កូរ៉េខាងជើង៖ សហរដ្ឋអាមេរិកគ្មានជំហរធ្វើអត្ថាធិប្បាយអំពីកិច្ចការអន្តរកូរ៉េទេ

AKP ភ្នំពេញ ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០​ — កាលពីថ្ងៃព្រហស្បតិ៍ ក្រសួងការបរទេសកូរ៉េខាងជើងបានរិះគន់សហរដ្ឋអាមេរិក ដោយបាននិយាយថា សហរដ្ឋអាមេរិកគ្មានជំហរធ្វើអត្ថាធិប្បាយអំពីកិច្ចការផ្ទៃក្នុងរបស់កូរ៉េឡើយ។ កាលពីដើម សប្តាហ៍នេះ ទីក្រុងព្យុងយ៉ាងបានផ្តាច់ទំនាក់ទំនងជាមួយទីក្រុងសេអ៊ូលជុំវិញការចែកចាយការឃោសនាដោយអ្នករត់ចោលជួរនៅភាគខាងត្បូង។

នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលធ្វើឡើងដោយទីភ្នាក់ងារព័ត៌មានកណ្តាលកូរ៉េ (KCNA) ដែលគ្រប់គ្រងដោយរដ្ឋបានឱ្យដឹងថា ទីក្រុងព្យុងយ៉ាងបានបាញ់តបតវិញទៅកាន់ទីក្រុងវ៉ាស៊ីនតោនពីបទពាក់ព័ន្ធនឹងខ្លួននៅក្នុងជម្លោះរបស់កូរ៉េខាងជើងជាមួយកូរ៉េខាងត្បូង។

មួយថ្ងៃមុននេះ អ្នកនាំពាក្យក្រសួងការបរទេសសហរដ្ឋអាមេរិកបានប្រាប់ទីសារព័ត៌មាន Yonhabដែលមានមូលដ្ឋាននៅទីក្រុងសេអ៊ូលថា «សហរដ្ឋអាមេរិកតែងតែគាំទ្រការជឿនលឿនក្នុងទំនាក់ទំនងអន្តរកូរ៉េ ហើយយើងមានការខកចិត្តចំពោះសកម្មភាពថ្មីៗនេះរបស់កូរ៉េខាងជើង។ យើងជំរុញឱ្យប្រទេសកូរ៉េខាងជើងវិលត្រឡប់ទៅរកទំនាក់ទំនងការទូត និងកិច្ចសហប្រតិបត្តិការវិញ»។ អ្នកនាំពាក្យរូបនេះបាននិយាយថា «យើងនៅតែធ្វើការសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយសម្ព័ន្ធមិត្តរបស់យើង គឺសាធារណរដ្ឋកូរ៉េ អំពីកិច្ចខិតខំប្រឹងប្រែងដើម្បីចូលរួមជាមួយកូរ៉េខាងជើង»។

កាលពីថ្ងៃអង្គារ ទីក្រុងព្យុងយ៉ាងបានប្រកាសថា ខ្លួនកំពុងផ្តាច់ទំនាក់ទំនងជាមួយទីក្រុងសេអ៊ូល បន្ទាប់ពីកូរ៉េខាងត្បូងមានការស្ទាក់ស្ទើរក្នុងការបញ្ឈប់អ្នករត់ចោលជួរពីកូរ៉េខាងជើងដែលបានចែកចាយខិត្តប័ណ្ណឃោសនានៅទូទាំងតំបន់គ្មានយោធា (DMZ) ដែលបំបែកប្រទេសទាំងពីរ។

សេចក្តីថ្លែងការណ៍ដែលធ្វើឡើងដោយ KCNA បាននិយាយថា «អាជ្ញាធរកូរ៉េខាងត្បូងបានប្រព្រឹត្ដអំពើអរិភាពប្រឆាំងនឹងកូរ៉េខាងជើង ខណៈដែលព្យាយាមគេចវេះពីការទទួលខុសត្រូវជាមួយនឹងលេសដ៏         អាក្រក់។ សកម្មភាពនេះបានជំរុញឱ្យទំនាក់ទំនងអន្តរកូរ៉េធ្លាក់ចូលក្នុងភាពមហន្តរាយ។ យើងបានឈានដល់ការសន្និដ្ឋានថា មិនចាំបាច់អង្គុយទល់មុខគ្នាជាមួយអាជ្ញាធរកូរ៉េខាងត្បូងទេ ហើយមិនមានបញ្ហាអ្វីត្រូវពិភាក្សាជាមួយពួកគេទេ ព្រោះពួកគេទើបតែបានធ្វើឱ្យយើងស្រងាកចិត្ត»៕

(ប្រភព Sputnik បកប្រែដោយលោក យា ចិន្តាខន្តី)