេសយើងមកដល់ពេលនេះ មានចំនួនតិចតួចក៏​ដោយនោះ។

នៅលើផេកផ្លូវការ នាថ្ងៃទី ១៣ ខែមិថុនា ឆ្នាំ២០២០ សម្ដេចតេជោបានសរសេរថា សូម​បងប្អូនប្រជាពលរដ្ឋ បន្តយកចិត្តទុកដាក់ចូលរួមទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ នៅទូទាំងប្រទេស បើទោះបីចំនួនអ្នកឆ្លងក្នុងប្រទេសយើងមានចំនួនតិចតួចក៏ដោយ។ សម្ដេច​តេជោបន្តថា  ជំងឺកូវីដ-១៩ គឺនៅតែជំងឺឆ្លងរាតត្បាតដ៏សាហាវបំផុត ដែលមកទល់ពេលនេះ​ចំនួនអ្នកឆ្លងរោគលើពិភពលោកបានកើនឡើងគួរឱ្យបារម្ភខ្លាំងណាស់ រីឯថ្នាំព្យាបាលក៏អត់​ទាន់មានដែរ។ សម្ដេចតេជោក៏សូមបងប្អូនប្រជាពលរដ្ឋប្រើម៉ាស់ពាក់ការពារ ហើយ​ឧស្សាហ៍ដុសសម្អាតលាងដៃជាមួយសាប៊ូ អាល់កុល ឬជែល។ ជាមួយគ្នានេះ កុំទៅ​កន្លែង​ដែលមានការប្រមូលផ្តុំមនុស្សច្រើនបើគ្មានការចាំបាច់ ហើយបើដឹងថាខ្លួនឯងសុខភាពល្អ​ហើយ សូមកុំទៅចម្លងរោគពីគេមកចូលផ្ទះ។ មិនត្រូវធ្វេសប្រហែស ឬមើលស្រាលលើ​ជំងឺ​ឆ្លងរលាកផ្លូវដង្ហើមកូវីដ-១៩ឡើយ ព្រោះបើឆ្លងហើយ គឺឆ្លងរាតត្បាតលឿនសាហាវខ្លាំង​ណាស់។  សម្ដេចតេជោនាយករដ្ឋមន្ត្រីគូសបញ្ជាក់ថា ថ្ងៃនេះអង្គការសុខភាពពិភពលោក (WHO) បានបញ្ជាក់ថានៅលើ ២១៦ ប្រទេសគឺមានអ្នកឆ្លងរោគកូវីដ-១៩បានកើនឡើង ៧,៤១០,៥១០ នាក់ហើយ រីឯចំនួនអ្នកស្លាប់ក៏បានកើនឡើងប្រមាណ ៤១៨,២៩៤ នាក់ដែរ។

សម្ដេចតេជោបានបន្ថែមថា សូមបងប្អូនប្រជាពលរដ្ឋកុំគិតខ្លី ធ្វេសប្រហែស ឬប្រថុយ​ខ្លួននឹងជំងឺឆ្លងរាតត្បាតកូវីដ-១៩ ឱ្យសោះ ទោះបីរស់នៅទីក្រុង​ឬនៅតាមជនបទស្រុកស្រែ​ចម្ការ​គឺត្រូវតែប្រុងប្រយ័ត្នទាំងអស់គ្នាជាប់ជានិច្ច។ បើមានការសង្ស័យចំពោះអាការៈរោគ​សញ្ញាកូវីដ-១៩ ទាំងចំពោះខ្លួនយើងផ្ទាល់ ឬចំពោះអ្នកចំណូលថ្មីដែលទើបមកពីក្រៅប្រទេស សូមខលទាក់ទងលេខ 115 ជាបន្ទាន់។

សម្ដេចតេជោ ក៏សូមជូនពរបងប្អូនជនរួមជាតិចៀសផុតពីជំងឺឆ្លងកូវីដ-១៩ ទាំង​អស់គ្នា៕

ដោយ ជឹម ណារី