ក្រសួងសេដ្ឋកិច្ចចាប់ផ្តើមអនុវត្តន៍គម្រោងសាច់ប្រាក់ពលកម្មជំហានទី២ឆ្នាំ២០២០ដល់២០២២ នៅខេត្តកំពង់ធំ

វិទ្យុជាតិកម្ពុជា ៖ ស៊ឹង សុផារី ១២.០៦.២០២០៖

 ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានចាប់ផ្តើមអនុវត្តន៍គម្រោងសាច់ប្រាក់ពលកម្មជំហានទី២ឆ្នាំ២០២០ដល់២០២២នៅខេត្តកំពង់ធំ ដើម្បីបន្ថយភាពក្រីក្រ របស់ប្រជាពលរដ្ឋ។
ក្នុងឱកាសចុះពិនិត្យ នឹងប្រកាសជាផ្លូវការបើកការដ្ឋានសាងសង់ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ដោយប្រើប្រាស់គម្រោងសាច់ប្រាក់ពលកម្មជំហាន២ សម្រាប់ឆ្នាំ២០២០ដល់២០២២ ក្នុងខេត្តកំពង់ធំ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានឲ្យដឹងថា គម្រោងសាច់ប្រាក់ពលកម្មសម្រាប់អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជនបទ និងការគាំទ្រកសិករ ជំហានទី ២ សម្រាប់ឆ្នាំ ២០២០-២០២២ នេះ បានបង្កើតឱកាសការងាររយៈពេលខ្លី ដែលនឹងជួយដោះស្រាយជីវភាពបន្ទាន់ក្នុងរយៈពេលខ្លីផង ក៏ដូចជាបង្កើតជាទុនសម្រាប់ការវិនិយោគបន្ត លើរបរកសិកម្មឬមុខរបរសមស្របដទៃទៀតផងដែរ និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធកសិកម្មនិងជនបទ ដែលរួមមានការអភិវឌ្ឍ ផ្លូវលំ ប្រឡាយជើងក្អែបសម្រាប់បង្ហូរទឹកចូលក្នុងស្រែ និងការតភ្ជាប់បណ្ដាញអគ្គិសនីតម្លៃទាប ឱ្យដល់ស្ថានីយបូមទឹកកសិកម្ម ។
ឯកឧត្តមបន្តថា គម្រោងសាច់ប្រាក់ពលកម្មជំហានទី ២ បានបន្ថែមការងារស្ដារនិងអភិរក្សធនធានធម្មជាតិ រួមមានបឹងបួរ អាងស្តុកទឹក និងស្រះស្រោចស្រពដំណាំកសិកម្ម ព្រមទាំងពង្រីកវិសាលភាពគ្របដណ្ដប់លើខេត្តសរុបចំនួន១៨ខេត្ត ខណៈដែលគម្រោងជំហានទី១មាន១២ខេត្ត។
រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចបានបញ្ជាក់ថា គម្រោងនេះក៏នឹងស្រូបយកកម្លំាងពលកម្មដែលបាត់បង់ការងារពីរោងចក្រ-សហគ្រាស និងបានវិលត្រឡប់ពីបរទេសមកស្រុកកំណើតវិញ។ព្រមទំាង រួមចំណែកដល់ការអនុវត្តគោលនយោបាយពង្រឹងភាពប្រកួតប្រជែង និងការធ្វើពិពិធកម្មសេដ្ឋកិច្ច ដើម្បីធានាចីរភាពកំណើនសេដ្ឋកិច្ចជាតិផងដែរ។
សូមបញ្ជាក់ថា គម្រោងសាច់ប្រាក់ពលកម្មជំហានទី២ឆ្នាំ២០២០ដល់២០២២បានអនុវត្តនៅខេត្ត គោលដៅចំនួន១៨ ដោយគ្រោងថវិកាសរុបចំនួន ៤៥១ ប៊ីលានរៀលសម្រាប់រយៈពេល៣ឆ្នាំ ៕