គិតត្រឹមល្ងាច ថ្ងៃទី១២ ខែមិថុនានេះ «ករណីពុលស្រាថ្នាំចិនសែនៅខេត្តបន្ទាយមានជ័យកើនដល់ ៤១ នាក់ក្នុងនោះស្លាប់ ០៧ នាក់

វិទ្យុជាតិកម្ពុុជា៖

គិតត្រឹមល្ងាច ថ្ងៃទី១២ ខែមិថុនានេះ «ករណីពុលស្រាថ្នាំចិនសែយីហោតាំងគួយនៅខេត្តបន្ទាយមានជ័យបានកើនដល់ ៤១ នាក់ក្នុងនោះស្លាប់ ០៧ នាក់ ។

លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងសុខាភិបាលបានអោយដឹងថាអ្នកពុលស្រាថ្នាំចិនសែយីហោតាំងគុយនេះ មានអ្នកពុលចំនួន ៤១ នាក់មានស្រី ៣ នាក់ ក្នុងនោះអ្នកស្លាប់មានចំនួន ៧នាក់សុទ្ធតែជាបុរស។
លោកជំទាវរដ្ឋលេខាធិការបញ្ចាក់ថា អ្នកដែលកំពុងសំរាកនៅមន្ទីរពេទ្យទាំង ៣៤ នាក់នោះមាននៅមន្ទីរពេទ្យខេត្តមង្គលបុរីចំនួន ៩នាក់ មន្ទីរពេទ្យបង្អែក ១៦នាក់ មន្ទីពេទ្យខេត្តសៀមរាបចំនួន ២នាក់ ។ដោយឡែកអ្នកជំងឺម្នាក់ ទៀតដែលបានលាងឈាមនៅមន្ទីរពេទ្យសៀមរាបនោះ គឺមកដល់ពេលនេះមានសុខភាពល្អឡើងវិញហើយ។ចំណែក អ្នកដែលពុលខ្លះទៀតគឺបានដឹងខ្លួន និយាយបាន ហើយអ្នកជំងឺសម្រាកនៅផ្ទះនោះមានចំនួន ៧នាក់ ។
លោកជំទាវបានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋ កុំពិសាស្រាដែលគ្មានប្រភពច្បាស់លាស់ ជាពិសេសការលាយស្រាដែលមិនមានបច្ចេកទេសត្រឹមត្រូវ ដែលវាធ្វើអោយប៉ះពាល់ដល់សុខភាពធ្ងន់ធ្ងរ រហូតទៅដល់មានការបាត់បង់ជីវិតផងដែរ ។

អត្ថបទ ស៉ឹង សុផារី ១២ ០៦ ២០២០