ចាស់ជរាទីទ័លក្រ និងជនពិការ នៅក្នុងឃុំរាម ស្រុកព្រៃនប់ ទទួលអំណោយមនុស្សធម៌ពីក្រុមការងារថ្នាក់ជាតិ

AKP ព្រះសីហនុ ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០

លោក ហេង សុវណ្ណា ក្រុមការងារថ្នាក់ជាតិចុះជួយស្រុកព្រៃនប់ ខេត្តព្រះសីហនុ បាន នាំយកអំណោយមនុស្សធម៌ទៅចែកជូនដល់ចាស់ជរាទីទ័លក្រ និងជនពិការ នៅភូមិស្មាច់ ដែង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ នៅព្រឹកថ្ងៃសុក្រ ៧រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០។

លោក ហេង សុវណ្ណា មានប្រសាសន៍សំណេះសំណាលជាមួយចាស់ជរា និងជនពិការចំនួន៦គ្រួសារថា ដោយមើលឃើញនូវការខ្វះខាតស្បៀងអាហារប្រចាំថ្ងៃ ពិសេសការយក ចិត្តទុកដាក់ពីឯកឧត្ដម សាយ សំអាល់ ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តព្រះសីហនុ បានធ្វើការណែនាំឱ្យសមាជិកក្រុមការងារ ត្រូវបង្កើនការយកចិត្តទុកដាក់អំពីសុខទុក្ខបងប្អូន ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ដែលមានជីវភាពខ្វះខាតស្បៀង ស្របពេលដែលជំងឺ Covid-19 កំពុងរាតត្បាតខ្លាំងនៅទូទាំងពិភពលោក ហើយព្រះរាជាណាចក្រកម្ពុជា ក៏មានការរាតត្បាត ពិសេសខេត្ដព្រះសីហនុ ហើយជំងឺនេះនាំចូលមកពីក្រៅប្រទេស ដែលពិភពលោកមិនទាន់ រកថ្នាំព្យាបាល និងវ៉ាក់សាំងចាក់ការពារបាន។

ក្នុងឱកាសនោះ លោក ហេង សុវណ្ណា ក៏បានធ្វើការណែនាំឱ្យប្រជាពលរដ្ឋដែលមាន ជីវភាពខ្វះខាត ត្រូវជូនដំណឹងមកមេភូមិ មេឃុំ ឬក្រុមប្រឹក្សាឃុំ ដើម្បីយើងមានវិធានការ ជួយសង្គ្រោះបានទាន់ពេលវេលា មិនទុកឱ្យប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយសារតែអត់ អាហារនោះទេ។ ព្រមទាំងធ្វើការណែនាំឱ្យប្រជាពលរដ្ឋអនុវត្តន៍នូវវិធានការរបស់ក្រសួង សុខាភិបាល ថែទាំសុខភាព លាងសម្អាតដៃជាមួយសាប៊ូនឹងទឹកស្អាត ជែល ឬទឹកអាល់កុល ឱ្យបានញឹកញាប់ជាប្រចាំ ប្រសិនបើមានបញ្ហា ត្រូវជូនដំណឹងមកអាជ្ញាធរភូមិ ឃុំ ដើម្បីយើង មានវិធានការឆ្លើយតបបានទាន់ពេលវេលា ម្យ៉ាងទៀតត្រូវនៅឱ្យឆ្ងាយពីមនុស្សចំណូលថ្មី ដើម្បីចៀសវាងការឆ្លងវីរុស Covid-19 ក្នុងសហគមន៍។

លោកបានបន្តថា ការនាំយកអំណោយចែកជូននាពេលនេះ យើងមិនអាចធ្វើទ្រង់ ទ្រាយធំបានទេ គឺធ្វើការជួបជុំក្រោម៥០នាក់ ដែលជាការណែនាំរបស់រាជរដ្ឋាភិបាល ដើម្បីការពារឆ្លងជំងឺ Covid-19 ។

លោក ហេង សុវណ្ណា បានបញ្ជាក់ថា កន្លងមក លោកក៏បាននាំយកអំណោយ មនុស្សធម៌របស់លោកចែកជូនចាស់ជរាគ្មានទីពឹង ប្រជាពលរដ្ឋក្រីក្រ និងជនពិការ ក្នុងស្រុកព្រៃនប់ជាបន្តបន្ទាប់ ប្រមាណជាង៥០នាក់រួចមកហើយ ក្រៅពីនោះក្រុម ការងារថ្នាក់ជាតិ ក៏នាំយកអំណោយមនុស្សធម៌មកចែកជូនប្រជាពលរដ្ឋទីទ័លក្រ ខ្វះខាតស្បៀង ពិសេសចាសជរាគ្មានទីពឹងក្នុងខេត្តព្រះសីហនុជាបន្តបន្ទាប់ ដោយមិនប្រកាន់ វណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយ គឺយើងជួយពួកគាត់ក្នុងនាម ការងារមនុស្សធម៌ និងជាវប្បធម៌នៃការចែករំលែក ។

ដោយឡែកលោក ហោ ជិនហ៊ី សមាជិកក្រុមប្រឹក្សាឃុំរាម ជំនួសឱ្យលោកមេឃុំរាម បានថ្លែងអំណរគុណ លោក ហេង សុវណ្ណា ក្រុមការងារថ្នាក់ជាតិចុះជួយស្រុកព្រៃនប់ តែងតែជួយឧបត្ថម្ភជាគ្រឿងឧបភោគ បរិភោគ និងថវិកាចែកជូនចាស់ជរាទីទ័លក្រគ្មានទីពឹង និងជនពិការ ហើយទឹកចិត្តមនុស្សធម៌មិនអាចបំភ្លេចបាន ដែលលោកបានជួយដល់ប្រជា ពលរដ្ឋ។ តាងនាមជំនួសឱ្យចាស់ជរា និងជនពិការទាំង ៦គ្រួសារ សូមថ្លែងអំណរគុណលោក ដែលបាននាំយកអំណោយឧបត្ថម្ភចែកជូននាពេលនេះ អាចជួយសម្រួលជីវភាពខ្វះខាត ស្បៀងក្នុងគ្រួសារបានមួយរយ:ពេលផងដែរ។

អំណោយដែលផ្ដល់ជូនចាស់ជរាទីទ័លក្រ និងជនពិការទាំង៦គ្រួសារ មក ពីភូមស្មាច់ ដែង ឃុំរាម ស្រុកព្រៃនប់ ក្នុងមួយគ្រួសារទទួលបានអង្ករ ៥០គីឡូក្រាម មី១កេស ទឹកត្រី ១យួ ទឹកស៊ីអ៊ីវ ១យួ ទឹកផ្លែឈើ ១កេស ទឹកសុទ្ធ ៤យួ ប្រេងកូឡា ១ដប ថវិកា៥ម៉ឺនរៀល និងឧបត្ថម្ភសាលាឃុំរាម ថវិកា ២០០,០០០រៀល ប្រជាការពារភូមិ ១៥០,០០០រៀលផងដែរ៕

ដោយ ងូ សុមុនី