វៀតណាមចង់ឈរនៅកំពូលតារាងនៃមេដាយស៊ីហ្គេមឆ្នាំ២០២១

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ ជៀង​ យ៉ា​រ៉េត​

ជាមួយនឹងការប្ដេជ្ញាចិត្តក្នុងការធ្វើម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣១ឆ្នាំ២០២១នាទីក្រុងហាណូយឲ្យបាននោះ ប្រទេសវៀតណាម មិនបានរំសាយកីឡាករ-កីឡាការិនីរបស់ខ្លួនពីជម្រំហ្វឹកហាត់ឡើយ ទោះបីមេរោគផ្លូវដង្ហើមប្រភេទថ្មី(កូវីដ ១៩)កំពុងតែរាតត្បាតពិភពលោកក៏ដោយ ។
ឆ្នាំ២០២១ វៀតណាមនឹងបង្ហាញនូវអំណួតនៃអត្តពលិករបស់ខ្លួនដែលកំពុងតែមានការប្រែប្រួលរីកចម្រើនកាន់តែខ្លាំង ពិសេសលើប្រភេទកីឡាបាល់ទាត់ ។ កាលពីឆ្នាំ២០០៣ វៀតណាមធ្លាប់ធ្វើជាម្ចាស់ផ្ទះនៃការប្រកួតកីឡាស៊ីហ្គេមម្ដងហើយ ដែលកាលនោះ ប្រភេទកីឡាបាល់ទាត់ថៃប្រជែងបានតំណែងជើងឯក ចំណែកម្ចាស់ផ្ទះវៀតណាមបានត្រឹមជើងឯករងប៉ុណ្ណោះ ។
ឆ្នាំ២០០៣ វៀតណាមបានដាក់កីឡាចំនួន៣២ប្រភេទដែលមានចំនួន៤៤២វិញ្ញាសាឲ្យប្រកួតតែសម្រាប់ស៊ីហ្គេមឆ្នាំ២០២១នេះ ប្រទេសវៀតណាមមានគម្រោងដាក់កីឡាចំនួនពី៣៦ទៅ៤០ប្រភេទឲ្យប្រកួត។ វៀតណាមរំពឹងទុកជាមុនថា ឆ្នាំ២០២១ខាងមុខនេះពានបាល់ទាត់ស៊ីហ្គេមគឺម្ចាស់ផ្ទះជាអ្នកលើកវិញហើយ ។
ប្រភេទកីឡាបាល់ទាត់នេះ កាលពីឆ្នាំ២០០៣វៀតណាមស្ថិតក្នុងពូលជាមួយថៃ ឥណ្ឌូនេស៊ី និងឡាវ ។ លេងក្នុងពូលក្រុមទាំង២នេះ(វៀតណាម និងថៃ)ប្រកួតស្មើគ្នា១ទល់១ ។តែក្នុងជំនួបផ្ដាច់ព្រ័ត្រថៃឈ្នះវឿតណាម២ទល់១ ហើយក្លាយជាក្រុមជើងឯក ឯវៀតណាមបានត្រឹមជើងឯករងប៉ុណ្ណោះ ។
ចំពោះប្រទេសម៉ាឡេស៊ីបានចំណាត់ថ្នាក់លេខ៣ក្នុងខណៈដែលក្រុមប្រទេសមីយ៉ាន់ម៉ារបានចំណាត់ថ្នាក់លេខ៤ ។សម្រាប់លើកនេះវៀតណាមរំពឹងថា ប្រវត្តិសាស្រ្តនឹងប្រែប្រួលព្រោះវៀតណាមត្រៀមខ្លួនរង់ចាំការមកដល់នៃព្រឹត្តិការណ៍បានយ៉ាងល្អ ។សូម្បីតែសព្វថ្ងៃនេះ ក៏វៀតណាមពុំបានរំសាយពីការហ្វឹកហាត់ដែរ ។
ឆ្នាំ២០២១វៀតណាមនឹងធ្វើពិធីបើក២១វិច្ឆិកា និង បិទថ្ងៃទី២ធ្នូ ។ទាំងពិធីបើកទាំងពិធីបិទនឹងធ្វើនៅពហុកីឡដ្ឋានMY Binh Stadium Station ៕