អាជ្ញាធរជាតិអប្សរានិងមន្ទីរទេសចរណ៍ខេត្តសៀមរាបសហការគ្នារុះរើសំណង់នៅមុខប្រាសាទអង្គរវត្ត

វិទ្យុជាតិកម្ពុជា៖ លោកចេម ហួត
MC៖ សំណង់អាគារមុខប្រាសាទអង្គរវត្តត្រូវបានរុះរើជាស្ថាពរដោយមានការចូលរួមសហការដោយមន្ទីរទេសចរណ៍ខេត្តសៀមរាប ក្រោមគម្រោងអភិវឌ្ឍន៍របស់អាជ្ញាធរជាតិអប្សរា កាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០។

លោក សឿង ស៊ីថា ប្រធានការិយាល័យទីក្រុងស្អាតនៃមន្ទីរទេសចរណ៍ខេត្តសៀមរាប បានឱ្យដឹងថា នេះជាសំណង់ទី១០ហើយ ដែលត្រូវបានរុះរើដោយស្ម័គ្រចិត្តនិងប្រគល់ទីតាំងជូនអាជ្ញាធរជាតិអប្សរាអភិវឌ្ឍន៍ហេដ្ឋារចនាសម្ពន្ធនិងសម្បទាទេសចរណ៍។
លោកបន្តថា ចំពោះការរុះរើនាពេលនេះ មន្ទីរទេសចរណ៍សប្បាយរីករាយសហការជាមួយអាជ្ញាធរជាតិអប្សរាដើម្បីរួមចំណែកអភិវឌ្ឍន៍ កែលម្អជាសួនច្បារ ដាំដើមឈើ ឱ្យមានការទាក់ទាញទេសចរណ៍មកលេងកាន់តែច្រើនក្នុងតំបន់បេតិកភណ្ឌរបស់កម្ពុជា។
ឯកឧត្តម យិត ចាន់ដារដ្ឋ អគ្គនាយករងអាជ្ញាធរជាតិអប្សរាបញ្ជាក់ថា ការរុះរើសំណង់ទាំងអស់មុខប្រាសាទអង្គរវត្ត គឺមិនត្រូវបានលើកលែងអាគារណាមួយទេ សូម្បីសំណង់របស់អាជ្ញាធរជាតិអប្សរាផ្ទាល់។

ឯកឧត្តម ក្នុងនាមអាជ្ញាធរជាតិអប្សរា សូមថ្លែងអំណរគុណចំពោះកិច្ចសហការដ៏ល្អរបស់ក្រសួងនិងមន្ទីរទេសចរណ៍ខេត្តសៀមរាប ក៏ដូចអាជីវករទាំងអស់ ដែលបានលះបង់ទ្រព្យធនរបស់ខ្លួនក្នុងការបម្រើផលប្រយោជន៍រួម និងស្គាល់ពីតម្លៃអង្គរ ដើម្បីទុកលទ្ធភាពជូនអាជ្ញាធរជាតិអប្សរាអភិវឌ្ឍន៍ទីលានមុខប្រាសាទអង្គរវត្តក្លាយជាទីចាប់អារម្មណ៍បំផុត៕