មុខរាជរដ្ឋាភិបាលកម្ពុជាបន្តអំពាវនាវដល់ប្រជាពលរដ្ឋចូលរួមទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩

វិទ្យុជាតិកម្ពុជា៖ លោកចេម ហួត
ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលបន្តអំពាវនាវដល់ប្រជាពលរដ្ឋយកចិត្តទុកដាក់ចូលរួមទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩នៅទូទាំងប្រទេស បើទោះបីចំនួនអ្នកឆ្លងក្នុងប្រទេសយើងមានចំនួនតិចតួចក៏ដោយ។
បង្ហោះនៅក្នុងហ្វេសបុកផ្លូវការរបស់សម្តេចនាព្រឹកថ្ងៃទី១៣ សម្តេចតេជោ ហ៊ុនសែនាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជាបានប្រាសន៍ថា ជំងឺកូវីដ-១៩ គឺនៅតែជំងឺឆ្លងរាតត្បាតដ៏សាហាវបំផុតដែលមកទល់ពេលនេះចំនួនអ្នកឆ្លងរោគលើពិភពលោកបានកើនឡើងគួរអោយបាមរម្ភខ្លាំងណាស់ រីឯថ្នាំព្យាបាលក៏អត់ទាន់មានដែរ។
សម្តេចបានរម្លឹកដល់ប្រជាពលរដ្ឋប្រើម៉ាសពាក់ការពារ ហើយឧស្សាហ៍ដុសសម្អាតលាងដៃជាមួយសាប៊ូ អាល់កុលឬចឹល។ កុំទៅកន្លែងដែលមានការប្រមូលផ្តុំមនុស្សច្រើនបើគ្មានការចាំបាច់។ បើដឹងថាខ្លួនឯងសុខភាពល្អហើយ សូមកុំទៅចម្លងរោគពីគេមកចូលផ្ទះ។ មិនត្រូវធ្វេសប្រហែសឬមើលស្រាលលើជំងឺឆ្លងរលាកផ្លូវដង្ហើមកូវីដ-១៩ឡើយ ព្រោះបើឆ្លងហើយ គឺឆ្លងរាតត្បាតលឿនសាហាវខ្លាំងណាស់។
ថ្ងៃ ទី១៣ខែមិថុនានេះអង្គការសុខភាពពិភពលោក (WHO) បានបញ្ជាក់ថានៅលើ 216 ប្រទេសគឺមានអ្នកឆ្លងរោគកូវីដ-១៩បានកើនឡើង 7,410,510 នាក់ហើយ រីឯចំនួនអ្នកស្លាប់ក៏បានកើនឡើងប្រមាណ 418,294 នាក់ដែរ។
សូមបងប្អូនប្រជាពលរដ្ឋកុំគិតខ្លី ធ្វេសប្រហែស ឬប្រថុយខ្លួននឹងជំងឺឆ្លងរាតត្បាតកូវីដ-១៩ អោយសោះ ទោះបីរស់នៅទីក្រុងឬនៅតាមជនបទស្រុកស្រែចម្ការគឺត្រូវតែប្រុងប្រយ័ត្នទាំងអស់គ្នាជាប់ជានិច្ច។
បើមានការសង្ស័យចំពោះអាការះរោគសញ្ញាកូវីដ-១៩ ទាំងចំពោះខ្លួនយើងផ្ទាល់ ឬចំពោះអ្នកចំណូលថ្មីដែលទើបមកពីក្រៅប្រទេស សូមខលទាក់ទងលេខ 115 ជាបន្ទាន់។ សូមជូនពរបងប្អូនជនរួមជាតិចៀសផុតពីជំងឺឆ្លងកូវីដ-១៩ ទាំអស់គ្នា៕