ក្រុមសហភាពអឺរ៉ុបកៀគរថវិកា៤៤៣លានអឺរ៉ូ ដើម្បីជួយកម្ពុជាក្នុងអំឡុងវិបត្តិនៃវីរុសកូរ៉ូណា

វិទ្យុជាតិកម្ពុជា , វ៉ាង ភក្តី ១២ ០៦ ២០២០ ៖

ជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងជាសកល ដើម្បីគាំទ្រដល់បណ្ដាប្រទេសជាដៃគូ ជុំវិញពិភពលោក ក្រុមអឺរ៉ុប កំពុងកៀគរថវិកាចំនួន៤៤៣លានអឺរ៉ូ ជាជំនួយឥតសំណង និង ប្រាក់កម្ចី ដើម្បីអនុវត្តការងារជាមួយប្រទេសកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងការរាតត្បាតជាសកលនៃជំងឺកូវីដ-១៩ ក៏ដូចជាកាត់បន្ថយផលប៉ះពាល់សង្គម សេដ្ឋកិច្ច ដែលបង្កឡើងដោយសារជំងឺនេះ។
លោកជំទាវ Carmen Moreno ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំប្រទេសកម្ពុជា នៅថ្ងៃទី១២ ខែមិថុនានេះ បានបញ្ជាក់ថា ការគាំទ្រដែលដៃគូអឺរ៉ុបផ្ដល់ដល់ប្រទេសកម្ពុជា ផ្ដោតលើអាទិភាពសំខាន់ៗចំនួន៣ ដូចជា៖ការគាំទ្រដល់វិស័យសុខាភិបាល អនុវត្តផែនការសកម្មភាពជាតិស្ដីពីការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ និងពង្រឹងប្រព័ន្ធសុខាភិបាល ពង្រឹងការអនុវត្តផ្ដោតលើអាហារូបត្ថម្ភ អានាម័យផ្ទាល់ខ្លួន ការទទួលបានទឹកស្អាត និងអនាម័យបរិស្ថាន មុខរបរចិញ្ចឹមជីវិត និងសន្តិសុខស្បៀង ការស្ដារខឿនសេដ្ឋកិច្ច និងការបង្កើតការងារ ដើម្បីឲ្យកាន់តែឆ្លើយតបចំពោះតម្រូវការដែលកើតមានក្នុងអំឡុងពេលនៃការរាតត្បាតជាសកលនេះ។
លោកជំទាវ បានថ្លែងថា «ក្រុមអឺរ៉ុបរួមគ្នាឈរជាមួយកម្ពុជាក្នុងពេលវេលាដ៏សែនពិបាកនៃជំងឺរាតត្បាតកូវីដ-១៩ជាសកល។ យើងត្រូវធ្វើការងាររួមគ្នា ដើម្បីធានាឲ្យមានការស្ដារសេដ្ឋកិច្ចឡើងវិញ ប្រកបដោយចីរភាព និងរឹងមាំ ក៏ដូចជា ជួយកាត់បន្ថយផលប៉ះពាល់ដែលការរាតត្បាតជាសកលនេះបង្កលើជីវិតមនុស្ស ការងារ និងជីវភាពរស់នៅរបស់ពួកគេ។ ដើម្បីសម្រេចគោលដៅនេះ យើងប្រើប្រាស់ធនធានរបស់យើងរួមគ្នា និងចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែងនានា ជាមួយនឹងរដ្ឋាភិបាល ក៏ដូចជាប្រជាពលរដ្ឋកម្ពុជា ដើម្បីឆ្លើយតបចំពោះបញ្ហាប្រឈមជាសកលនេះ»។
សូមបញ្ជាក់ថា ការគាំទ្រក្នុងទឹកប្រាក់ចំនួន៤៤៣លានអឺរ៉ូ ឬស្មើនឹង៤៨៣លានដុល្លារអាមេរិកនេះ គឺជាការបញ្ចូលគ្នានូវថវិកាវិភាជន៍ថ្មី តាមកម្មវិធីថវិកាដែលត្រូវបានបង្វែរទិសដៅ តាមរយៈស្ថាប័នរាជរដ្ឋាភិបាល និងអង្គការជាដៃគូ ដែលក្នុងនោះរួមមានអង្គការសង្គមស៊ីវិលផងដែរ៕