ប្រទេសចិនបន្ទោសចំពោះការហោះហើររបស់យន្តហោះយោធាអាម៉េរិកពីលើកោះតៃវ៉ាន់

AKP ភ្នំពេញ ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០​ — កាលពីថ្ងៃព្រហស្បតិ៍ អ្នកនាំពាក្យចិនដីគោកបានរិះគន់ការហោះហើរដោយយន្តហោះយោធាសហរដ្ឋអាមេរិកពីលើកោះតៃវ៉ាន់កាលពីដើមសប្តាហ៍នេះ ដោយហៅវាថា ជាសកម្មភាពខុសច្បាប់ និងជាការបង្កហេតុធ្ងន់ធ្ងរ។

សេចក្តីរាយការណ៍ពីប្រព័ន្ធផ្សព្វផ្សាយបាននិយាយថា យន្ដហោះដឹកជញ្ជូនធុន C-40A របស់យោធាសហរដ្ឋអាមេរិកបានហោះរំលងកោះតៃវ៉ាន់កាលពីថ្ងៃអង្គារ។

លោកស្រី Zhu Fenglian អ្នកនាំពាក្យការិយាល័យកិច្ចការកោះតៃវ៉ាន់នៃក្រុមប្រឹក្សារដ្ឋបាននិយាយថា ការជ្រុលជ្រួសនេះបានធ្វើឱ្យប៉ះពាល់ដល់អធិបតេយ្យភាព សន្តិសុខ និងការអភិវឌ្ឍរបស់ចិន ព្រមទាំងជាការរំលោភទៅលើច្បាប់អន្តរជាតិ និងបទដ្ឋានមូលដ្ឋានក្នុងការទំនាក់ទំនងអន្តរជាតិផងដែរ។

លោកស្រី Zhu បាននិយាយថា «យើងបង្អាក់ និងប្រឆាំងដាច់ខាតចំពោះទង្វើនេះ»។

លោកស្រី Zhu បានថ្កោលទោសចំពោះការឃុបឃិតគ្នារបស់គណបក្សវឌ្ឍនភាពប្រជាធិបតេយ្យ (DPP) របស់តៃវ៉ាន់ជាមួយកងកម្លាំងខាងក្រៅ នឹងបានបង្ហាញនូវការប្តេជ្ញាចិត្ត ឆន្ទៈ និងសមត្ថភាពក្នុងការការពារអធិបតេយ្យភាព សន្តិសុខ និងផលប្រយោជន៍អភិវឌ្ឍន៍របស់ចិន។

លោកស្រីបានព្រមានគណបក្ស DPP មិនឱ្យបំភាន់ស្ថានភាព និងជំរុញឱ្យបញ្ឈប់ជាបន្ទាន់នូវអំពើខុសឆ្គងទាំងឡាយ៕

(ប្រភព Xinhua បកប្រែដោយលោក យា ចិន្តាខន្តី)