ចក្រភពអង់គ្លេសសម្លឹងឃើញអំពីសមាជិកភាព នៃកិច្ចព្រមព្រៀង CPTCC និងដៃគូសន្ទនាជាមួយអាស៊ាន

AKP ភ្នំពេញ ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០​ — រដ្ឋលេខាធិការសម្រាប់ពាណិជ្ជកម្មអន្តរជាតិរបស់ចក្រភពអង់គ្លេស លោកស្រី Elizabeth Truss បានបញ្ជាក់ថា ចក្រភពអង់គ្លេសសង្ឃឹមថា នឹងបានចូលរួមក្នុងកិច្ចព្រមព្រៀងដ៏ទូលំទូលាយ និងរីកចម្រើនសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP) ។

លោកស្រីបានធ្វើការកត់សម្គាល់ដូចនេះនៅក្នុងបទសម្ភាសន៍មួយ ជាមួយកាសែត Nikkei Asia Review របស់ជប៉ុន ដោយលោកស្រីបាននិយាយបន្ថែមថា ចក្រភពអង់គ្លេសចង់ចូលរួមក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្មនេះឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។

រដ្ឋលេខាធិការនៃចក្រភពអង់គ្លេសរូបនេះបាននិយាយថា សមាជិកភាពរបស់កិច្ចព្រមព្រៀង CPTPP គឺជាគោលដៅយុទ្ធសាស្ត្ររបស់ចក្រភពអង់គ្លេសនៅពេលធ្វើការជាមួយដៃគូនៅប៉ាស៊ីហ្វិក។

សមាជិកនៃកិច្ចព្រមព្រៀង CPTPP មានចំនួន ១៣ភាគរយនៃសេដ្ឋកិច្ចពិភពលោក និងមួយផ្នែកធំនៃតំបន់អាស៊ីប៉ាស៊ីហ្វិក។

លោកស្រីបាននិយាយថា ចក្រភពអង់គ្លេសក៏ចង់ក្លាយជាដៃគូសន្ទនារបស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ផងដែរ ដោយលោកស្រីបាននិយាយបន្ថែមថា សកម្មភាពនេះនឹងជួយបន្ថែមទៀតសម្រាប់សមាជិកភាពរបស់កិច្ចព្រមព្រៀង CPTPP ។

កិច្ចព្រមព្រៀង CPTPP គឺជាកិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងអូស្រ្តាលី ប្រ៊ុយណេ កាណាដា ឈីលី ជប៉ុន ម៉ាឡេស៊ី ម៉ិកស៊ិកូ ញូហ្សេឡែន ប៉េរូ សិង្ហបុរី និង វៀតណាម៕

(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)